ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីពន្ធដារនឹងត្រូវរដ្ឋាភិបាល និងសភាជាតិអនុម័តនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ ដែលច្បាប់ថ្មីនេះតាក់តែងឡើងឱ្យស្របទៅនឹងបរិបទសេដ្ឋកិច្ចប្រទេស តំបន់ និងពិភពលោក ដើម្បីទាក់ទាញវិនិយោគថ្មីៗដ៏មានសក្តានុពលឱ្យមកវិនិយោគនៅប្រទេសកម្ពុជា។
លោក គង់ វិបុល អគ្គនាយក GDT បានថ្លែងក្នុងវេទិកាស្តីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពាណិជ្ជកម្មអាមេរិក-AmCham Tax Updates and Audits Event» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញាថា ចាប់តាំងពីច្បាប់ស្តីពីការវិនិយោគថ្មីត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ច្បាប់ស្តីពីពន្ធដារមិនទាន់បានដាក់ឱ្យដំណើរការទេ។ ច្បាប់ទាំង ២ គួរត្រូវបានដើរទន្ទឹមគ្នា។
លោកលើកឡើងថា៖ «ខណៈច្បាប់ពន្ធដារអត់មានការលើកទឹកចិត្ត ដូច្នេះហើយមានមនុស្សជាច្រើនតែងតែសួរយើងខ្ញុំថា តើយើងគួរធ្វើបច្ចុប្បន្នភាពច្បាប់ពន្ធដារដែរ ឬយ៉ាងណា? អ៊ីចឹងនៅពេលដែលយើងធ្វើសេចក្តីព្រាងច្បាប់ពន្ធដារគឺយើងធ្វើឡើងនៅថ្នាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុតិ្តធម៌អ្នកពិនិត្យមើលទៅលើច្បាប់ពាក់ព័ន្ធជាមួយបទល្មើសព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងពិនិត្យមើលទៅលើប្រការនីមួយៗ ដើម្បីឱ្យស្របទៅនឹងច្បាប់ផ្សេងៗ»។
លោក Anthony Galliano ប្រធាន AmCham បានឱ្យដឹងក្នុងកម្មវិធីនោះថា GTD កំពុងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារនារយៈជាច្រើនឆ្នាំមកនេះ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់អ្នកបង់ពន្ធ។
លោកថ្លែងថា៖ «ខ្ញុំចង់ឆ្លៀតឱកាសនេះសាទរ និងដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែល GDT សម្រេចបាន ហើយសូមអបអរសាទរចំពោះការងារដ៏អស្ចារ្យ។ ខ្ញុំចាប់ផ្តើមក្នុងអាជីវកម្មពន្ធដារជិត ១ ទសវត្សរ៍ហើយ។ ខ្ញុំអាចបញ្ជាក់បានថាអគ្គនាយកដ្ឋានពន្ធដារ គឺពិតជាធ្វើការកែទម្រង់ជាច្រើនពិតមែន»។
លោក គង់ វិបុល បានបញ្ជាក់ថា ក្រុមការងារច្បាប់របស់ GDT បានធ្វើសេចក្តីព្រាងច្បាប់នេះជាយូរឆ្នាំហើយ ដែលសេចក្តីព្រាងច្បាប់ថ្មីនេះគឺធ្វើឡើងផ្អែកលើការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចកម្ពុជា និងស្របតាមកំណើនសេដ្ឋកិច្ច ឬការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះគឺផ្អែកលើធាតុចូលពីវិស័យឯកជនផងដែរ និងតាមរយៈក្រុមការងារពន្ធដារ ក្រុម «ឃ» ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងវិស័យឯកជន។
លោកថ្លែងថា៖ «យើងរៀបចំសេចក្តីព្រាងច្បាប់នេះឡើងសំដៅធ្វើយ៉ាងណាឱ្យមានលក្ខណៈងាយស្រួល សម្រាប់អ្នកជាប់ពន្ធ និងសមស្របជាមួយច្បាប់ស្តីពីការវិនិយោគផងដែរ។ ខ្ញុំសង្ឃឹមថានៅចុងឆ្នាំនេះ ឬនៅចុងអាណត្តិនេះច្បាប់ពន្ធដារថ្មីរបស់យើងនឹងអាចអនុម័តដោយរដ្ឋាភិបាល និងរដ្ឋសភារបស់យើង។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះស្ថិតក្នុងដៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោក វិបុល បានបញ្ជាក់ថា៖ «ខ្ញុំជឿថា ច្បាប់ស្តីពីការវិនិយោគក៏ផ្តល់នូវរូបភាពច្បាស់លាស់អំពីវិស័យឧស្សាហកម្មនានា ដែលទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ដូច្នេះយើងក៏ត្រូវរៀបចំច្បាប់ស្តីពីពន្ធដាររបស់យើងឱ្យមានលក្ខណៈស៊ីគ្នានឹងច្បាប់ស្តីពីការវិនិយោគផងដែរ ដើម្បីកុំឱ្យមានការបកស្រាយខុសទៅលើច្បាប់របស់យើង។ យើងទាំងអស់គ្នាត្រូវដឹងអំពីបទប្បញ្ញត្តិច្បាស់លាស់ និងដើម្បីពង្រីកវិសាលភាពរបស់យើងក្នុងការទាក់ទាញការវិនិយោគថ្មីៗ»៕