ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជាបានចាត់ទុកថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចក្នុងអត្រាដ៏ខ្ពស់នាពេលជាង ២ ទសវត្សរ៍មកនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដ៏មានសក្តានុពលក្នុងតំបន់ក្នុងការទាក់ទាញវិនិយោគថ្មីៗ។
នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co., Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៣០ ខែកញ្ញា។
លោកបានថ្លែងថា នាពេលបច្ចុប្បន្ន និងបន្តទៅមុខរដ្ឋាភិបាលបាននិងកំពុងបង្កើនកិច្ចខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលថែមទៀត សម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
លោកបន្តថា៖ «ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ»។
ជាមួយគ្នានេះលោកបន្ថែមថា រដ្ឋាភិបាលក៏បានខិតខំធ្វើការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសនៅក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករនិយោជិត ដែលសុទ្ធសឹងតែជាដៃគូដ៏សំខាន់។
លោកនិយាយថា៖ «ក្នុងរយៈពេលប្រមាណជាង ២ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ ក្នុងសកលលោកជាមួយនឹងអត្រាកំណើនជាមធ្យមជាង ៧ ភាគរយ ក្នុង ១ ឆ្នាំ»។
កាលពីចុងខែកញ្ញា ធនាគារពិភពលោក (WB) បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កម្ពុជានឹងកើនឡើងដល់ ៤,៨ ភាគរយដោយកើនឡើងពី ៤,៥ ភាគរយនៃការព្យាករកាលពីខែមេសាកន្លងមក សម្រាប់ឆ្នាំ ២០២២ នេះ។
ធនាគារនេះបន្តថា សម្ទុះនៃការងើបសេដ្ឋកិច្ច គឺដោយសារតែការវិនិយោគ និងពាណិជ្ជកម្មដែលបានកើនឡើង។ តម្លៃគម្រោងវិនិយោគផ្ទាល់បរទេស (FDI) ដែលបានអនុម័តបានកើនដល់ ៣១៥ លានដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២២។ WB បានព្យាករថា សម្រាប់ឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវរំពឹងថា នឹងកើនដល់ ៥,២ ភាគរយដែលត្រូវបានគាំទ្រ ដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក។
បើតាមលោក ហ៊ុន ម៉ាណែត ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេសក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្រុងបាវិត ដោយចាប់ផ្តើមក្នុងឆ្នាំ ២០២១ គឺអំឡុងពេលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។
លោកបញ្ជាក់ថា៖ «ទង្វើនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុនពិតជាមានការជឿជាក់ និងការប្តេជ្ញាខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជន។ ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ ១៩»៕