ភ្នំពេញៈ កម្ពុជាសង្ឃឹមថា វិនិយោគិនកូរ៉េនឹងចាប់អារម្មណ៍កាន់តែច្រើនចំពោះកាលានុវត្តភាពនៃការវិនិយោគ និងនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសកូរ៉េ បានកាន់តែច្រើន ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ មានទឹកប្រាក់ជិត ៥៥០ លានដុល្លារ កើនជាង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃជំនួបពិភាក្សា រវាង លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្មជាមួយ លោក KIM Byung Kwan ប្រធានសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៩ ខែកញ្ញា ដើម្បីពិភាក្សាស្វែងយល់ពីឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោក កឹម ស៊ីថន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ មកប្រទេសកម្ពុជានាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ហើយកម្ពុជាសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងយល់ និងចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អ្នកវិនិយោគិនកូរ៉េនៅកម្ពុជា។ លោកបន្តថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងធ្វើការកែទម្រង់ជាច្រើនដើម្បីផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរ ដែលមានដូចជា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាកឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។
លោកបានថ្លែងថា៖«ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យលោកប្រធានសមាគមអ្នកនាំចូលកូរ៉េ និងគណៈប្រតិភូជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជានាពេលបច្ចុប្បន្ន»។
បន្ថែមពីលើនេះ កឹម ស៊ីថន ក៏បានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទំហំកាន់តែធំបន្ថែមទៀត។
លោក KIM Byung Kwan បានសម្តែងនូវក្តីរីករាយចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា និងបានប្រាប់ថា សមាគមអ្នកនាំចូលកូរ៉េ បានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ ដោយបច្ចុប្បន្នមានក្រុមហ៊ុនជាសមាជិកចំនួន ៨ ៣០០ ក្រុមហ៊ុន ហើយកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយនភណ្ឌ កសិកម្ម និងសេវាកម្មជាដើម។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ប្រទេសកម្ពុជា និងកូរ៉េ មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាជាយូរមកហើយ ហើយផលិតផលដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េមានដូចជា វាយនភណ្ឌ និងផលិតផលកសិកម្ម ជាដើម។ ក្រៅពីការនាំចេញផលិតផល កម្ពុជាក៏មានពលកររបស់ខ្លួនជាច្រើនកំពុងបម្រើការងារ នៅក្នុងប្រទេសកូរ៉េផងដែរ។
ទាក់ទងនឹងចំនួនទឹកប្រាក់កម្ពុជានាំចេញទៅប្រទេសកូរ៉េនៅមានចំនួនទាបបើធៀបនឹងការនាំចូលនោះលោកវណ្ណៈ បានជំរុញឱ្យកម្ពុជាត្រូវខិតខំទាក់ទាញអ្នកវិនិយោគកូរ៉េឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផលិតសម្រាប់នាំទៅទីផ្សារកូរ៉េវិញ។
លោកលើកឡើងថា៖«ប្រទេសកូរ៉េជាទីផ្សារធំ និងមានប្រជាពលរដ្ឋច្រើន ដូច្នេះបើកម្ពុជាអាចផលិតផលិតផលណាដែលមានតម្រូវការនាំចូលច្រើន វានឹងជួយឱ្យកម្ពុជាពង្រីកទីផ្សារបានកាន់តែធំទៅកាន់ទីនោះ»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៥៤៩,៩៣ លានដុល្លារ កើនឡើង ៦,៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ១៥៦,៦២ លានដុល្លារ កើនឡើង ២១ ភាគរយ និងនាំចូលមានទឹកប្រាក់ ៣៩៣,៣១ លានដុល្លារ កើនឡើង ១,៥ ភាគរយ៕