ភ្នំពេញៈ ការងើបឡើងផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាបញ្ចេញប្រាក់ប្រមាណជាង ២១៥ លានដុល្លារ នៅក្នុងរយៈពេល ៧ ខែដើម ឆ្នាំ ២០២២ ទៅលើការនាំ ចូលដែក និងដែកថែប ដែលចំនួននេះកើនជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ពីក្រៅប្រទេសនៅក្នុងទឹកប្រាក់សរុប ២១៥,២៦ លានដុល្លារ កើន ២០,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ១៧៩,១៨ លានដុល្លារ។ ទឹកប្រាក់ការនាំចូលនេះ គឺស្មើនឹង ១,១ ភាគរយនៃចំនួនទឹកប្រាក់នាំចូលទំនិញសរុបរបស់កម្ពុជា ចំនួន ១៩ ០៥១,៣៣ លានដុល្លារ។ ទោះយ៉ាងណាអគ្គនាយកដ្ឋានគយ មិនបានបង្ហាញពីបរិមាណនៃការនាំចូលដែក និងដែកថែប ឡើយ។
ដោយឡែកក្នុងខែកក្កដា ឆ្នាំ២០២២ ទឹកប្រាក់នាំចូលដែក និងដែកថែប មាន ២៩,៤៩ លានដុល្លារកើន២០,៦ ភាគរយធៀបខែកក្កដា ឆ្នាំ ២០២១ ដែលមាន ២៤,៤៦ លានដុល្លារ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែកញ្ញាថា បន្ទាប់ពីបានស្ងប់ស្ងាត់ប្រមាណ ២ ឆ្នាំវិស័យសំណង់នៅកម្ពុជាចាប់ផ្តើមមានដំណើរការល្អឡើងវិញបណ្តើរៗហើយ ដោយក្រៅពីសកម្មភាពតាមការដ្ឋានសំណង់ បច្ចុប្បន្នចំនួននៃការបណ្តាក់ទុនវិនិយោគលើការសាងសង់ថ្មីៗក៏ចាប់ផ្តើមកម្រើកឡើងវិញខ្លះៗដែរ។ កំណើនការនាំចូលដែក និងដែកថែប ក៏ដូចជាគ្រឿងសំណង់ផ្សេងៗនៅពេលនេះគឺបណ្តាលមកពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជា និងការចាប់ផ្តើមបង្កើនល្បឿនសាងសង់គម្រោងមួយ-ចំនួនដែលផ្អាក ឬកាត់បន្ថយល្បឿនសាងសង់នាពេលកន្លងមក។
លោកបញ្ជាក់ថា៖«ទឹកប្រាក់ការនាំចូលដែក និងដែកថែប គឺទាក់ទងនឹងសកម្មភាពសាងសង់ ដូច្នេះចំនួននាំចូលនេះនឹងកើនថែមទៀតនៅពេលខាងមុខ ខណៈការបើកដំណើរការសេដ្ឋកិច្ចរបស់ប្រទេសនានាលើពិភពលោកក៏កាន់តែល្អជាងមុនដែរ»។
សម្រាប់ទីផ្សារអចលនទ្រព្យ លោកប្រធានសមាគមអចលនទ្រព្យសកល បានអះអាងថា ការទិញលក់អចលនទ្រព្យនៅមិនទាន់មមាញឹកដូចនៅមុនពេលមានវិបត្តិកូវីដ១៩ទេ ដោយវាកើនឡើងក្នុងទម្រង់ជាអក្សរ«V»។
ផ្ទុយពីការលើកឡើងខាងលើ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននិយាយថា សកម្មភាពសាងសង់ពេលនេះមិនទាន់ល្អទេ ដោយសារមូលហេតុចម្បងៗមួយចំនួនដូចជា ការបន្តអូសបន្លាយការឆ្លងរាលដាលជំងឺកូវីដ ១៩ វិបត្តិនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ហាវិបត្តិនយោបាយសកលនៅកោះតៃវ៉ាន់ជាដើម។ លោកបន្ថែមថា បើស្ថានភាពអន្តរជាតិនៅបន្តបែបនេះ គឺវិស័យសំណង់នៅកម្ពុជានឹងបន្តនៅទ្រឹងយូរទៀត ខណៈអ្វីដែលមាននៅពេលនេះ គឺគ្រាន់តែជាការបន្តសកម្មភាពចាស់ៗដែលមានពីមុនមកតែប៉ុណ្ណោះ។
លោកអះអាងថា៖«បញ្ហាទាំងអស់នេះកំពុងធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់ និងកំណើនសេដ្ឋកិច្ចពិភពលោក។ អ្វីដែលជះឥទ្ធិពលដល់វិស័យសាងសង់នៅកម្ពុជា គឺភាគច្រើនទៅលើប្រភេទអគារខុនដូជាដើម»។
ទាក់ទងទៅនឹងទីផ្សារតម្លៃដែក ក្នុងវិស័យសំណង់ លោក វណ្ណា បានអះអាងថា៖ «ទោះបីតម្លៃដែកក្នុងវិស័យសំណង់ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ បានកើនប្រមាណពី ២០-៣០ ភាគរយ ប៉ុន្តែវាបានធ្លាក់ចុះវិញក្នុងត្រីមាសទី២ ។ ជារួមតម្លៃដែកក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ គឺប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាឆ្នាំមុន»។
បើតាមលោក វណ្ណា ដែកប្រើប្រាស់ក្នុងវិស័យសាងសង់ដែលកម្ពុជានាំចូល គឺមានមកពីប្រទេសវៀតណាម ថៃ និងចិន ជាដើម។
កាលពីខែធ្នូ ២០២០ មានរោងចក្រផលិតដែកថែបមួយរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលអាចមានសមត្ថភាពផលិតបាន ៥០ ម៉ឺនតោន ក្នុងដំណាក់កាលដំបូង៕