ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងធ្វើការបោះផ្សាយមូលបត្ររដ្ឋលើកទី ១ ជាផ្លូវការនៅក្នុងថ្ងៃពុធនេះ ដើម្បីកៀរគរមូលនិធិប្រមាណ ១០០ ពាន់លានរៀល ឬប្រហាក់ប្រហែល ២៥ លានដុល្លារ ក្នុងផែនការបោះផ្សាយឱ្យបាន ៣០០ លានដុល្លារ ខណៈអ្នកជំនាញអះអាងថា ការបោះផ្សាយមូលបត្ររដ្ឋនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមានលទ្ធភាពបន្ថែមទៀតក្នុងការប្រមូលមូលនិធិ ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់ NBC ចុះថ្ងៃទី ៥ ខែកញ្ញាបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាសូមជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យជ្រាបថា ការដេញថ្លៃមូលបត្ររដ្ឋលើកទី ១ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ៧ ខែកញ្ញា តាមរយៈផ្លេតហ្វមរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ចាប់ពីម៉ោង ៨ ព្រឹកដល់ ២ រសៀល។ សម្រាប់មូលបត្ររដ្ឋនេះមានតម្លៃចារឹកចំនួន ១ លានរៀល (២៥០ ដុល្លារក្នុង ១ បណ្ណ ហើយវិនិយោគិនដែលទិញមូលបត្រនេះនឹងទទួលបានអត្រាការប្រាក់ ២ ភាគរយថេរក្នុង ១ ឆ្នាំ ដែលនឹងទូទាត់ឱ្យក្នុងរយៈពេល ៦ ខែម្តង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈធនាគារជាតិនៃកម្ពុជាជាអាណត្តិគាហកនឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងទំហំ ១ ២១៩ ៥០០ លានរៀល (មួយទ្រីលានពីររយដប់ប្រាំបួនប្រាំរយលានរៀល) សមមូលនឹងប្រមាណ ៣០០ លានដុល្លារ ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ តទៅ។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនមូលបត្រ CSX បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថ្មីៗនេះថា នៅពេលរៀបចំដំណើរការទីផ្សារដំបូងធ្លាប់មានគម្រោងចាប់ផ្តើមជាមួយនឹងទីផ្សារមូលបត្របំណុលរដ្ឋ ដោយសារតែវាងាយក្នុងការបោះផ្សាយ និងមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនធំ។ ប៉ុន្តែដោយសារក្របខ័ណ្ឌបទប្បញ្ញតិ្តផ្សេងៗ ដែលធ្វើឱ្យរដ្ឋាភិបាលមិនទាន់អាចបោះផ្សាយមូលបត្របាន ទើបងាកមកចាប់ផ្តើមជាមួយនឹងភាគហ៊ុនវិញ។
លោកបន្តថា មូលបត្ររដ្ឋនេះនៅតែមានតម្រូវការពីវិនិយោគិនធំទាំងក្នុង និងក្រៅប្រទេស ក្នុងការស្វែងរកឱកាសវិនិយោគ ដូចជា ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ មូលនិធិសន្តិសុខសង្គមជាតិ និងធនាគារជាដើម ដោយស្ថាប័នទាំងនេះ ត្រូវការវិនិយោគលើប្រភេទមូលបត្រណាមានសុវត្ថិភាពខ្ពស់ និងបានអត្រាការប្រាក់សមរម្យ។
លោកថ្លែងថា៖ «ការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនៅខែក្រោយនេះ (ខែកញ្ញា) យើងរំពឹងថា នឹងអាចទាក់ទាញវិនិយោគិនដែលខ្វះខាតនៅលើទីផ្សារយើងកន្លងមកគឺវិនិយោគិនជាស្ថាប័នទាំងក្នុង និងក្រៅស្រុក»។
ក្នុងសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែឧសភា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា ការបោះផ្សាយមូលបត្ររដ្ឋ នឹងធ្វើឱ្យរដ្ឋប្រមូលមូលនិធិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបញ្ជាក់ថា៖ «មូលបត្របំណុលរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងមានប្រជាប្រិយភាពនៅលើទីផ្សារមូលបត្រកម្ពុជា ហើយនិងផ្តល់នូវទិន្នន័យគោលសម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុ ដូចដែលបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្រដែលកំពុងរីកចម្រើន»៕