ភ្នំពេញៈ រោងចក្រថាមពលជីវម៉ាស់ដ៏សំខាន់មួយស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២២ ខែកញ្ញា ដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាគំរូដ៏ល្អក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។
រោងចក្រថាមពលជីវម៉ាស់នេះ ត្រូវបានបង្កើតឡើងដើម្បីជាការរួមចំណែកដល់កិច្ចខិតខំកាត់បន្ថយការបញ្ចេញឧស្ម័ននៅក្នុងប្រទេសកម្ពុជា។ រោងចក្រនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ៨ ខែធ្នូ ដោយសហការជាមួយក្រុមហ៊ុនដៃគូ BECIS ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្រោមទុនវិនិយោគប្រមាណ ៦ លានដុល្លារ។
មានទីតាំងនៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង រោងចក្រនេះនឹងប្រើប្រាស់អង្កាមដែលមានប្រភពមកពីខេត្តព្រៃវែង ហើយវានឹងផ្គត់ផ្គង់ថាមពលទៅដល់រោងចក្រស្រាបៀរ Heineken Cambodia។
លោក Dolf van den Brink អគ្គនាយកក្រុមហ៊ុន Heineken Cambodia បានថ្លែងក្នុងពិធីសម្ពោធរោងចក្រនេះថា រោងចក្រជីវម៉ាសថ្មីនេះនឹងក្លាយជាជំហានដ៏សំខាន់មួយនៃគោលដៅរបស់ក្រុមហ៊ុនក្នុងការផលិតស្រាបៀរ។
លោកនិយាយថា៖ «នៅទូទាំងពិភពលោក យើងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និងដៃគូរបស់យើងដើម្បីសម្រេចគោលដៅប្រកបដោយមហិច្ឆតារបស់យើងនៃការបំភាយឧស្ម័នសូន្យក្នុងផលិតកម្មផ្ទាល់របស់យើងត្រឹមឆ្នាំ ២០៣០ និងខ្សែចង្វាក់តម្លៃទាំងមូលរបស់យើងនៅត្រឹមឆ្នាំ ២០៤០»។
លោកបន្ថែមថា កម្ពុជាកំពុងផ្លាស់ប្តូរទៅជាប្រទេសដែលបញ្ចេញឧស្ម័នក្នុងកម្រិតទាប និងការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់សម្រាប់ការលក់ឥណទានកាបូនប្រកបដោយជោគជ័យនៅក្នុងទីផ្សារពិភពលោកដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុនប្ដេជ្ញានឹងរួមចំណែកក្នុងដំណើរនេះ និងដើរតួនាទីជាផ្នែកមួយនេះនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ជាមួយនឹងរោងចក្រជីវម៉ាស់តម្លៃ ៦ លានដុល្លារនេះ ក្រុមហ៊ុននឹងប្តូរទៅប្រើប្រាស់ថាមពលជីវម៉ាស់។ ក្រុមហ៊ុន Heineken Cambodia រំពឹងថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកមកនៅត្រឹម ៦០ ភាគរយក្នុងការផលិតរបស់ខ្លួន។
លោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS បានឱ្យដឹងថា ការដាក់ឱ្យដំណើរការថាមពលកកើតឡើងវិញជីវម៉ាស់នេះនឹងមិនត្រឹមតែរួមចំណែកទៅដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដល់សហគមន៍ដោយបង្កើតការងារ និងធ្វើជាគំរូក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញផងដែរ។
លោកបញ្ជាក់ថា៖ «អ្វីជាគម្រោងដ៏សំខាន់នៃរោងចក្រនេះសម្រាប់ក្រុមហ៊ុន BECIS Cambodia គឺដើម្បីចែករំលែកចំណេះដឹង និងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងសាលារៀនលើដំណោះស្រាយថាមពលកកើតឡើងវិញ និងគំនិតផ្តួចផ្តើមចរាចរណ៍សេដ្ឋកិច្ច តាមរយៈឧទាហរណ៍ពីរោងចក្រនេះ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានឱ្យដឹងថា រោងចក្រជីវម៉ាស់នេះមិនត្រឹមតែបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងកិច្ចខិតខំដោះស្រាយបញ្ហាបរិស្ថានផងដែរ។
លោកបញ្ជាក់ថា៖ «ការវិនិយោគនេះបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងចក្ខុវិស័យរយៈពេលវែងរបស់វិនិយោគិននៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា»៕