ភ្នំពេញៈ លទ្ធផលល្អពីការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ ការបើកប្រទេស និងដំណើរការសេដ្ឋកិច្ចពេញលេញបានឆាប់រហ័សបានធ្វើឱ្យកម្ពុជាទទួលបានភាពវិជ្ជមានស្ទើរគ្រប់វិស័យជាបណ្តើរៗជាក់ស្តែងក្នុងឆមាសទី ១ ឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧៥ ដែលមានទុនវិនិយោគ ២,៤ ពាន់លានដុល្លារ កើន ១៥៩,៣ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
របាយការណ៍និន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ស្ថានភាពវិនិយោគនៅកម្ពុជាបានបង្ហាញពីភាពល្អប្រសើរឡើងបន្តិចហើយ ដោយគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៧៥ គម្រោង កើនឡើង ២២ គម្រោង។ គម្រោងវិនិយោគទាំងនេះមានទុនវិនិយោគសរុប ២,៤ ពាន់លានដុល្លារ កើន ១៥៩,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ គម្រោងទាំង ៧៥ បង្កើតការងារថ្មីបានប្រមាណ ៦២ ពាន់នាក់ កើនឡើង ៦៥,៩ ភាគរយ។
បើតាមរបាយការណ៍ក្នុងចំណោមគម្រោងទាំង ៧៥ គឺនាំមុខដោយវិស័យសេវាកម្ម ឧស្សាហកម្ម ថាមពល និងទេសចរណ៍។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២០ ខែកញ្ញា ថា កត្តាសំខាន់ដែលជួយឱ្យប្រទេសកម្ពុជាទទួលបានកាលានុវត្តភាពថ្មីៗជាបន្តបន្ទាប់ក្នុងពេលនេះ គឺការបើកដំណើរការសេដ្ឋកិច្ចបានឆាប់រហ័សជាងគេក្នុងតំបន់ (តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១) និងជាប្រទេសដែលមានទីផ្សារអន្តរជាតិធំៗជាដៃគូ។
លោកបន្តថា ក្រៅពីចំណុចខាងលើ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ព្រមទាំងលក្ខណៈអំណោយផលនៃច្បាប់វិនិយោគថ្មី ក៏ជាចំណែកទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការផលិត ឬកែច្នៃទំនិញដែរ។
លោកបញ្ជាក់ថា៖ «ជាមួយនឹងភាពល្អប្រសើរនៃទីផ្សារនាំចេញ និងលក្ខណៈអំណោយផលផ្សេងៗទៀត ដែលកម្ពុជាមានខ្ញុំមានសុទិដ្ឋិនិយមថាគម្រោងវិនិយោគថ្មីៗនៅកម្ពុជានឹងបន្តកើនឡើងច្រើនថែមទៀតនៅពេលខាងមុខ»។
ទាក់ទងនឹងការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬក្រៅតំបន់សេដ្ឋកិច្ចពិសេស លោក លឹម ហេង បានពន្យល់ថា ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺភាគច្រើនជាគម្រោងវិនិយោគដែលត្រូវការកន្លែងធំៗ (ដូចជាវិស័យកសិកម្ម ឬឧស្សាហកម្ម) ឬនៅក្បែរតំបន់ដែលមានវត្ថុធាតុដើម សម្រាប់បំពេញឱ្យចង្វាក់ផលិតកម្មរបស់ខ្លួន។
ទោះជាយ៉ាងណាលោកអះអាងថា៖ «មិនសំខាន់ថាវិនិយោគនៅកន្លែងណាទេ សំខាន់ឱ្យតែកម្ពុជាទទួលបានការចូលមកវិនិយោគ គឺជាការល្អ។ កំណើននៃការវិនិយោគនឹងជួយបង្កើនការងារ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា នៅពេលប្រទេសមួយទទួលបានកំណើននៃការវិនិយោគជាបន្តបន្ទាប់ គឺមានន័យថាប្រទេសនោះគឺមានស្ថិរភាពនយោបាយល្អ និងអាចផ្តល់ផលចំណេញច្រើនដល់អ្នកវិនិយោគ នៅពេលពួកគេបញ្ចេញទុន។ ដើម្បីអាចផ្តល់ផលចំណេញបាន គឺទាមទារឱ្យផលិតផលត្រូវតែមានទីផ្សារ ហើយតម្លៃផលិតផលនោះក៏ត្រូវតែមានភាពប្រកួតប្រជែង។
លោកលើកឡើងថា៖ «កំណើនការចូលមកវិនិយោគនឹងជួយធ្វើឱ្យការនាំចេញទំនិញកម្ពុជាទៅក្រៅប្រទេសមានចំនួនកាន់តែច្រើន ហើយវាក៏នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែមានតុល្យភាពជាមុន»។
ស្ថិតិនាំចេញ-នាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា រយៈពេល ៨ ខែឆ្នាំ ២០២២ កម្ពុជាបាននាំចេញ-នាំចូលទំនិញក្នុងទឹកប្រាក់សរុប ៣៧ ៤០៥,៩២ លានដុល្លារ កើន ២១,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៣០ ៧៩២,៦៩ លានដុល្លារ។ ក្នុងនោះការនាំចេញមានចំនួន ១៥ ៦៤១,៩ លានដុល្លារ កើន ២៦,៣ ភាគរយ និងនាំចូល ២១ ៧៦៤,០២ លានដុល្លារ កើនឡើង ១៨,៣ ភាគរយ៕