ភ្នំពេញៈ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បាន​ទៅ​ទស្សនា​តំបន់​ផែ​ស្ងួត Vientiane Logistice Park នៅក្នុង​ប្រទេស​ឡាវ ដែល​ទៅ​ថ្ងៃ​អនាគត​គម្រោង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ជាង​ ៧០០ ​លាន​ដុល្លារ​នេះ គ្រោង​ធ្វើការ​តភ្ជាប់​ផ្លូវ​រថភ្លើង​មក​កាន់​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើឱ្យ​កម្ពុជា មាន​ភាព​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​កសិផល និង​ទំនិញ​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​រដ្ឋសភា​។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា ទស្សនា​តំបន់​កំពង់​ផែ​ស្ងួត Vientiane Logistice Park ដែល​ជា​គម្រោង​វិនិយោគ​លើ​បណ្តាញ ផ្លូវ​គមនាគមន៍​ផ្លូវ​គោក ដ៏​ធំ​មួយ​របស់​ប្រទេស​ឡាវ​។

ដំណើរ​ទស្សនកិច្ច​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​ ២០២២ ​ក្នុង​ពេល​ដែល​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា បាន និង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​ឡាវ​។

ហ្វេសប៊ុក​រដ្ឋសភា បាន​ចុះផ្សាយ​ថា តាម​របាយការណ៍​របស់​ថ្នាក់​ដឹកនាំ​កំពង់ផែ​ស្ងួត Vientiane Logistice Park ថា គម្រោង វិនិយោគ​ដោយ​ទុន​នៅក្នុង​ស្រុក​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៧០០ ​លាន​ដុល្លារ​អាមេរិក នេះ គឺ​ដើម្បី​ត​ភ្ជាប់​ផ្លូវដែក​ពី​ប្រទេស​ឡាវ​ទៅ​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពី​ឡាវ​ទៅ​ប្រទេស​នៅ​ប៉ែក អឺរ៉ុប មាន​អាល្លឺម៉ង់​ជាដើម​។

គម្រោង​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​ឡាវ ដែល​គ្មាន​កំពង់ផែ​សមុទ្រ​មាន​ផ្លូវ​គមនាគមន៍ ដឹកជញ្ជូន​ភ្ជាប់​ទៅកាន់​ពិភពលោក គឺ Land locked to land linked​។

តាម​លោក​អគ្គនាយក​ក្រុមហ៊ុន​នេះ​ថា ទៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​មាន​គម្រោង​ត​ភ្ជាប់​ផ្លូវដែក​ពី​ឡាវ​មក​កម្ពុជា ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​មួយ​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ ពិសេស​កសិផល​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​នឹង​ចំណាយ​ពេលវេលា​ខ្លី​ជាង​បច្ចុប្បន្ន​នេះ និង​នីតិវិធី​ងាយស្រួល​ទៀតផង​។

លោកស្រី ម៉ែន សំអន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​វិនិយោគ​ដ៏​ធំ​នេះ​។ លោកស្រី​ចាត់​ទុក​ថា គម្រោង​នេះ​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ឡាវ ហើយ​នេះ​ជា​គម្រោង​មួយ គួរ​ជាទី​មោទនៈ​ណាស់ ពីព្រោះ​បាន​ប្រើប្រាស់​ទុន​នៅក្នុង​ស្រុក​។

ចំពោះ​គម្រោង​ចង់​ត​ភ្ជាប់​ផ្លូវ​គមនាគមន៍​ចូល​មក​កម្ពុជា​នោះ លោកស្រី ម៉ែន សំអន និង​ពាំនាំ​គម្រោង​នេះ​ជូន​ថ្នាក់​ដឹកនាំ​កម្ពុជា​។

លោកស្រី​បាន​បញ្ជាក់​ថា កម្ពុជា​ត្រៀម​ស្វាគមន៍​ជានិច្ច នៅពេល​ក្រុមហ៊ុន​ចុះទៅ​សិក្សា​នៅ​កម្ពុជា​នោះ​៕