១. តើ​អ្វី​ទៅជា​ភាគហ៊ុន និង​សញ្ញា​បណ្ណ​?

​ភាគហ៊ុន ជា​មូល​ប​ត្រ​កម្មសិទ្ធិ ដែល​អ្នកវិនិយោគ​ភាគហ៊ុន​មាន​ភាពជាម្ចាស់​កម្មសិទ្ធិ​ ១​ ផ្នែក​នៅក្នុង​ក្រុមហ៊ុន​នោះ​។ អ្នកកាន់កាប់​ភាគហ៊ុន​ហៅថា ​ភាគ​ហ៊ុ​និក​នឹង​ទទួលបាន​ភាគលាភ​ទៅតាម​សមាមាត្រ​នៃ​ចំនួន​ភាគហ៊ុន​ដែល​កាន់កាប់​ទៅតាម​ប្រាក់ចំណេញ​ដែល​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ទទួលបាន ដោយ​បែងចែក​ប្រចាំឆមាស ឬ​ប្រចាំឆ្នាំ ដែល​មានចែង​នៅក្នុង​សៀវភៅ​ឯកសារ​ផ្តល់ព័ត៌មាន​របស់​ក្រុមហ៊ុន​បោះផ្សាយ​។ ម្យ៉ាងវិញទៀត

​ភាគ​ហ៊ុ​និក​អាច​ទទួលបាន​ប្រាក់ចំណេញ​មូលធន តាមរយៈ​ការលក់​ភាគហ៊ុន បើ​ភាគហ៊ុន​នោះ​ឡើងថ្លៃ​។ ភាគហ៊ុន គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែលមាន​ប្រជា​-​ប្រិយភាព​ជាងគេ​នៅក្នុង​ពិភពលោក និង​នៅ​កម្ពុជា​។

​សញ្ញា​បណ្ណ គឺជា​ប្រភេទ​មូល​ប​ត្រ​បំណុល​ដែល​តំណាងឱ្យ​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​បុគ្គល​បោះផ្សាយ​មូល​ប​ត្រ​បំណុល (​រួមមាន​សាជីវកម្ម សហគ្រាស​រដ្ឋ ឬ​រាជរដ្ឋាភិបាល​) និង​វិនិយោគិន (​ម្ចាស់​មូល​ប​ត្រ​បំណុល​) ដែល​មានន័យថា​អ្នកកាន់កាប់​សញ្ញា​បណ្ណ​នេះ ជា​អ្នក​ឱ្យ​លុយ​ទៅ​គេ​ខ្ចី ដោយ​ទទួលបាន​មកវិញ​នូវ​ការប្រាក់ ដែល​បានកំណត់​ទុកជាមុន (​អត្រា​គូ​ប៉ុង​) ហើយ​ថ្លៃ​របស់​វា​ប្រែ​ប្រួល​នៅក្នុង​ដែន​ដែល​កំណត់ដោយ​អត្រា​ការប្រាក់​។

អ្នកកាន់កាប់​សញ្ញា​បណ្ណ​នឹង​ត្រូវបាន​ទូទាត់​ប្រាក់​សង​វិញ (​ទាំង​ប្រាក់​ដើម និង​ការប្រាក់​) នៅពេល​ដល់​ឥណប្រតិទាន ដែលជា​ទូទៅ​មាន​រយៈពេល​ពី ១ ទៅ ១០ ឆ្នាំ ឬ ២០ ឆ្នាំ​។ ដោយឡែក ក្នុងករណី​ក្រុមហ៊ុន ក្ស័យធន ម្ចាស់​មូល​ប​ត្រ​បំណុល​ត្រូវបាន​ទូទាត់​សង​មុន​ម្ចាស់​ភាគហ៊ុន​។

២. ភាពខុសគ្នា​រវាង​ភាគហ៊ុន និង​សញ្ញា​បណ្ណ​

៣. អត្ថប្រយោជន៍​ទីផ្សារ​មូ​លប​ត្រ​

ចំពោះ​វិនិយោគិន

- ​ទទួលបាន​ភាគលាភ ឬ​ការប្រាក់ (​ប្រាក់ចំណូល​អកម្ម​)

- ​ប្រាក់ចំណេញ​ពី​ការទិញ​លក់​មូល​ប​ត្រ (​ចំណេញ​មូលធន​)

-​ ​ការធ្វើ​ពិពិធ​កម្ម​ការវិនិយោគ (Diversification)

-​ ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​

-​ ​ការលើកទឹកចិត្ត​ពន្ធដារ​

ក្រុមហ៊ុន​បោះផ្សាយ​

- ​ទទួលបាន​ប្រភព​ហិរញ្ញប្បទាន​រយៈពេល​វែង​

- ​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធ​

- ​ទទួលបាន​និរន្តរភាព​អាជីវកម្ម ជាមួយនឹង​អភិបាលកិច្ច​សា​ជីវ​កម្ម និង​ការគ្រប់គ្រង​ផ្ទៃ ក្នុង​ដែល​រឹងមាំ​

- ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កេរ្តិ៍​-​ឈ្មោះ និង​សក្តានុពល​របស់​ក្រុមហ៊ុន​។​

​សេដ្ឋកិច្ចជាតិ​

- ​អាច​ប្រមូល​ទុន​ដោយផ្ទាល់​ពី​សាធារណជន មកប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម ឬ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ

- ​ធ្វើឱ្យ​សាច់ប្រាក់ ដែល​នៅ​សេស​​សល់​នៅក្នុង​សេដ្ឋកិច្ច​ឱ្យមាន​ចរន្ត​វិលជុំ ដោយ​ប្រើប្រាស់​អស់​លទ្ធភាព

- ​អ្នកមាន​ដើមទុន​តិច​ក៏​អាច​វិ​និ​-​យោគ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​បាន ជាជាង​ការ​ទុក​សាច់ប្រាក់​ឱ្យនៅ​ ១ ​កន្លែង​

- ​ឱកាស​ការងារ​សម្រាប់​ប្រជាជន​ក្នុងស្រុក​ថែម​ទៀតផង​។​

៤. តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​អាច​ជួញដូរ​មូល​ប​ត្រ​បាន​?

​ដើម្បី​អាច​ចាប់ផ្តើម​វិនិយោគ​នៅ​​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន សាធារណ​​ជន​តម្រូវឱ្យមាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) និង​គណនី​ជួញដូរ​។ សាធារណជន​អាច​ស្នើសុំ​លេខ​អត្តសញ្ញាណ វិនិយោគិន​នេះ​ដោយផ្ទាល់​នៅ ន​.​ម​.​ក​. ឬ​តាមរយៈ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី ន​.​ម​.​ក​. ឬ​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​តំណ​ភ្ជាប់ https://id.serc.gov.kh/kh​។​

​បន្ទាប់ពី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន សាធារណជន ត្រូវ​បើក​គណនី​ជួញដូរ​ជាមួយ​ក្រុមហ៊ុន មូល​​ប​ត្រ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ឬ​ការអនុញ្ញាត​ពី ន​.​ម​.​ក​. និង​តម្កល់​ប្រាក់​តាម​ការកំណត់​។ វិនិយោគិន​ម្នាក់ អាច​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន​តែមួយ​ប៉ុណ្ណោះ ប៉ុន្តែ​អាច​បើក​គណនី​ជួញដូរ​លើសពី​មួយ​បាន​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ផ្សេងៗ​គ្នា​។

​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​កា​រវិ​និ​យោគ វិនិយោគិន​គួរ​មានចំណេះដឹង​អំពី​ការវិភាគ​បែប​មូលដ្ឋាន និង​ការ​​វិភាគ​បែប​បច្ចេកទេស​។​

៥. ការវិភាគ​បែប​មូលដ្ឋាន​

​ការវិភាគ​ជា​មូលដ្ឋាន គឺជា​ការសិក្សា​អំពី​កត្តា​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណូល និង​ភាគលាភ​របស់​​ក្រុមហ៊ុន​។ ការវិភាគ​ជា​មូលដ្ឋាន​សិក្សា​ពី​ទំនាក់ទំនង​រវាង​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន និង​ធាតុ​សំខាន់​ផ្សេងៗ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​។​

​ការវិភាគ​ជា​មូលដ្ឋាន គឺជា​ការវិភាគ​ទៅ​ពេលអនាគត ទោះបីជា​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​ទិន្នន័យ​ពី​អតីត​​កាល​ក៏ដោយ ក្នុង​គោលបំណង​វិភាគ​ទៅលើ​តម្លៃ​ក្រុមហ៊ុន និង​កំណើន​​នាពេល​អនាគត​។​

៦. ការវិភាគ​បែប​បច្ចេកទេស​

​ការវិភាគ​បែប​បច្ចេកទេស គឺជា​ការសិក្សា​អំពី​បម្រែបម្រួល​តម្លៃ​នៃ​ភាគហ៊ុន​មួយ ឬ​ទីផ្សារ​ទាំងមូល​ពី​អតីតកាល​។ គំនូសតាង​គឺជា​សូចនាករ​គន្លឹះ​ដែល​ប្រើ​ក្នុង​ការវិភាគ​បែប​បច្ចេក​​ទេស ដូចជា ក្រាប និន្នាការ ទំហំ​នៃ​ការជួញដូរ និង​បម្រែបម្រួល​ជា​មធ្យម ជាដើម​៕

រៀបចំ​ដោយ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​

​នាយកដ្ឋាន​ត្រួតពិនិត្យ​ទីផ្សារ​មូល​ប​ត្រ​

​អ៊ី​មែ​ល​៖ marketsup@serc.gov.kh​ ​

ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១