ភ្នំពេញៈ កម្ពុជា-ចក្រភពអង់គ្លេស បានប្ដេជ្ញានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែល្អ និងរីកចម្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២២ មានទឹកប្រាក់ជាង ៦៨៧ លានដុល្លារ កើនប្រមាណ ២១០ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ការប្តេជ្ញានេះបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក James Duddridge រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស នាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៣ ខែកញ្ញា។
លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះជំនួបជាមួយ លោក James Duddridge និងបានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលតែងផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ដែលក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញពីកម្ពុជា (GSP) ការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការជួយពង្រឹងការនាំចេញវិស័យយានយន្ដ និងអេឡិចត្រូនិក និងការបរិច្ចាគវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាដើម។
លោក James Duddridge បានបង្ហាញការរីករាយចំពោះជំនួបពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសឱ្យកាន់តែរឹងមាំថែមទៀត។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេស មានទឹកប្រាក់សរុប ៦៨៧ លានដុល្លារ កើនឡើង ៤៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៤៧៧,០៨ លានដុល្លារ។ ក្នុងនោះកម្ពុជានាំទៅចក្រភពអង់គ្លេស ចំនួន ៦២៧,២២ លានដុល្លារ កើន ៤២,១ ភាគរយ និងការនាំទំនិញពីចក្រភពអង់គ្លេសមាន ៥៩,៧៨ លានដុល្លារ កើនឡើង ៦៧,៤ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេសមានកំណើនជាបន្តបន្ទាប់ ដោយលើកលែងតែក្នុងអំឡុងពេលជំងឺកូវីដ ១៩ រាលដាលខ្លាំងប៉ុណ្ណោះ។ ចក្រភពអង់គ្លេស គឺជាទីផ្សារធំដែលទទួលទិញទំនិញពីកម្ពុជាមានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិផលមួយចំនួន។ GSP ដែលចក្រភពអង់គ្លេសផ្តល់ឱ្យកម្ពុជា អាចជាផ្នែកមួយនៃការប៉ះប៉ូវពីការបាត់បង់ EBA ចំនួន ២០ភាគរយរបស់សហគមន៍អឺរ៉ុបដែលផ្តល់ឱ្យកម្ពុជា។
លោកលើកឡើងថា៖ «ដោយសារកម្ពុជាទទួលបាន GSP ពីអង់គ្លេស ហើយអង់គ្លេសមានកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មមួយចំនួនជាមួយសហភាពអឺរ៉ុប ដូច្នេះតាមរយៈនេះ ទំនិញកម្ពុជាក៏បានចូលទៅកាន់ទីផ្សារអឺរ៉ុបតាមរយៈអង់គ្លេសផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៧ ខែកញ្ញាថា ចក្រភពអង់គ្លេស ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ដូច្នេះកម្ពុជាត្រូវខិតខំបង្កើនគុណភាពផលិតផលរបស់ខ្លួនឱ្យបានល្អបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅទីនោះ។ ទំនាក់ទំនងផ្នែកនយោបាយ និងពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេស គឺមានភាពល្អប្រសើរតាំងពីអង់គ្លេសនៅជាសមាជិកសហភាពអឺរ៉ុប។
លោកបន្ថែមថា៖ «តាមរយៈទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំង ២ ខ្ញុំរំពឹងថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានសម្ទុះថែមទៀត។ ការផ្តល់ GSP របស់អង់គ្លេសនឹងជួយឱ្យទំនិញមួយចំនួនរបស់កម្ពុជា អាចឆ្លងទៅប្រទេសតំបន់អឺរ៉ុបផងដែរ»។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមដំណាច់ឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើន ១១,២ ភាគរយ បើធៀបឆ្នាំ ២០២០។ ក្នុងនោះការវិនិយោគរបស់ចក្រភពអង់គ្លេសមាន ១,៤ ពាន់លានដុល្លារ ស្មើ ៣,៤ ភាគរយ នៃការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា។
ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស មានចំនួន ៧៨៨,៦៥ លានដុល្លារ ធ្លាក់ចុះ ១០,៦ ភាគរយ ធៀបឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជា មាន ៧៣១,៨៤ លានដុល្លារ ធ្លាក់ចុះ ១១,៩ ភាគរយនិងទំនិញនាំមកពីអង់គ្លេសមាន ៥៦,៨១ លានដុល្លារកើនឡើង ១០,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕