ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ថា ការទូទាត់តាមប្រព័ន្ធឌីជីថលអាចនាំមកនូវការសន្សំថ្លៃដើមយ៉ាងច្រើនសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលមិនត្រឹមតែទាក់ទងនឹងការសម្រួលដល់ដំណើរការគ្រប់គ្រងសាច់ប្រាក់របស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងទាក់ទងការកាត់បន្ថយឱកាសក្នុងការក្លែងបន្លំ ឬអំពើពុករលួយដែលអាចកើតមានផងដែរ។
ការអត្ថាធិប្បាយរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងវេទិកាហិរញ្ញវត្ថុ SME សកលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកញ្ញា។ លោកបានឱ្យដឹងថា MSMEs ដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ឧទាហរណ៍ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម ចំនួន ៩៩ ភាគរយ នៃសហគ្រាសនៅកម្ពុជាហើយរួមចំណែកជាង ៧០ ភាគរយ ដល់ការងារ និង ៥៨ ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប។
លោកបន្តថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកត្តាជំរុញសំខាន់នៃការងារសមរម្យ និងភាពជាសហគ្រិនសម្រាប់ស្ត្រី និងការបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលងាយរងគ្រោះ រួមចំណែកដល់វិបុលភាពរួមគ្នា កំណើនសេដ្ឋកិច្ចបរិយាប័ន្នផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ។
លោកថ្លែងថា៖ «ទោះបីតួនាទី និងការរួមចំណែកដ៏សំខាន់របស់ពួកគេចំពោះសេដ្ឋកិច្ចក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅបន្តប្រឈមនឹងបញ្ហាជាច្រើន ហើយបញ្ហាសំខាន់បំផុតមួយ គឺលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ បញ្ហាប្រឈមរបស់ពួកគេបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារផលប៉ះពាល់នៃការរីករាលជំងឺកូវីដ ១៩ ពិសេសក្នុងប្រទេសដែលរីកចម្រើនរហ័ស និងកំពុងអភិវឌ្ឍន៍ដែលសហគ្រាសធុនមីក្រូ តូច និងមធ្យមភាគច្រើនស្ថិតក្នុងវិស័យក្រៅផ្លូវការ»។
លោកបន្តថា អាជីវកម្មខ្នាតតូចមិនមានសកម្មភាពរក្សាកំណត់ត្រាជាផ្លូវការដូចជាគណនីហិរញ្ញវត្ថុ ឬរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មនោះទេ។ ការណ៍នេះបណ្តាលឱ្យពួកគេជាច្រើនមិនបានទទួល ឬបានទទួលមិនគ្រប់នូវសេវាហិរញ្ញវត្ថុ ដែលផ្ដល់ដោយស្ថាប័នហិរញ្ញវត្ថុផ្លូវការ។
លោកបញ្ជាក់ថា៖ «ការរីករាលដាលកូវីដ ១៩ បានពន្លឿនការធ្វើឌីជីថលូបនីយកម្មនៃការទូទាត់។ យោងតាមស្ថិតិសៀវភៅក្រហមចុងក្រោយបំផុតពីធនាគារសម្រាប់គណៈកម្មាធិការទូទាត់អន្តរជាតិស្តីពីការទូទាត់ និងរចនាសម្ព័ន្ធទីផ្សារអ្នកប្រើប្រាស់បានផ្លាស់ប្តូរពីសាច់ប្រាក់រូបវន្តទៅជាការទូទាត់ឌីជីថល និងការទូទាត់និម្មិតបច្ចេកវិទ្យា»។
លោកបញ្ជាក់ថា៖ «ដោយទទួលស្គាល់សក្តានុពលដ៏ធំនៃការទូទាត់តាមឌីជីថល ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នូវ BAKONG ដែលជាប្រព័ន្ធទូទាត់ជាតិផ្អែកលើបច្ចេកវិទ្យា Block-chain ដែលមានគោលបំណងផ្តល់ជូននូវសេវាកម្មទូទាត់មានតម្លៃទាប សុវត្ថិភាព រហ័ស និងងាយស្រួលដល់ប្រជាជន និងអាជីវកម្មខ្នាតតូចកម្ពុជា»។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកញ្ញាថា ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech) កំពុងជំរុញសកម្មភាពសហគ្រាសធុនមីក្រូ តូច និងមធ្យមពិសេសនៅក្នុងបរិបទនៃយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤។
លោកថ្លែងថា៖ «ពិតណាស់ យើងគួរទទួលស្គាល់ថា Fintech កំពុងដើរតួនាទីសំខាន់ក្នុងវិស័យធុរកិច្ច ជាពិសេស MSMEs ព្រោះវាជួយកាត់បន្ថយពេលវេលា និងថ្លៃដើមផលិតកម្ម។ ទន្ទឹមនឹងនេះវាក៏ឆ្លើយតបនឹងអ្វីដែលរដ្ឋាភិបាលចង់បានផងដែរ។ ចាប់ពីអ្វីដែលខ្ញុំទទួលបានមតិកែលម្អពី MSMEs ពួកគេសប្បាយចិត្តពីការប្រើប្រាស់ Fintech សម្រាប់អាជីវកម្មរបស់ពួកគេ»។
លោកបន្តថា៖ «ភារកិច្ចរបស់យើងគឺផ្លាស់ប្តូរពួកគេពីសហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយគ្រួសារទៅជាសាជីវកម្ម។ មានន័យថា នៅពេលពួកគេក្លាយជាសាជីវកម្ម ពួកគេទទួលបានកម្លាំងពលកម្មកាន់តែច្រើន សមត្ថភាពកាន់តែច្រើន មូលនិធិ និងផលិតភាពកាន់តែច្រើន»៕