ភ្នំពេញៈ ក្រុមហ៊ុន Westline Education Group Co., Ltd (WEG) ​នឹង​ក្លាយជា​ក្រុមហ៊ុន​មកពី​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​ដែល​គ្រោង​នឹង​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​ក្នុងការ​កៀរគរ​មូលនិធិ​ ដើម្បី​ពង្រីក​សាខា​សាលា​ទៅកាន់​មូលដ្ឋាន​ខេត្ត ស្រុក និង​ភូមិ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ WEG បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​ធ្លាប់​បាន​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ឧត្តមភាព​លើក​ទី​១ របស់​និយតករ​មូលបត្រ​កម្ពុជា​ថា ជា​ក្រុមហ៊ុន​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ត្រៀមខ្លួន​បន្ថែម​ទៀត​សំដៅ​ធ្វើ​យ៉ាងណា​ពេលដែល​បោះផ្សាយ​លក់​មូលបត្រ​ទៅ​ទទួល​បាន​ការគាំទ្រ​ពី​វិនិយោគិន​សាធារណៈ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

លោក​ថ្លែងថា​៖ «​តាមពិតទៅ​យើង​បាន​រៀបចំ​ខ្លួន​រួចហើយ ប៉ុន្តែ​យើង​ត្រូវការ​ពេល​បន្តិចទៀត​ ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​យើង​កាន់តែ​ធំ​ទៀត និង​ទទួល​បាន​ការទុកចិត្ត​កាន់តែ​ច្រើន​ពី​សាធារណជន​។ យើង​មាន​ផែនការ​ធ្វើការ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារ​កំណើន​នាពេល​ខាងមុខ​»​។

អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា លោក ស៊ូ សុជាតិ បាន​លើកឡើង​ថា Westline គឺជា​ក្រុមហ៊ុន​មាន​សក្តានុពល​មួយ​ដែល​បាន​ត្រៀម​ខ្លួន​ក្នុង​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅ​ទីផ្សារ​កំណើន​នាពេល​ខាងមុខ​នៅក្នុង​គោលបំណង​ទាញយក​មូលធន​ពី​ផ្សារមូលបត្រ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «Westline គាត់​ចង់​ធ្វើ​ពិពិធកម្ម​ប្រភព​ហិរញ្ញវត្ថុ ដោយសារ​តែ​គាត់​ធ្លាប់​ទទួល​ការបណ្តាក់ទុន​ពី​ខាងក្រៅ ប៉ុន្តែ​គាត់​ចង់​ធ្វើ​ពិពិធកម្ម​នៅ​ប្រភព​ទុន​ពី​ផ្សារ​មូលបត្រ​ ដើម្បី​បង្កើន​ទំនុកចិត្ត​ដែល​អាច​អនុញ្ញាត​ឱ្យ​គាត់​ចាប់​ដៃគូ​កាន់តែ​ច្រើន​ថែមទៀត​ក្នុង​ការអភិវឌ្ឍ​សាលា​របស់គាត់​»​។

បើ​យោងតាម​លោក សុជាតិ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​អភិបាលកិច្ច និង​បញ្ជី​ហិរញ្ញវត្ថុ​នានា​ឱ្យ​អនុលោម​ទៅតាម​លក្ខខណ្ឌ​តម្រូវ​។

បើតាម​លោក ប៉ូលែន ទុន ​ដែល​ក្រុមហ៊ុន​លោក​កៀរគរ​ពី​ផ្សារ​មូលបត្រ​នេះ​នឹង​យកទៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​តាមរយៈ​ការពង្រីក​សាខា​បន្ថែម​តាម​ស្រុក និង​ភូមិ​នានា​ក្នុង​ប្រទេស​កម្ពុជា​សំដៅ​ចូលរួម​ចំណែក​ផ្តល់​ការអប់រំ​ដែលមាន​ស្តង់ដា​ល្អ​ដល់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​យើង​បោះផ្សាយ​មូលបត្រ​នេះ​គឺ​ចង់ឱ្យ​សាធារណជន ជាពិសេស​បងប្អូន​ដែលជា​អាណាព្យាបាល​សិស្ស​អាចមាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​ជា​ម្ចាស់​នៅ​សាលា​យើង និង​យើង​ក៏មាន​លទ្ធភាព​បន្ថែម​ ដើម្បី​យក​មូលនិធិ​នេះ​ទៅ​ពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​ធំ​បន្ថែមទៀត​»​។

ក្រុមហ៊ុន WEG បាន​ចាប់ផ្តើម​អាជីវកម្ម​ដោយ​បើក​ជា​សាលាបង្រៀន​ដំបូង​នៅក្នុង​ឆ្នាំ​ ២០០៨ ហើយ​ក្រុមហ៊ុន​ចាប់ផ្តើម​ពង្រីក​សាខា​របស់ខ្លួន​ចាប់ពី​ឆ្នាំ​ ២០១៧ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​៕