ភ្នំពេញៈ គម្រោងវិនិយោគចម្រុះចំនួន ៥ ដែលមានទុនវិនិយោគសរុប ៨២,៧ លានដុល្លារ និងបង្កើតការងារបាន ១ ៩១៨ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនៅកម្ពុជា ដែលក្នុងនោះមាន ២ ស្ថិតក្នុងខេត្តកណ្តាល។
យោងតាម CDC កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឱ្យដឹងថា យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ
ឱ្យក្រុមហ៊ុនចំនួន ៥ រួមមាន គម្រោងអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលស្ថិតនៅក្រុងកែប ខេត្តកែប របស់ក្រុមហ៊ុន Samanea មានទុនវិនិយោគ ១៨,២ លានដុល្លារ អាចបង្កើតការងារបាន ៦០ កន្លែង, គម្រោងវិនិយោគអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន Late Cheng Mining Development នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ មានទុនវិនិយោគ ១៣ លានដុល្លារ បង្កើតការងារបាន ៣០០ កន្លែង, និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ របស់ក្រុមហ៊ុន Hen Jiu Garment Accessory នៅខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,១ លានដុល្លារ និងបង្កើតការងារបាន ៤៦៣ កន្លែង។
ចំណែកគម្រោង ២ ទៀតគឺស្ថិតក្នុងខេត្តកណ្តាល រួមមាន គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា របស់ក្រុមហ៊ុន Kitatsu Solar (Cambodia) Co., Ltdនៅស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគ ២៣,៤ លានដុល្លារអាចបង្កើតការងារ ៦៣៧ កន្លែង និងគម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០ គ្រែ របស់ Khemunik Hospital Co., Ltd នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមទុនវិនិយោគ ២៣ លានដុល្លារ និងបង្កើតការងារបាន ៤៥៨ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១ ខែកញ្ញា ថា កត្តាទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយ ចំនួនប្រជាជនវ័យក្មេងច្រើន និងការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នៃច្បាប់វិនិយោគដើម្បីឱ្យមានភាពងាយស្រួលសម្រាប់វិនិយោគិន បានធ្វើឱ្យអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសកាន់តែច្រើនសម្រេចបញ្ចេញទុនវិនិយោគនៅកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជាពិសេសសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកបន្ថែមថា ក្រៅពីលក្ខណៈអំណោយផលខាងលើ កម្ពុជាក៏ជាប្រទេសដែលកំពុងទទួលបានប្រព័ន្ធអនុគ្រោះច្រើនសម្រាប់ការនាំទំនិញទៅកាន់ទីផ្សារធំៗនៅលើពិភពលោក ជាពិសេសប្រទេសអាមេរិក និងប្រទេសចិនជាដើម។
លោកបានលើកឡើងថា៖ «កំណើនការវិនិយោគថ្មីៗបញ្ជាក់ថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់បណ្តាក់ទុន ព្រោះក្រៅពីមានទីផ្សារនាំចេញធំទូលាយ និងគុណភាពផលិតមានកម្រិតស្តង់ដា អ្នកវិនិយោគក៏អាចទទួលបានអត្ថប្រយោជន៍ច្រើនផងដែរ។ បច្ចុប្បន្នកម្ពុជាបាននិងកំពុងក្លាយជាមូលដ្ឋាននៃការផលិតទំនិញដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ដោយមិនមែនសុទ្ធតែផលិតផលវាយនភណ្ឌស្ទើរទាំងស្រុងដូចមុនទៀតឡើយ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានអះអាងថា នៅពេលមានការស្នើសុំ និងការអនុម័តឱ្យវិនិយោគកាន់តែច្រើន វាជាការល្អសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ គឺគម្រោងដែលបានអនុម័តនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គឺមានលក្ខណៈចម្រុះស្ទើរគ្រប់វិស័យ ហើយមួយចំនួនមិនមែនជាប្រភេទអតិពលកម្មទៀតទេ ប៉ុន្តែជាគម្រោងវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងជាប្រទេសឧស្សាហកម្ម ដូចជារោងចក្រដំឡើងរថយន្ត ជាដើម។
លោកបានបញ្ជាក់ថា៖ «ការមកដល់នៃប្រភេទរោងចក្រ/សហគ្រាសបែបនេះ នឹងជួយធ្វើឱ្យមូលដ្ឋានគ្រឹះដែលជាចន្ទល់សេដ្ឋកិច្ចកម្ពុជាកាន់តែមានលំនឹង ហើយសមត្ថភាព ចំណេះដឹង និងបច្ចេកទេសរបស់កម្លាំងពលកម្មកម្ពុជាក៏កាន់តែរីកចម្រើនផងដែរ»។
យោងតាម CDC ក្នុងខែសីហា ឆ្នាំ ២០២២ CDC បានអនុម័តលើគម្រោងវិនិយោគសរុប ១៧ ដែលមានទុនវិនិយោគ ១៤១,៧២ លានដុល្លារ និងបង្កើតការងារបាន ១១ ១៩៧ កន្លែង៕