ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៨ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨៥ ប៊ីលានដុល្លារនេះបើគិតត្រឹមខែកក្កដាឆ្នាំ ២០២២។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុនរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយមានការចូលរួមពីតំណាងវិនិយោគិនជប៉ុនក្នុងវិស័យចំណីអាហារអេឡិចត្រូនិកសុខាភិបាលឡូជីស្ទិកធនាគារសំណង់និងអចលនទ្រព្យកាលពីថ្ងៃទី ៣០ខែសីហាលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងប្រាប់តំណាងវិនិយោគិនជប៉ុនអំពីអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២១ ដែលបានបើកកិច្ចសម្របសម្រួលការធានា និងការការពារការលើកទឹកចិត្ត និងការថែទាំវិនិយោគ។ លោកបានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថាច្បាប់ស្តីពីវិនិយោគថ្មីនេះបានបង្ហាញឱ្យឃើញច្បាស់ពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងទាក់ទាញវិនិយោគបន្ថែមប្រកបដោយគុណភាព ដើម្បីចូលរួមឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែចង្វាក់តម្លៃតំបន់ និងសកលតាមរយៈយុទ្ធសាស្ត្របូកមួយ»។
លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានឱ្យដឹងថាគោលបំណងនៃគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះគឺ ដើម្បីផ្តល់ឱកាសដល់គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់ និងឃើញអំពីស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំង ២ កម្ពុជា-ជប៉ុន ជាពិសេសការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជាលើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនជប៉ុនឱ្យពិចារណាក្នុងការប្រកបអាជីវកម្ម និងវិនិយោគនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យនិងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន»។
នៅក្នុងជំនួបជាមួយប្រតិភូវិនិយោគិនជប៉ុនរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាលពីថ្ងៃ ៣០ សីហា នេះដែរលោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា JETRO គឺជាដៃគូដ៏ល្អមួយរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគដោយតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងគោលដៅជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។
លោកបានបញ្ជាក់ថា៖ « កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជារបស់ក្រសួងពាណិជ្ជកម្មនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុនដែលបានដាក់សម្ពោធជាផ្លូវការកាលពីខែមីនាឆ្នាំ ២០២២ កន្លងទៅគឺជាស្ពាន និងជាកន្លែង សម្រាប់ពាណិជ្ជករវិនិយោគិនជប៉ុនក៏ដូចជាសាធារណជនទូទៅមកសាកសួរព័ត៌មានបន្ថែមអំពីច្បាប់បញ្ញត្តិ និងចម្ងល់នានា ដើម្បីមានមូលដ្នានមុនសម្រេចចិត្តធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសទាំង ២ ហើយក៏មជ្ឈមណ្ឌលតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជាផងដែរ»។
ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជាសភាពាណិជ្ជកម្មកម្ពុជាជាមួយ JETRO នៅថ្ងៃទី ៣០ ខែសីហាដដែលនោះត្រូវបានលោកលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ឱ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) មកកាន់កម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺបានទៅដល់តំបន់សេដ្ឋកិច្ចពិសេសនានា និងទៅកាន់តំបន់មួយចំនួនដូចជាព្រះសីហនុសៀមរាបប៉ោយប៉ែតបាវិតរួមទាំងកន្លែងជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគនៅតាមតំបន់ទាំងនោះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ក្រោយពីយើងមានកិច្ចព្រមព្រៀងជាមួយគ្នាលើកិច្ចសហប្រតិបត្តិការវិនិយោគនិងសេដ្ឋកិច្ចមកស្ថាប័នយើងទាំង ២ បានសហការគ្នាបានល្អ ជាពិសេសផ្សព្វផ្សាយការវិនិយោគរួមគ្នាកម្ពុជា-ជប៉ុន។ យើងរំពឹងថាក្រោយដំណើរទស្សនកិច្ចរបស់ JETRO នៅកម្ពុជាយើងនឹងទទួលបានអ្នកវិនិយោគមកពីជប៉ុនបន្ថែមទៀត»។
ក្នុងជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យរវាងធនាគារអេស៊ីលីដា និងសភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា (JBAC) នៅប្រទេសកម្ពុជាកាលថ្ងៃទី ២៦ ខែសីហាលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបាននិយាយថាបានបញ្ជាក់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ការអភិវឌ្ឍព្រលានយន្តហោះថ្មី និងសក្តានុពលរបស់កម្ពុជាក្នុងវិស័យសំខាន់ៗ ដោយស្វែងរកការត្រួសត្រាយផ្លូវ សម្រាប់អ្នកវិនិយោគថ្មីៗចូលមក ជាពិសេសវិនិយោគិនជប៉ុន។
លោក ចាន់នី បាននបញ្ជាក់ថា៖ « ទោះបីជាអ្នកវិនិយោគជប៉ុនបានលើកឡើងពីការព្រួយបារម្ភអំពីអតិផរណាក៏ដោយតួលេខកើនឡើងនៅឆ្នាំនេះនៅតែទាបជាងអ្វីដែលបានឃើញក្នុងឆ្នាំ ២០០៨ ហើយរាជរដ្ឋាភិបាលមានវិធានការគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ»។
បើតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ ៧០០ លានដុល្លារក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ ០៩៣ លានដុល្លាអាមេរិក ខណៈដែលជប៉ុននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៦០៧ លានដុល្លាមេរិក។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានផលិតផលដូចជាសម្លៀកបំពាក់ស្បែកជើងកាបូបនិងផលិតផលផ្សេងៗទៀត៕