ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំណាងរាជរដ្ឋាភិបានជប៉ុន ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្តាទីភ្នាក់ងារក្រុមហ៊ុនជប៉ុនជាច្រើនបានជួបប្រជុំគ្នាជាលើកទី២៤ នៃ «គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន» ក្នុងន័យដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC និងលោកMasahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាព្រមទាំងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត។
លោក សុខ ចិន្តាសោភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញនិងការការពារវិនិយោគដែលត្រូវបានចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០០៧។
ក្នុងស្មារតីរួមគ្នាកែលម្អនិងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះបានផ្ដល់នូវឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានាជូនភាគីរាជរដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយ និងដាក់ចេញនូវដំណោះស្រាយផ្សេងៗ។
លោក Masahiro MIKAMI ក៏បានសម្តែងនូវការអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់នូវច្បាប់វិនិយោគថ្មី ហើយថ្លែងការកោតសរសើរ និងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុនដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិនគ្រប់រូប។
បន្ថែមលើនោះ លោកប្រធានសមាគម JBAC ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ។
បញ្ហាសំខាន់ៗ ដែលបានលើកមកពិភាក្សាក្នុងឱកាសនោះមានដូចជា កាតព្វកិច្ចពន្ធរបស់អភិបាលអនិវាសនជន, បញ្ហាឡូជីស្ទីក (ការពន្លឿនការដាក់ឱ្យដំណើរការមាត់ច្រកព្រំដែនស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និងវឌ្ឍនភាពនៃប្រព័ន្ធបញ្ជរជាតិកម្ពុជា ឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធីគយ) និងបញ្ហាថាមពល (ការកាត់បន្ថយថ្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី និងការគាំទ្រលើសកម្មភាពស្តីពីអព្យាក្រឹតកាបូន)៕