ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជាកាណាដា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ មានទឹកប្រាក់ប្រមាណ ៨០៤ លានដុល្លារ កើនឡើងជាង ១/៥ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពជិត ៧៥៦ លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗចាប់ពីខែមករា ដល់ខែសីហារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា រយៈពេល ៨ ខែឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៨០៤,៤ លានដុល្លារ កើនឡើង ២២,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៦៥៦,០៧ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅកាណាដា ៧៨០,១៩ លានដុល្លារ កើន ២៤ ភាគរយ និងទំនិញនាំពីកាណាដា ២៤,២២ លានដុល្លារ ធ្លាក់ចុះ ១០,៤ ភាគរយ។
យោងតាមស្ថិតិខាងលើជញ្ជីងពាណិជ្ជកម្មកម្ពុជា រយៈពេល ៨ ខែ ឆ្នាំ ២០២២ មានឧត្តមភាព ៧៥៥,៩៧ លានដុល្លារ។ រយៈពេល ៨ ខែ ឆ្នាំ ២០២២ កាណាដា គឺជាទីផ្សារធំទី៥ ដែលទិញទំនិញពីកម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន និងប្រទេសជប៉ុន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែតុលាថា កាណាដា គឺជាទីផ្សារទទួលទិញទំនិញធំពីកម្ពុជាដោយទឹកប្រាក់ដែលកម្ពុជានាំទៅកាណាដាបានកើនជារៀងរាល់ឆ្នាំ។ កំណើននេះ គឺដោយសារកត្តាមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត, ការផ្តល់ភាពអនុគ្រោះផ្នែកពន្ធគយ (GSP) របស់កាណាដា សម្រាប់ទំនិញកម្ពុជា, កម្ពុជាមានការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីនោះផងដែរ។
លោកថ្លែងថា៖ «តាមអ្វីដែលមានដូចលើកឡើងខាងលើ ខ្ញុំគិតថា ទឹកប្រាក់ដែលកម្ពុជានាំចេញទៅប្រទេសកាណាដា នឹងមានកំណើនជាបន្តទៀត»។
លោកបន្តទៀតថា តាមរយៈផែនការដែលលោកនាយករដ្ឋមន្ត្រីកាណាដានឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជានាខែវិច្ឆិកាខាងមុខ លោករំពឹងថា នឹងមានការពិភាក្សាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-កាណាដាផងដែរ។
យោងតាមលោក លឹម ហេង ទំនិញកម្ពុជានាំទៅទីផ្សារកាណាដាភាគច្រើនជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ គ្រឿងបង្គុំអគ្គិសនីអេឡិចត្រូនិក និងផលិតផលកសិកម្ម ចំណែកទំនិញនាំពីកាណាដា មានដូចជា រថយន្ត គ្រឿងសំណង់ និងគ្រឿងបរិក្ខារប្រើបច្ចេកវិទ្យាទំនើបៗ។
សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ដែលការិយាល័យនោះត្រូវប្រើប្រាស់ជាកន្លែងជួបពិភាក្សា និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនដែលមានចំណាប់អារម្មណ៍ចំពោះការបណ្តាក់ទុននៅកម្ពុជា។
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា លោកស្រី Sarah Taylor រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យរដ្ឋាភិបាលកាណាដាពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា និងស្នើឱ្យមានជំនួបពាណិជ្ជកម្មរវាងវិនិយោគិនប្រទេសទាំង ២។
ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៩៤,៧២ លានដុល្លារកើនឡើង ២៣,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា មានទឹកប្រាក់ ៩៥៤,៨៣ លានដុល្លារ កើនឡើង ២៧,១ ភាគរយ ខណៈទំនិញដែលកាដាណានាំមកកម្ពុជាមានទឹកប្រាក់ ៣៩,៨៩ លានដុល្លារ ថយចុះ ២៨,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕