ភ្នំពេញៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប (PPSEZ) ដែលបានចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា បានប្រកាសកំណើនចំនួនការងារជាបន្តបន្ទាប់ក្នុងចំណោមក្រុមហ៊ុនចំនួន ១២០ នៅតំបន់សេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ ទោះបីជាមានការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន PPSEZ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ៨ ខែកញ្ញា បានឱ្យដឹងថា ទោះបីរយៈពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលក្រុមហ៊ុនឯកជនជាច្រើនបានទទួលរងផលប៉ះពាល់ និងកាត់បន្ថយបុគ្គលិកមួយចំនួនក៏ដោយ ក៏ខ្លួនបានមើលឃើញការងារកើនឡើងជាបន្តបន្ទាប់ពីបុគ្គលិកចំនួន ២១ ៥៨៥ នាក់ កាលពីឆ្នាំ ២០១៩, បុគ្គលិកចំនួន ២៦ ៤៤៤ នាក់ កាលពីឆ្នាំ ២០២០, បុគ្គលិកចំនួន ៣៤ ១៧៩ នាក់ កាលពីឆ្នាំ ២០២១, និងបុគ្គលិកចំនួន ៤០ ០២៦ នាក់ គិតត្រឹមខែសីហា ឆ្នាំ ២០២២។ ចំនួននេះកើនឡើង ៨៥,៤៣ ភាគរយ បើធៀបទៅនឹងចំនួនកម្មករមុនពេលការរីករាលដាលជំងឺកូវីដ ១៩។
តំបន់សេដ្ឋកិច្ចមួយនេះត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖ «ដោយមានស្ថិរភាពនយោបាយ និងសង្គម បូករួមទាំងការគាំទ្រជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បរិយាកាសអាជីវកម្មល្អប្រសើរសម្រាប់វិនិយោគិន ត្រូវបានបង្កើតឡើង ហើយយើងប្តេជ្ញាចិត្តថា នឹងបន្តផ្តល់សេវាកម្មល្អបំផុតរបស់យើងដល់វិនិយោគិនទាំងអស់ ដែលនឹងបង្កើតឱកាសការងារជាបន្តបន្ទាប់ បន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។ នេះជាអ្វីដែលយើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងអ្វីដែលយើងហៅថាសមិទ្ធផលដ៏ធំបំផុតរបស់យើង»។
លោក UEMATSU Hiroshi អគ្គនាយកក្រុមហ៊ុន Royal Group Phnom Penh SEZ PLC បានឱ្យដឹងថា មានការកើនឡើងការងារថ្មីក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌជាច្រើនក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈដែលក៏មានការកើនឡើងចំនួនការងារនៅក្នុងវិស័យជាច្រើនផ្សេងទៀតផងដែរ។
លោកថ្លែងថា៖ «ក្នុងចំណោមកម្មករចំនួន ៤០ ០២៦ នាក់ វិស័យកាត់ដេរ និងវាយនភណ្ឌផ្ដល់ការងារដល់កម្មករភាគច្រើន ចំនួន ៤១,៩១ ភាគរយបន្ទាប់មក វិស័យអេឡិចត្រូនិក និងអគ្គិសនីចំនួន ២៣,៦៩ ភាគរយ វិស័យគ្រឿងបន្លាស់រថយន្តចំនួន ១៥,៤៨ ភាគរយ និងវិស័យប៉ូលាពេជ្រចំនួន ៦,៤៥ ភាគរយ»។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Phnom Penh SEZ PLC បានឱ្យដឹងថា ចំនួនកម្មករសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុបបន្តកើនឡើង ទោះបីជានៅក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដក៏ដោយ។
លោកបានឱ្យដឹងថា ការកើនឡើងនេះនឹងមិនអាចសម្រេចបានទេប្រសិនបើគ្មានរដ្ឋាភិបាលដឹកនាំប្រកបដោយប្រសិទ្ធភាព និងជាយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩។
ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប (PPSEZ) បាននាំចេញទំនិញមានតម្លៃ ៤៩២,៧ លានដុល្លា រក្នុងរយៈពេល ៧ ខែឆ្នាំនេះ កើនឡើង ២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសមួយនេះ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនសរុប ២៧,២៤៤ ពាន់លានដុល្លារ កើនឡើង ២០,១៥៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះការនាំចូលបានកើនឡើង ១១,៩១៣ ភាគរយ សម្រេចបានទឹកប្រាក់ប្រមាណ ១៥,៨៦៥ ពាន់លានដុល្លារ ខណៈការនាំចេញមានតម្លៃ ១១,៣៧៩ ពាន់លានដុល្លារ កើនឡើង ៣៣,០១៣ ភាគរយ៕