ភ្នំពេញៈ វិនិយោគិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរីបានចាប់ដៃសហការគ្នាបង្កើតកម្មវិធីទំនើបកម្មអាជីវកម្ម ( ePOS-GoDigital) ដែលជាកម្មវិធីផ្ដោតទៅលើអាជីវកម្មអនឡាញអនុញ្ញាតដល់អាជីវករក្នុងស្រុកអាចធ្វើការដាក់លក់ផលិតផលរបស់ខ្លួនកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ជាពិសេសគឺជាការឆ្លើយតបទៅនឹងតម្រូវការនៃការបញ្ជាទិញទំនិញតាមអនឡាញកំដែលពុងពេញនិយម។
កម្មវិធីទំនើបកម្មអាជីវកម្ម ( ePOS-GoDigital App ) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ១0 ខែកញ្ញាថ្មីៗកន្លងមកនេះ។ កម្មវិធីទំនើបកម្មនេះផ្តល់ដល់ម្ចាស់អាជីវកម្មតាមប្រព័ន្ធអនឡាញក្នុងការគ្រប់គ្រងនូវប្រព័ន្ធនៃការលក់ជំនាន់ថ្មី ព្រមទាំងអាចជួយបង្កើនការលក់ ហើយការបញ្ជាទិញនឹងធ្វើឡើងតាមប្រព័ន្ធ Scan QR code តាមរយៈ EPOS-QR ។
លោកស្រី ព្រុំ ភ័ក្ត្រា អគ្គនាយិកា ក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល បានមានប្រសាសន៍ថា ការរីកចម្រើននិងការវិវត្តរបស់វិស័យបច្ចេកវិទ្យា បានជះឥទ្ធិពលយ៉ាងខ្លាំងលើជីវភាពរស់នៅ ការសិក្សាអប់រំ និងរបៀបនៃការធ្វើអាជីវកម្ម ជាពិសេស ជំងឺកូវីដ១៩ បានបង្រៀនមនុស្សនូវមេរៀនជាច្រើន ហើយអាជីវកម្មជាច្រើនបានរងគ្រោះ ជាពិសេសពីអាជីវកម្មបែបគ្រួសារ អាជីវកម្មដែលគ្មានស្តង់ដា គ្មានប្រព័ន្ធគ្រប់គ្រង និងគ្មានបច្ចេកវិទ្យាដើម្បីជំរុញការលក់ អាជីវកម្មទាំងនោះប្រឈមនឹងហានិភ័យក្នុងការបិទទ្វារខ្ពស់។
លោកស្រីបានថ្លែងបញ្ជាក់ទៀតថា ក្នុងឆ្នាំ ២០២២ ដោយសារតែមើលឃើញបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មក្នុងស្រុកជាច្រើន ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ និងអតិផរណា ដែលជះឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិបត្តិនយោបាយ និងសេដ្ឋកិច្ចពិភពលោក ទើបក្រុមហ៊ុនបង្កើតកម្មវិធីផ្សារ ePOS- GoDigital សម្រាប់ម្ចាស់អាជីវកម្មទូរទៅ សំដៅចូលរួមអភិវឌ្ឍអាជីកម្មបែបគ្រួសារឱ្យក្លាយជាអាជីវកម្ម ដែលមានប្រព័ន្ធគ្រប់គ្រងបែបឌីជីថល។
លោកស្រីបានថ្លែងថា៖ «ដោយសារតែមើលឃើញបញ្ហាទាំងអស់នេះហើយ ទើបក្រុមហ៊ុន ePOS-GoDigital បានសហការជាមួយក្រុមហ៊ុន Riich Me (សិង្ហបុរី) ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម និងការធ្វើទំនើបកម្មអាជីវកម្មឱ្យសមស្របជាមួយបរិបទរបស់ខ្មែរ ដែលមានលក្ខណៈងាយស្រួលប្រតិបត្តិការជាមួយនឹងកម្មវិធីស្មាតហ្វូនងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មតូចៗ ជាពិសេសអ្នកដែលគ្មានចំណេះដឹងបច្ចេកវិទ្យាក៏អាចប្រើប្រាស់បាន ដើម្បីជំរុញការលក់ និងអភិវឌ្ឍអាជីវកម្ម សំដៅបង្កើនប្រាក់ចំណូលគ្រួសារ»។
លោក Kerry Leng, នាយកប្រតិបត្តិក្រុមហ៊ុន Riich Me Pte មកពីប្រទេសសិង្ហបុរីបានថ្លែងក្នុងពិធីសម្ពោធនោះថា កម្មវិធីទំនើបកម្មអាជីវកម្ម EPOS-Go Digital មានប្រសិទ្ធភាពទៅលើប្រព័ន្ធនៃការគ្រប់គ្រងការលក់របស់អ្នកលក់ឱ្យកាន់តែទូលំទូលាយទោះបីជាពួកគាត់ពុំមានជំនាញផ្នែកបច្ចេកវិទ្យាក៏អាចប្រើបានដែរ។
លោកបានបន្ថែមថា ៖ អាជីវកម្មដែលប្រើប្រាស់App ePOS - GoDigital មានលទ្ធភាពគ្រប់គ្រាន់អាចប្រតិបត្តិការលក់ស្វ័យប្រវត្តិ ២៤ ម៉ោង ម្ចាស់អាជីវកម្មអាចគ្រប់គ្រងការលក់បានទាំងអនឡាញ និងក្រៅអនឡាញ គ្រប់គ្រងស្តុក គ្រប់គ្រងអតិថិជនជំពាក់ ត្រួតពិនិត្យរបាយការណ៍លក់ប្រចាំថ្ងៃតាមស្មាតហ្វូន ជាពិសេសប្រព័ន្ធជំរុញការលក់ស្វ័យប្រវត្តិ តាមរយៈផ្សារសកល eMarketplace ដែលជួយបើកទីផ្សារ និងលើកកម្ពស់អាជីវកម្មក្នុងស្រុក។
កាលពីថ្ងៃទី ៣១ ខែមីនាក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ (CambodiaTrade) ជាវេទិកាអនឡាញមួយក្នុងការជួយជំរុញការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ ។ គិតត្រឹមពាក់កណ្តាលខែសីហា មានក្រុមហ៊ុនចំនួន ១៣៥ បានចុះឈ្មោះនៅផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ បានតាំងបង្ហាញផលិតផលជាង ១ ២០០ មុខ ដាក់លក់ទូទាំងពិភពលោក ចាប់តាំងពីកម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមីនា៕