ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា កម្ពុជាកំពុងស្ថិតលើផ្លូវ ដើម្បីបញ្ចប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ទាំង ១៩ នៅឆ្នាំនេះ ដោយមានការគាំទ្រយ៉ាងខ្លាំងពីបណ្ដារដ្ឋជាសមាជិកអាស៊ានទាំងអស់។ ក្នុងនោះសមិទ្ធផលសេដ្ឋកិច្ចអាទិភាព ៥ ក្នុងចំណោម ៩ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យត្រូវបានបញ្ចប់ដោយជោគជ័យ។
សមិទ្ធផលសេដ្ឋកិច្ចអាទិភាពចំនួន ១៩ របស់កម្ពុជានៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (AEM) កាលពីថ្ងៃទី ១៦ មីនា ឆ្នាំ ២០២២។
ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១៨ ខែកញ្ញា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ (AEM) នៅក្នុងខេត្តសៀមរាប សម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា។
លោកថ្លែងថា៖ «ក្នុងដំណើរផ្លូវរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ខ្ញុំមានសេចក្តីសោមនស្សរីករាយបញ្ជាក់ថា សមិទ្ធផលសេដ្ឋកិច្ចអាទិភាព ៥ ក្នុងចំណោម ៩ ស្ថិតក្រោមការត្រួតពិនិត្យរបស់យើងគឺត្រូវបានបញ្ចប់ដោយជោគជ័យ»។
លោកបន្ថែមថា សមិទ្ធផលសេដ្ឋកិច្ចអាទិភាពទាំងនោះ រួមមានកម្មវិធីការងារ ដើម្បីគាំទ្រការអនុវត្តក្របខ័ណ្ឌសម្រាប់សេដ្ឋកិច្ចសារាចរ សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានកញ្ចប់ឧបករណ៍គោលនយោបាយ, ការរួមបញ្ចូលបទប្បញ្ញត្តិដែលផ្តោតលើភាពជាសហគ្រិនស្ត្រីនៅក្នុងគោលនយោបាយមីក្រូ-សហគ្រាសធុនតូច និងមធ្យម (MSME) អាស៊ាន, ការចាប់ផ្តើមការចរចា សម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីការប្រកួតប្រជែងការចាប់ផ្តើមការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), និងពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីការធ្វើចរាចរណ៍រូបវន្តបុគ្គល (រង់ចាំការចុះហត្ថលេខាលើពិធីសារ)។
លោកលើកឡើងថា៖ «PEDs ដែលនៅសេសសល់ក៏ស្ថិតនៅលើផ្លូវដែលត្រូវបញ្ចប់ក្នុងឆ្នាំនេះដែរ។ ខ្ញុំសូមបញ្ជាក់ថា ការសម្រេចចុងក្រោយនៃ PEDs នឹងធានាថា អាស៊ាននឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់តំបន់នេះ ដើម្បីលើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបង្រួមគម្លាតអភិវឌ្ឍន៍ សម្រាប់ភាពប្រកួតប្រជែងរបស់អាស៊ាន លើកកម្ពស់សមាហរណកម្មបរិយាប័ន្នភាពធន់ និងការប្រកួតប្រជែងរបស់អាស៊ាន និងពង្រឹងអាស៊ានសកល សម្រាប់កំណើន និងអភិវឌ្ឍ»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងសន្និសីទសារព័ត៌មានជុំវិញសេចក្តីថ្លែងការណ៍រួមថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានត្រូវបានស្វាគមន៍ចំពោះការបញ្ចប់ PEDs ចំនួន ៤ ក្រោមការត្រួតពិនិត្យរបស់ AEM។
លោកនិយាយថា៖ «រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានកត់សម្គាល់ពីវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងការអនុវត្ត PEDs ផ្សេងទៀតក្នុងឆ្នាំ ២០២២ ក្រោមការត្រួតពិនិត្យរបស់ AEM ហើយទន្ទឹងរង់ចាំការបញ្ចប់ទាន់ពេលវេលានៅឆ្នាំ ២០២២»។
បើយោងតាមលោក សុវិជាតិសេដ្ឋកិច្ចអាស៊ានបានកើនឡើង ៣,៤ ភាគរយក្នុងឆ្នាំ ២០២១ ជាមួយនឹងកំណើនដែលជំរុញដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ ការវិនិយោគ និងពាណិជ្ជកម្ម គាំទ្រដោយដំណើរការប្រកបដោយជោគជ័យនៃកម្មវិធីចាក់វ៉ាក់សាំង ដែលអាចឱ្យសេដ្ឋកិច្ចក្នុងតំបន់បើកដំណើរការក្នុងស្រុកឡើងវិញ។
លោកឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ ២០២២ អត្រាការចាក់វ៉ាក់សាំងគ្រប់ដូសក្នុងតំបន់អាស៊ានសម្រេចបាន ៦៩,០ ភាគរយ ខណៈប្រជាជន ៣០,៥ ភាគរយ បានចាក់វ៉ាក់សាំងដូសជំរុញ។ សម្ទុះកំណើនសេដ្ឋកិច្ចនឹងបន្តដល់ឆ្នាំ ២០២២ ជាមួយនឹងការព្យាករកំណើន ៥,០ ភាគរយ និងឆ្នាំ ២០២៣ ជាមួយនឹងការព្យាករកំណើន ៥,២ ភាគរយ។
យោងតាមលោក សុវិជាតិ លោករដ្ឋមន្ត្រីបានកត់សម្គាល់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងពាណិជ្ជកម្ម និងការវិនិយោគរបស់អាស៊ាននៅក្នុងឆ្នាំ ២០២១ ដោយសារពាណិជ្ជកម្មទំនិញដែលជំរុញដោយផលិតផលអគ្គិសនីកើនឡើង ២១,៥ ភាគរយ និងឥន្ធនៈកើនឡើង ៥២,២ ភាគរយសម្រេចបាន ៣ ៣៤០,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ឬកើន ២៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទន្ទឹមនឹងនេះ ការវិនិយោគសម្រេចបាន ១៧៤,១ ពាន់លានដុល្លារ ឬកើនឡើង ៤២,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនជាមួយនឹងការកើនឡើងដ៏រឹងមាំត្រូវបានកត់សម្គាល់ក្នុងវិស័យផលិតកម្ម ហិរញ្ញវត្ថុ និងសេវាកម្មធានារ៉ាប់រង»៕