ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ធ្វើទស្សនកិច្ចសិក្សាជាលើកទី២ នៅអង្គទូតបរទេសចំនួន ១៧ ដែលមានិវេសនដ្ឋាននៅប្រទេសថៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២២ មកកាន់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តការទូតសេដ្ឋកិច្ច ក៏ដូចជា អនុញ្ញាតឱ្យមន្ត្រីការទូតស្វែងរកឱកាស វិនិយោគនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៣១ ខែសីហា បានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះក៏បានរៀបចំសិក្ខាសាលាសម្រាប់ស្ថាប័នការទូតបរទេស ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែសីហាថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមទស្សនាប្រាសាទល្បីៗក្នុងតំបន់ឧទ្យានអង្គរ ដូចជា ប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី។..ល។
លោកថ្លែងថា៖ «អង្គទូតទាំងអស់នឹងទទួលបានបទពិសោធដំណើរកម្សាន្តទីក្រុង និងទីផ្សារសហគមន៍ ព្រមទាំងរីករាយជាមួយការសម្តែងវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ និងទស្សនាកន្លែងនានាដូចជាសួនបៃតងអង្គរជាដើម។ ពួកគេក៏នឹងមើលឃើញពីការតភ្ជាប់រវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យផងដែរ»។
លោកបានបន្ថែមថា៖ «នេះគឺជាដំណើរទស្សនកិច្ចសិក្សាដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមន្ត្រីការទូតទាំងនោះស្វែងយល់បន្ថែមអំពីឱកាសវិនិយោគរបស់យើងដើម្បីពួកគេជូនដំណឹងដល់វិនិយោគិន របស់ពួកគេមកធ្វើអាជីវកម្ម ឬវិនិយោគនៅក្នុងប្រទេសរបស់យើង»។
លោកបន្តថា ជាមួយគ្នានេះ មន្ដ្រីការទូតទាំងនោះ នឹងយល់ដឹងកាន់តែច្បាស់អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន។
ស្ថានទូតទាំងនោះមានដូចជា អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កូឡុំប៊ី អេហ្ស៊ីប ហ្វាំងឡង់ ឥណ្ឌូនេស៊ី ហ្គាតេម៉ាឡា សាធារណរដ្ឋកូរ៉េ ម៉ាល់ឌីវ ម៉ិកស៊ិក នេប៉ាល់ នូវែលសេឡង់ ប៉ូឡូញ អាហ្វ្រិកខាងត្បូង និងប្រទេសថៃ។ ក្នុងឆមាសទី១ ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់សរុប ២ ២៩៧,១ លានដុល្លារ កើនឡើង ២២,៨ ភាគរយ បើធៀបឆមាសទី១ ឆ្នាំ ២០២១ ក្នុងនោះការនាំចូលពីថៃមានតម្លៃជាង ១ ៨០១ លានដុល្លារ កើន ១៩,៥ ភាគរយ និងការនាំចេញពីកម្ពុជាមានតម្លៃជិត ៤៩៦ លានដុល្លារ កើន ៣៦,៧ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕