ភ្នំពេញៈ លោកស្រី ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន CBC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទិន្នន័យហិរញ្ញវត្ថុនៅកម្ពុជាដោយរក្សាទុកទិន្នន័យឥណទានរបស់អតិថិជនប្រមាណជាង ៧ លាននាក់ក្នុងប្រព័ន្ធស្នូលរបស់ខ្លួនដើម្បីបម្រើជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៅក្នុងការលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពទីផ្សារឥណទាន។
ការលើកឡើងរបស់លោកស្រី ជា សិរី បានធ្វើឡើងក្នុងកម្មវិធីខួប ១០ ឆ្នាំនៃការបង្កើត CBC កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។ លោកស្រីបានបន្តទៀតថា បើគ្មានវត្តមានរបស់ CBC គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់អាចនឹងប្រឈមនូវការចំណាយប្រតិបត្តិការខ្ពស់ និងកង្វះនូវព័ត៌មានដ៏មានសារៈសំខាន់របស់អ្នកខ្ចីប្រាក់ ហើយក៏អាចបង្កជាហានិភ័យនៅពេលការសម្រេចចិត្តផ្តល់ឥណទាន។ ជាការពិតព័ត៌មានឥណទានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតម្លាភាព គឺជាតម្រូវការចាំបាច់បំផុត និងដំបូងគេបង្អស់សម្រាប់គ្រប់គ្រងហានិភ័យ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រីបញ្ជាក់ថា CBC កំពុងរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រស្ថិរភាពហិរញ្ញវត្ថុ រួមមាន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចប្រើប្រាស់ប្រព័ន្ធចែករំលែកឥណទានរបស់ CBC ដើម្បីពិនិត្យមើលហានិភ័យប្រាក់កម្ចី និងសម្ពាធឥណទានទាំងមូល និងអាចជួយដល់ធនាគារជាតិនៃកម្ពុជាក្នុងការស្វែងយល់ពីហានិភ័យឥណទាននៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុបានផ្តល់កម្ចីជូនអតិថិជនខ្លួន និងអាចចាត់វិធានការឆ្លើយតបបានរហ័ស និងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការបញ្ចៀសហានិភ័យផ្សេងៗ។
លោកស្រីថ្លែងថា៖ «វត្តមានប្រព័ន្ធចែករំលែកព័ត៌មានឥណទានប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាពពិតជាជួយទីផ្សារហិរញ្ញវត្ថុឥណទានកាន់តែមានអំណោយផល តាមរយៈការកាត់បន្ថយការផ្តល់ឥណទានខ្វះខាតព័ត៌មានរបស់អ្នកខ្ចី»។
លោកស្រីបន្តទៀតថា៖ «CBC បានរួមចំណែកជួយជំរុញឱ្យវិស័យហិរញ្ញវត្ថុ និងទីផ្សារឥណទានរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះបានជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពទទួលបានឥណទានកាន់តែធំទូលាយ និងមានកំណើនរៀងរាល់ឆ្នាំ។ CBC មិនត្រឹមតែរក្សាទុកនូវព័ត៌មានប្រវត្តិឥណទានអវិជ្ជមានប៉ុណ្ណោះទេ ក៏ប៉ុន្តែព័ត៌មានប្រវត្តិវិជ្ជមានផងដែរក្នុងគោលបំណងលើកទឹកចិត្តក្នុងការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវរបស់អ្នកខ្ចី»។ នេះបើយោងតាមការថ្លែងរបស់លោកស្រី ជា សិរី។
លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធចែករំលែកឥណទានគឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រលើការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាពខ្ពស់ និងការប្រកួតប្រជែងស្មើភាពគ្នា សំដៅកាត់បន្ថយហានិភ័យរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកបង្កើតបរិយាប័ន្នហិរញ្ញវត្ថុ។
លោកស្រីថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជាបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកសូមបន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជាដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រព័ន្ធធនាគារតាមរយៈបទប្បញ្ញត្តិជាធរមាន»។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC បានឱ្យដឹងថា CBC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានសមាជិកត្រឹម ៥១ ស្ថាប័ន ហើយបានកើនរហូតដល់ ១៨១ ស្ថាប័ននាពេលនេះ។ ចាប់តាំងពីឆ្នាំ ២០១២ មក CBC បានក្លាយជាអ្នកផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ និងអ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា។
លោកបន្ថែមថា CBC បានជួយដល់អតិថិជន និងសមាជិកខ្លួនទាំងអស់ក្នុងការគ្រប់គ្រងហានិភ័យ និងធ្វើការ សម្រេចចិត្តបានរហ័សតាមរយៈសេវាកម្មដូចជា របាយការណ៍ឥណទានផ្ទាល់ខ្លួន របាយការណ៍ឥណទានក្រុមហ៊ុន សេវាវិភាគទិន្នន័យ សេវាតាមដានសេវាត្រួតពិនិត្យឥណទានជាដើម។
លោកថ្លែងថា៖ «ដោយសារសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស ក្រុមហ៊ុនយើងតែងតែស្រាវជ្រាវ និងអភិវឌ្ឍផលិតផលបន្ថែមទៀតដើម្បីធានាថា យើងអាចផ្តល់នូវសេវាកម្មល្អជូនដល់ស្ថាប័នដែលជាសមាជិករបស់យើង»៕