ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា នៅជំហានបន្ទាប់ CCC គ្រោងនឹងបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ខណៈការិយាល័យតំណាងនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញក្រុមវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៤ ខែកញ្ញា ថា បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងចំនួន ២ រួចមកហើយ គឺនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និងនៅទីក្រុង Sendai ប្រទេសជប៉ុន។ វត្តមានការិយាល័យតំណាង CCC បានផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា ព្រោះតាមរយៈការិយាល័យតំណាងនេះគេអាចប្រើប្រាស់ជាកន្លែងជួបពិភាក្សា និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជាទៅកាន់វិនិយោគិន(គ្រប់ជាតិសាសន៍) ដែលមានចំណាប់អារម្មណ៍ចំពោះការចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «បន្ទាប់ពីនេះការិយាល័យតំណាងទាំង ២ នៅពេលខាងមុខសភាពាណិជ្ជកម្មកម្ពុជាគ្រោងនឹងទៅបើកការិយាល័យតំណាងនៅក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា»។ ទោះយ៉ាងណាលោក លឹម ហេង មិនបានប្រាប់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
លោកលើកឡើងថា តាមរយៈបទពិសោធដែល CCC ទទួលបាន គឺការិយាល័យតំណាងកន្លងមក គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ ក៏ដូចជាធ្វើការបញ្ជាទិញផលិតផលផលិតនៅកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួនផងដែរ។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីបើកការិយាល័យតំណាងនៅក្នុងទីក្រុងតូរ៉ុនតូ យើងឃើញមានអ្នកវិនិយោគបរទេសជាច្រើនបានចាប់អារម្មណ៍ចូលមកបើកអាជីវកម្មនៅកម្ពុជា។ តាមផែនការនៅក្នុងខែវិច្ឆិកាខាងមុខ នឹងមានក្រុមអ្នកវិនិយោគពីប្រទេសកាណាដាជាច្រើនអមដំណើរនាយករដ្ឋមន្ត្រីរបស់ខ្លួន ធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងទៀតថា បច្ចុប្បន្នក៏មានសមាគមពាណិជ្ជកម្មនៅប្រទេសចិន បានទំនាក់ទំនងមកសភាពាណិជ្ជកម្មកម្ពុជាដើម្បីឱ្យទៅបើកការិយាល័យតំណាងនៅក្នុងប្រទេសចិនផងដែរ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ជាពិសេសទាក់ទាញអ្នកវិនិយោគចិនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
បើតាមលោក លឹម ហេង ក្រៅពីប្រទេសចិន CCC ក៏នឹងពិចារណាពីការបើកការិយាល័យតំណាងនៅក្នុងប្រទេសកូរ៉េផងដែរ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ចូលជាធរមាន។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស គឺមានតួនាទីសំខាន់ណាស់ក្នុងការជួយទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ព្រោះវាអាចត្រូវបានគេប្រើជាកន្លែងផ្សព្វផ្សាយពីព័ត៌មានបច្ចុប្បន្នភាពថ្មីៗដែលប្រទេសកម្ពុជាកំពុងមាន។ ការទទួលបានព័ត៌មានដោយផ្ទាល់នឹងផ្តល់ទំនុកចិត្តកាន់តែខ្លាំងសម្រាប់អ្នកវិនិយោគ។
លោកលើកឡើងថា៖ «នៅពេល CCC មានការិយាល័យតំណាងកាន់តែច្រើន វានឹងជួយធ្វើឱ្យចំនួនអ្នកស្គាល់ពីកម្ពុជាបានកាន់តែច្រើន ហើយវត្តមាននៃផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិក៏មានចំនួនកាន់តែច្រើនទៅតាមនោះដែរ»៕