ភ្នំពេញៈ ទំហំទឹកប្រាក់នាំចេញ-នាំចូលទំនិញ ដែលមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នារយៈពេល ៨ ខែ ឆ្នាំ ២០២២ មានប្រមាណជាង ១,៧ ពាន់លានដុល្លារ កើនឡើងជាង ២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ស្ថិតិរបស់ SSEZ ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៤ ខែកញ្ញាឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានបរិមាណនាំចូល និងនាំចេញទំនិញសរុបចំនួន ១ ៧៤៩ លានដុល្លារ កើនឡើង ២៧,៣៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក ដែលមានចំនួន ១ ៣៧៣ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មានកត្តាជាច្រើនដែលកំពុងធ្វើឱ្យសកម្មភាពនៃការនាំចេញ-នាំចូលទំនិញរបស់ SSEZ បន្តកើនឡើងជាបន្តបន្ទាប់ ដែលមានដូចជា ស្ថិតក្នុងទីតាំងល្អ សម្រាប់ការដឹកជញ្ជូនទំនិញចេញ-ចូលទៅទីផ្សារអន្តរជាតិ មានច្បាប់វិនិយោគអំណោយផលល្អ និងមានចំនួនក្រុមហ៊ុនចូលបណ្តាក់ទុនកាន់តែច្រើន។ ម្យ៉ាងទៀតនៅពេលនេះកម្ពុជាមានទីផ្សារកាន់តែធំ ពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន (CCFTA) និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកថ្លែងបញ្ជាក់ថា៖ «តាមរយៈភាពទាក់ទាញរបស់ច្បាប់វិនិយោគកម្ពុជា កត្តាទីផ្សារនាំចេញកាន់តែទូលាយ និងមានទីតាំងនៅជិតកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ខ្ញុំរំពឹងថា ការនាំចេញ-នាំចូលរបស់ SSEZ នឹងកើនឡើងជាបន្តទៀត»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា SSEZ គឺជាតំបន់សេដ្ឋកិច្ចពិសេសមួយដ៏មានសក្តានុពល ដោយលោកសង្កេតឃើញមានរោងចក្រថ្មីៗជាបន្តបន្ទាប់ទៅបើកដំណើរការនៅទីនោះ។ លោកបានថ្លែងថា ភាគច្រើននៃរោងចក្រនៅ SSEZ គឺមានម្ចាស់ជាអ្នកវិនិយោគមកពីប្រទេសចិន ដោយមានរោងចក្រសំខាន់ៗជាច្រើនដូចជា កាត់ដេរសម្លៀកបំពាក់ ស្បែកជើង រោងចក្រកែច្នៃសង្ហារិម ក្តារបន្ទះ និងគ្រឿងបង្គុំអគ្គិសនី-អេឡិចត្រូនិក ជាដើម។
លោកបន្តថា សកម្មភាពនៃផលិតកម្មនៅកម្ពុជាក្នុងពេលនេះកំពុងមានដំណើរការទៅមុខយ៉ាងល្អនៅគ្រប់ទីកន្លែង។
លោកបញ្ជាក់ថា៖ «ចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញរបស់ SSEZ នឹងមានកើនឡើង ព្រោះចំនួនក្រុមហ៊ុនថ្មីៗដែលចូលទៅវិនិយោគគឺមានការកើនឡើង ហើយកំណើននៃចំនួនក្រុមហ៊ុនវិនិយោគនេះ ក៏បានជួយបង្កើតការងារជាច្រើនផងដែរ»។
ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នៃការនាំចូល-នាំចេញទំនិញរបស់ SSEZ មានសរុប ២ ២៣៤ លានដុល្លារ កើនឡើង ៤២,៧៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញ-នាំចូលទំនិញក្នុងទឹកប្រាក់សរុប ៣៧ ៤០៥,៩២ លានដុល្លារ កើនឡើង ២១,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣០ ៧៩២,៦៩ លានដុល្លារ។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាមានទឹកប្រាក់ ១៥ ៦៤១,៩ លានដុល្លារ កើនឡើង ២៦,៣ ភាគរយ និងការនាំចូល មានទឹកប្រាក់ ២១ ៧៦៤,០២ លានដុល្លារ កើនឡើង ១៨,៣ ភាគរយ៕