​ភ្នំពេញៈ ប្រតិភូ​អង្គទូត​ជិត​ ២០ ​ប្រទេស ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​សរសើរ​ពី​ការអភិវឌ្ឍ​ខេត្ត​ចំនួន​ ២ ​គឺ​ខេត្ត​បន្ទាយមានជ័យ​​ និង​សៀមរាប​ដែល​សម្បូរ​ទៅដោយ​មុខម្ហូប​ឆ្ងាញ់ និង​ជា​តំបន់​ដែល​ទាក់ទង​នឹង​ឧទ្យាន​បុរាណ​អង្គរ​ជាដើម​។ នេះ​បើតាម​​ខ្លឹមសារ​នៃ​​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២២ របស់​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដែលជា​អ្នករៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ​។​

​គួរ​បញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​ទី​ ២ របស់​អង្គទូត​បរទេស​និង​ក្រុមគ្រួសារ​ពី​ប្រទេស​ថៃ​ទៅកាន់​ខេត្ត​ទាំង ២ ក្នុង​រយៈពេល​ ៣ ​យប់ ៤ ​ថ្ងៃ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក​និង​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច​នៃ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ព្រមទាំង​អន្តរក្រសួង​/​ស្ថាប័ន​។​

​លោក​ អ៊ូ​ក ​សោ​ភ័​ណ្ឌ​ ឯកអង្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​មាន​អង្គទូត​ ១៩ ​ប្រទេស ដែល​តំណាងឱ្យ​ស្ទើរ​គ្រប់​ទ្វីប​បាន​ចូលរួម​​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការទូត​សេដ្ឋកិច្ច​ ដែល​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ដូចជា​ ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រសួងពាណិជ្ជកម្ម​ក្រសួង​ទេសចរណ៍ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដោយមាន​តំណាង​ពី​ក្រសួង​ស្ថាប័ន​នីមួយៗ ធ្វើ​បទ​បង្ហាញ​អំពី​សក្ដានុពល​របស់​ស្ថាប័នទាំង​នោះ​ផងដែរ​។​

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ អ៊ូក​ សោភ័​ណ្ឌ​មាន​បំណង​លើក​កម្ពស់​មុខមាត់ និង​ផ្សព្វផ្សាយ​ការទូត​សេដ្ឋកិច្ច (​ទេសចរណ៍​វិនិយោគ​ពាណិជ្ជកម្ម​ និង​វប្បធម៌​) កម្ពុជា​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ និង​ការស្តារ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យមក​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រោយ​វិបត្តិ​ជំងឺ កូ​វីដ​ ១៩ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រាសាទបាយ័ន​លោក WaldemarDubaniowski ​ឯកអគ្គរដ្ឋទូត​ប៉ូឡូញ​ប្រចាំ​ប្រទេស​ថៃ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិត​ជា​មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ដែល​បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ហើយ​បានដឹង​និង​ឃើញ​ផ្ទាល់​អំពី​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់ៗ និង​កា​រីកចម្រើន​របស់​កម្ពុ​ជាពិសេស​បានមក​ដល់​ទឹកដី​អង្គរ​ខេត្តសៀមរាប​ដោយបាន​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ ដែលជា​សក្ដានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា ។

​លោក ​ទូត​ ប៉ូឡូញ ​បាន​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ ហើយ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ ចំពោះ​ប្រតិភូ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ការវិនិយោគ​កាន់តែច្រើន​ ដែល​នឹង​ជួយ​ឱ្យ​កំណើន​សេដ្ឋ​កិច្ចកាន់តែ​ខ្ពស់​ថែមទៀត​៕