ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងថា អតិផរណារបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះទាបជាង ៥ ភាគរយ នៅឆមាសទី២ ឆ្នាំ ២០២២ ដោយសារតែភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចដែលស្ថាប័នខ្លួនបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៥ ភាគរយ។
លោក ជា ចាន់តូ បានលើកឡើងអំពីការរំពឹងទុកនៃការធ្លាក់ចុះអត្រាអតិផរណាក្រោម ៥ ភាគរយនេះ ក្នុងជំនួបជាមួយនឹងក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២។
លោកថ្លែងបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជារំពឹងថា មានកំណើនក្នុងរង្វង់ ៥ ភាគរយ ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីនៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥ ភាគរយ។
ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបាននៅក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ ខែ នៃការនាំចូលទំនិញ និងសេវាដែលខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ ៣ ខែ។ ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់រៀលធៀបទៅនឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នាក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។
លោកបញ្ជាក់ថា៖ «ស្ថិរភាពអត្រាប្ដូរប្រាក់បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។ ចំពោះប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ»។
លោក Alasdair Scott បាននិយាយថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាន និងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារការរាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការ-ងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកញ្ញាថា បញ្ហាអតិផរណាធ្លាក់ចុះនៅកម្ពុជា គឺដោយសារតម្លៃស្បៀង-អាហារ និងការធ្វើសម្បទានទុនរបស់រដ្ឋាភិបាលទៅលើតម្លៃប្រេង បើទោះបីជាតម្លៃប្រេងឆៅសកលឡើងថ្លៃក៏ដោយ។
លោកថ្លែងថា៖ «ដោយសារកម្ពុជាបានផលិតលើសតម្រូវការ ពិសេសអង្ករ។ យើងឃើញថា ថ្លៃអង្ករពុំបានកើនឡើងទេដែលនេះជាកត្តាចាំបាច់នៃថ្លៃទំនិញសម្រាប់វាស់អតិផរណា។ កត្តា ១ ទៀត គឺរដ្ឋាភិបាលបានផ្តល់នូវសម្បទានទុនជាច្រើន ដូចជាទៅតម្លៃប្រេង បើទោះបីតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិកើន ក៏រដ្ឋាភិបាលកំណត់ឱ្យលក់ក្នុងថ្លៃមួយទាបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ការណ៍នេះ គឺជាភាពវិជ្ជមានមួយរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស និងដឹកនាំសេដ្ឋកិច្ចឱ្យកាន់តែទៅរកភាពរីកចម្រើន»។
យោងតាមលោក សេរីវឌ្ឍន៍ ផលិតកម្មក្នុងស្រុកចាប់ផ្តើមមានដំណើរការល្អជាងមុនឡើងវិញ ហើយដូចជាវិស័យឧស្សាហកម្ម, វិស័យកសិកម្ម ហើយរដ្ឋាភិបាលក៏ទើបដាក់ចេញគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ២០២២-២០៣០។
លោកអះអាងថា៖ «យើងឃើញថា ចំពោះគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ ដែលរដ្ឋាភិបាលបានត្រៀមរៀបចំទុកមុន គឺដើម្បីជំរុញឱ្យមានកំណើនដូច្នេះហើយកង្វះស្បៀងអាហារនឹងមិនអាចកើតមាននោះទេសម្រាប់ប្រទេសកម្ពុជា ខណៈដែលការផលិតគ្រាន់តែនៅក្នុងខេត្តបាត់ដំបងមួយអាចចិញ្ចឹមប្រជាពលរដ្ឋខ្មែរ និងសល់លក់ទៅក្រៅប្រទេសទៀតផង ដូច្នេះនេះ គឺជាកត្តាមួយធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៅក្នុងសេដ្ឋកិច្ចពិសេស គឺវិបត្តិស្បៀងអាហារនឹងមិនកើតមានឡើយ»៕