ភ្នំពេញៈ កម្ពុជាកំពុងពិចារណាពីការអនុញ្ញាតឱ្យជនជាតិថៃដែលរស់នៅក្នុងខេត្តចំនួន ៧ ជាប់ព្រំដែនជាមួយប្រទេសកម្ពុជាអាចចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរដោយប្រើប្រាស់ត្រឹមតែបណ្ណព្រំដែន Border Pass គឺមិនចាំបាច់មានលិខិតឆ្លងដែននោះទេ។
គំនិតនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។
ខេត្តទាំង ៧ របស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនកម្ពុជា រួមមាន ខេត្តឧត្បុលរាជធានី, ខេត្តស៊ីសាកេត, ខេត្តសុរិន្ទ ខេត្តបុរីរម្យចន្ទបុរី និងខេត្តត្រាត។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. លោក ហោ សារុន បានឱ្យដឹងក្រោយកិច្ចប្រជុំថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចង់ឱ្យមានការធ្វើសំណើទៅរាជរដ្ឋាភិបាលដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជាអាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់បណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ លោកបានលើកឧទាហរណ៍ថា បើពលរដ្ឋថៃរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រ ពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលបន្តមកខេត្តសៀមរាបបាន។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែនគាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបាន» ។
បើតាម លោក សារុន ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវដែលជាប្រជាជនថៃរស់នៅតាមខេត្តជាប់ព្រំដែន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២០ ខែកញ្ញាថា បើកម្ពុជាមានគោលការណ៍អនុញ្ញាតឱ្យប្រជាជនថៃរស់នៅក្នុងខេត្តទាំង ៧ ជាប់ព្រំដែនកម្ពុជា ធ្វើដំណើរមកកម្សាន្តក្នុងខេត្តសៀមរាបដោយប្រើប្រាស់បណ្ណព្រំដែននោះ គឺជាការល្អណាស់ ព្រោះវាអាចជាផ្នែកមួយដ៏សំខាន់ក្នុងការជួយធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបមានដំណើរការឡើងវិញបានលឿន ពិសេសក្នុងអំឡុងពេលអន្តរកាលនេះ។ លោកស្រីបន្តថា ដោយសារស្ថានភាពជំងឺកូវីដ ១៩ និងកំណើនសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ច្បាស់លាស់ ហេតុនេះក្តីរំពឹងចំពោះភ្ញៀវមកពីប្រទេស ក្រៅ ឬតំបន់ឆ្ងាយៗ គឺមិនទាន់អាចវាយតម្លៃថានឹងវិវឌ្ឍទៅបែបណាទេ។
លោកស្រីបន្ថែមទៀតថា ម្យ៉ាងវិញទៀត ប្រជាជនថៃនៅតាមព្រំដែនមួយចំនួនក៏មានដូនតាជាខ្មែរ ហើយភាគច្រើនមិនមានលិខិតឆ្លងផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ការអនុញ្ញាតឱ្យប្រជាជនរស់នៅក្នុងខេត្តជាប់ព្រំដែនចូលមកទស្សនាប្រាសាទអង្គរវត្តនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឱ្យចរន្តទេសចរណ៍អន្តរជាតិនៅខេត្តសៀមរាបឆាប់ងើបឈរឡើងវិញ» ។
ទាក់ទងនឹងប្រទេសជិតខាងដូចជាវៀតណាម និងឡាវ លោកស្រី ស៊ីវលីន ប្រាប់ថា នេះគឺគ្រាន់តែជាគម្រោងសាកល្បងទី១ ប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លីវ សុខុន បាននិយាយថា បើរដ្ឋាភិបាលយល់ស្របតាមគំនិតខាងលើនោះ វានឹងជំរុញឱ្យភ្ញៀវទេសចរថៃចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើន ខណៈបច្ចុប្បន្នភ្ញៀវទេសចរថៃមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបក៏កំពុងកើនឡើងច្រើនដែរ។
ការធ្វើដំណើរមកខេត្តសៀមរាបដោយប្រើប្រាស់បណ្ណព្រំដែន Border Pass នឹងជួយសម្រួលកាន់តែច្រើនដល់ប្រជាជនថៃរស់តាមព្រំដែនឱ្យស្គាល់ពីវប្បធម៌ និងប្រាសាទបុរាណខ្មែរកាន់តែច្រើន ខណៈជនជាតិថៃដែលរស់នៅតាមព្រំដែនមួយចំនួនក៏មានឈាមជ័រពីជនជាតិខ្មែរដែរ។ បន្ថែមលើនេះក៏មានប្រជាជនខ្មែរមួយចំនួនកំពុងរស់នៅក្នុងខេត្តជាប់ព្រំដែន តាំងពីសម័យសង្គ្រាម ហើយចង់ធ្វើដំណើរមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបទៀតផង។
លោកអះអាងថា៖ «បើរដ្ឋាភិបាលកម្ពុជាដាក់ចេញជាគោលនយោបាយក្នុងការប្រើប្រាស់បណ្ណព្រំដែនសម្រាប់ប្រជាជនថៃនៅបណ្តាខេត្តជាប់ព្រំដែនវានឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កំណើនភ្ញៀវទេសចរ ក៏ដូចជាចំណូលជាតិបានមួយកម្រិត» ។
ទោះយ៉ាងណា លោក សុខុន លើកឡើងថា ដើម្បីធានាប្រសិទ្ធភាព និងការគ្រប់គ្រងចំពោះការប្រើប្រាស់បណ្ណព្រំដែននេះ គឺទាមទារឱ្យមានការត្រួតពិនិត្យ និងការដាក់ចេញនូវលក្ខខណ្ឌឱ្យបានច្បាស់ការកំណត់រយៈពេលស្នាក់នៅ និងធ្វើដំណើរ ជាដើម។
ទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៩៩៨ ២៧២ នាក់ កើន ៧២០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះភ្ញៀវជនជាតិថៃមានចំនួនច្រើនជាងគេ គឺ ៣៤៨ ៦៦០ នាក់ កើនឡើង ៤៧៧,៣ ភាគរយ៕