ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway Plc) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផលក្នុងស្រុក Royal Group បានទទួលការយល់ព្រមជាគោលការណ៍ពីក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (NBFSA) ដែលជាការបើកផ្លូវឱ្យមានការរៀបចំបោះផ្សាយមូលបត្របំណុលដែលខ្លួនគ្រោងមូលធនប្រហែល ១០ លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា (CSX)។
ការអនុម័តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ NBFSA ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន NBFSA លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ១៩ ខែកញ្ញា និងមានការចូលរួមពីនិយតករមូលបត្រកម្ពុជា (SERC) ផងដែរ។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២០ ខែកញ្ញាថា ខណៈដែលក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចុះបញ្ជី វានឹងតម្រូវឱ្យពួកគេធ្វើការជាមួយ CSX សម្រាប់ការរៀបចំបោះផ្សាយ។
លោកឱ្យដឹងថា៖ «ខ្ញុំគិតថា ក្រុមហ៊ុននឹងមិនចំណាយពេលវេលាច្រើនក្នុងការរៀបចំបោះផ្សាយនោះទេ ដោយសារពួកគេបានត្រៀមខ្លួនរួចរាល់ហើយ។ នៅជំហានបន្ទាប់ ក្រុមហ៊ុននឹងបន្តនីតិវិធីជាមួយផ្សារមូលបត្រកម្ពុជា សម្រាប់ការចុះបញ្ជី»។
ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សាររបស់ CSX លោកស្រី គឹម សុផានីតា បានឱ្យដឹងថាបន្ទាប់ពីក្រុមហ៊ុនទទួលបានការយល់ព្រមជាគោលការណ៍ ក្រុមហ៊ុននឹងដាក់ពាក្យសុំលក់មូលបត្របំណុលរបស់ពួកគេទៅកាន់សាធារណជន និង/ឬអ្នកទិញគោលដៅដែលត្រូវគេហៅថា «ការធ្វើរ៉ូតសូ និងបើកដំណើរការបរិវិសកម្ម»។
អ្នកស្រីប្រាប់ថា៖ «នៅពេលដែលពួកគេបានបញ្ចប់ដំណើរការចេញមូលបត្របំណុល និងទទួលបានលិខិតយល់ព្រមពី SERC ជំហានចុងក្រោយ គឺត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីទៅ CSX។ ខ្ញុំរំពឹងថាក្រុមហ៊ុនអាចដាក់ពាក្យសុំចុះបញ្ជីនៅពាក់កណ្តាលខែតុលា ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន»។
ក្រុមហ៊ុន Royal Railway ទទួលការយល់ព្រមជាគោលការណ៍ពី CSX កាលពីថ្ងៃទី ៧ ខែកញ្ញា។ សញ្ញាបណ្ណសាជីវកម្មរបស់ Royal Railway នឹងត្រូវបានចេញជាលើកដំបូងនៅលើ CSX នៅឆ្នាំនេះហើយ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី២ របស់ Royal Group ដែលចេញមូលបត្របំណុលប្រភេទនេះ បន្ទាប់ពីក្រុមហ៊ុន Telcotech Ltd កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ បានបោះផ្សាយលក់មូលបត្របំណុលដែលមានតម្លៃ ៨០ ពាន់លានរៀល (២០ លានដុល្លារ)។
កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០០៩ រដ្ឋាភិបាលកម្ពុជាបានផ្តល់កិច្ចព្រមព្រៀងសម្បទានរយៈពេល ៣០ ឆ្នាំឱ្យដល់ Toll (Cambodia) Co Ltd ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុន Toll Holding Ltd ដែលគ្រប់គ្រងដោយវិនិយោគិនអូស្ត្រាលី និងក្រុមហ៊ុន Royal Group ដើម្បីគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធផ្លូវដែករបស់ព្រះរាជាណាចក្រកម្ពុជា។
ទោះជាយ៉ាងណា កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Toll Holding បានផ្ទេរភាគហ៊ុន ៥៥ ភាគរយរបស់ខ្លួនក្នុងក្រុមហ៊ុន Toll Cambodia ទៅឱ្យក្រុមហ៊ុន Royal Group ដែលបន្ទាប់មកបានប្តូរឈ្មោះក្រុមហ៊ុននេះទៅជាក្រុមហ៊ុន Royal Railway Cambodia។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១៦ បានចុះបញ្ជីលើ CSX ក្នុងនោះ ៧ បានចេញលក់ភាគហ៊ុននៅទីផ្សារគោលហើយក្រុមហ៊ុន ២ ចុះបញ្ជីនៅលើទីផ្សារកំណើន និងសាជីវកម្ម ៧ ចុះបញ្ជីមូលបត្របំណុលរបស់ខ្លួន៕