ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ទោះឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជាកំពុងរួមចំណែកសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏វិស័យនេះនៅតែមានបញ្ហាប្រឈមមួយចំនួនដែរ។
ថ្លែងក្នុងវេទិកាអន្តរជាតិស្តីពី «សុវត្ថិភាពចំណីអាហារ» ដែលរៀបចំឡើងនៅស្នាក់ការកណ្តាលរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) នៅទីក្រុងវីយេន ប្រទេសអូទ្រីស កាលពីថ្ងៃទី ៣ ខែតុលា លោក វេង សាខុន បានឱ្យដឹងថា ឧស្សាហកម្មកសិ-ចំណីអាហារបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ/អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ។
លោកបានថ្លែងថា៖ «សុវត្ថិភាពចំណីអាហារ គឺជាកង្វល់ដ៏សំខាន់ និងជាទិដ្ឋភាពប្រឈមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។ ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនដូចជា ភាពមានកម្រិតនៃគ្រឿងបរិក្ខារកែច្នៃ, លទ្ធភាពទទួលបានបច្ចេកវិទ្យា, គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត, និងការយល់ដឹងជាសាធារណៈពីស្តង់ដាសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងភូតគាមអនាម័យ (SPS)»។
លោកបានឱ្យដឹងទៀតថា ទោះយ៉ាងណា ដោយមានជំនួយពីបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលនេះ កម្ពុជាកំពុងធ្វើការកែលម្អជាបន្តបន្ទាប់លើបញ្ហានេះ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យអាហារកំពុងត្រូវបានចែករំលែកដោយប្រើបច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវបានកំពុងរៀបចំឡើង។ លើសពីនេះ កម្មវិធីទូរស័ព្ទដែលរំលេចផលប៉ះពាល់ និងការណែនាំអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាពក៏ត្រូវបានដាក់ឱ្យដំណើរការ ហើយប្រព័ន្ធត្រួតពិនិត្យ និងតាមដានតាមប្រព័ន្ធឌីជីថលនៅក្នុងផលិតផលជលផលក៏ត្រូវបានបង្កើតឡើង និងអនុវត្តផងដែរ។
លោកបន្តថា៖ «ដើម្បីដោះស្រាយទៅកាន់បញ្ហាប្រឈមទាំងនេះរដ្ឋាភិបាល-កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងវិស័យកសិកម្ម ទាំងការដាំដុះ ការចិញ្ចឹមសត្វ និងត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែចង្វាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្មជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដានាំចេញអន្តរជាតិជាអាទិភាព»។
ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកវិនិយោគ និងនាំចេញផលិតផលកសិកម្មជាច្រើនទៅទីផ្សារអន្តរជាតិ លោក ហ៊ុន ឡាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែតុលាថា ឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជា បានចាប់ផ្តើមរីកចម្រើននារយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយនេះ ដោយគេឃើញមានកំណើននៃការវិនិយោគទៅលើការដាំដុះ កែច្នៃ និងវេចខ្ចប់ ជាបន្តបន្ទាប់ ប៉ុន្តែការវិនិយោគទាំងនោះគឺមានលក្ខណៈតូច និងមធ្យមប៉ុណ្ណោះ។
លោកបន្តថា ដើម្បីជំរុញឱ្យឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជារីកចម្រើនទៅមុខលឿន គឺត្រូវទាមទារឱ្យមានការវិនិយោគលក្ខណៈជាឧស្សាហកម្មធុនធំ និងមានទុនវិនិយោគច្រើន ព្រោះការវិនិយោគធំ អាចនឹងជួយទាញទម្លាក់ថ្លៃដើមផលិតឱ្យទាប និងពេលវេលាកាន់តែខ្លី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា, គ្រឿងចក្រ និងកម្មករជំនាញជាដើម។
លោកលើកឡើងថា៖ «តាមពិតទៅរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងស្តង់ដាអនាម័យជាច្រើនមកហើយ គ្រាន់តែការអនុវត្តមិនទាន់បានធ្វើពេញលេញប៉ុណ្ណោះ។ បើការអនុវត្តត្រូវបានធ្វើពេញលេញ និងមានការវិនិយោគធំៗកាន់តែច្រើននោះឧស្សាហកម្មកសិ-ចំណីអាហារនៅកម្ពុជាប្រាកដជាបោះជំហានទៅមុខយ៉ាងលឿន»។
របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា តាមការប៉ាន់ស្មានការនាំចេញកសិផលទៅទីផ្សារអន្តរជាតិ (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) នារយៈពេល ៨ ខែ ឆ្នាំ ២០២២ មានទឹកប្រាក់ ២ ៧០៨,៨១ លានដុល្លារ៕