ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំចំនួន ២ បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងស្ថិតក្នុងរង្វង់ ៥ ភាគរយក្នុងឆ្នាំ ២០២២ នេះ ដែលគាំទ្រដោយលទ្ធផលនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ ក៏ដូចជាការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការគាំទ្រគោលនយោបាយដែលកំពុងបន្ត បើទោះបីត្រូវបានរារាំងដោយសម្ពាធពីខាងក្រៅ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការអូសបន្លាយការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើន GDP ពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករនឹងមានចំនួន ៥ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពី ដំណើរការនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ និងជិត ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២១ ខែកញ្ញា បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជាក្នុងអត្រា ៥,៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានទម្លាក់ការព្យាករឆ្នាំ ២០២៣ មកនៅ ៦,២ ភាគរយ ពី ៦,៥ ភាគរយ ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែខ្សោយ។
យោងតាមលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជាក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ក្នុងខែកញ្ញានេះបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ប៉ុន្តែប្រឈមនឹងបញ្ហាប្រឈមថ្មីៗជាច្រើន។ កំណើន GDP បានស្ទុះងើបឡើងវិញនៅឆមាសទី ២ ឆ្នាំ ២០២២ ដែលជំរុញភាគច្រើនដោយការនាំចេញទំនិញ។
លោកបញ្ជាក់ថា នៅឆ្នាំនេះ សេដ្ឋកិច្ចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៅក្នុងប្រទេសចិន ការធ្លាក់ចុះតម្រូវការអ្នកប្រើប្រាស់ក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក និងអឺរ៉ុប។ អតិផរណាកើនឡើងដល់ ៧,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃថ្លៃប្រេងឥន្ធនៈ និងជី ទោះបីជាវាបានធ្លាក់មកនៅត្រឹម ៤,៩ ភាគរយក្នុងខែសីហាក៏ដោយ។ ការបញ្ជាទិញសម្រាប់ការនាំចេញក្នុងឆមាសទី ២ ឆ្នាំនេះបានធ្លាក់ចុះ ហើយទីផ្សារអចលនទ្រព្យក៏បានធ្លាក់ចុះដែរ។
លោកលើកឡើងថា៖ «ទោះបីមានសម្ពាធថ្មី ក៏ការងើបឡើងវិញត្រូវបានព្យាករថានឹងបន្តមាន។ កំណើន GDP ពិតប្រាកដត្រូវព្យាករថានឹងមានចំនួន ៥ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពីដំណើរការនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ និងជិត ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការគាំទ្រគោលនយោបាយដែលកំពុងបន្ត ទោះបីត្រូវបានរារាំងដោយសម្ពាធពីខាងក្រៅ និងផលប៉ះពាល់នៃការកើនឡើងតម្លៃលើប្រាក់ចំណូល។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានឱ្យដឹងថា ការកើនឡើងការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗនៃវិស័យសំណង់ និងសេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ទោះបីមានការថយចុះកំណើនវិស័យកសិកម្មដែលបណ្តាលពីការកើនឡើងនៃថ្លៃប្រេង ជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
លោកស្រីប្រាប់ថា៖ «អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលដូចជាកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំពុងមានប្រសិទ្ធភាពកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញ សម្រាប់ពលរដ្ឋក្រីក្រ»៕