ភ្នំពេញៈ កម្ពុជាបានចំណាយប្រាក់ជាង ២៤៤ លានដុល្លារទៅលើការនាំចូលដែក និងដែកថែបក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ កើនឡើង ២០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈក្នុងខែសីហា ឆ្នាំ ២០២២ ទឹកប្រាក់នាំចូលដែក-ដែកថែប កើនជាង ១៨ ភាគរយធៀបខែសីហា ឆ្នាំមុន។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យ បង្ហាញថា ចន្លោះពីខែមករា-ខែសីហា ឆ្នាំ ២០២២ ការនាំចូលដែក និងដែកថែបពីក្រៅប្រទេសមកកម្ពុជាមានតម្លៃសរុប ២៤៤,៧៥ លានដុល្លារ កើន ២០ ភាគរយបើធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលមាន ២០៤,០២ លានដុល្លារ។ ទឹកប្រាក់នាំចូលដែក និងដែកថែប គឺស្មើប្រមាណ ១,១ភាគរយនៃទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលទំនិញពីក្រៅប្រទេសដែលមាន ២១ ៧៦៤,០២ លានដុល្លារ។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៤ ខែតុលាថា ចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ កើនឡើង ដោយសារគម្រោងវិនិយោគដែលមានម្ចាស់ជាអ្នកនៅក្នុងស្រុកកំពុងវិវឌ្ឍទៅមុខល្អ ហើយតម្លៃដែកក៏ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរ។ លោកបញ្ជាក់ថា៖ «ចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប កើនដោយសារសំណង់លំនៅឋាននៅក្នុងស្រុកបន្តរីកចម្រើន ប៉ុន្តែសម្រាប់គម្រោងសាងសង់ធំៗនៅពេលនេះ គឺមិនសូវមានសកម្មភាពទេ»។
លោកប្រាប់ទៀតថា សកម្មភាពសាងសង់នៅតាមការដ្ឋានមួយចំនួនថយចុះនៅពេលនេះ ក៏ដោយសារតែរដ្ឋាភិបាលធ្វើការរឹតបន្តឹងលើការត្រួតពិនិត្យនិយាមបច្ចេកទេស និងគុណភាពនៅទីតាំងផ្ទាល់ផងដែរ។
លោកអះអាងថា៖ «វិស័យសំណង់នៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងជំងឺកូវីដ ១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង»។
អគ្គលេខាធិការនៃសមាគម-អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា ពេលថ្មីៗនេះបាននិយាយថា ដោយសារគម្រោងសាងសង់នីមួយៗត្រូវការពេលយូរ ដែលខ្លះអាចលើស ៥ ឆ្នាំ ដូច្នេះវិស័យសំណង់មិនអាចស្ទុះងើបពីវិបត្តិកូវីដ ១៩ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោកបានលឿនដូចវិស័យមួយចំនួនទៀតទេ។ ការ-កើនឡើងទឹកប្រាក់នាំចូលដែក និងដែកថែបក៏ជាប់ទាក់ទងនឹងការកើនឡើងនៃតម្លៃដែកលើទីផ្សារអន្តរជាតិផងដែរ។
លោកនិយាយថា៖ «វិស័យសំណង់នៅពេលនេះធ្លាក់ចុះ សម្រាប់គម្រោងធំ ប៉ុន្តែសម្រាប់គម្រោងលំនៅឋាននៅជាប់ដី ដែលមានម្ចាស់ជាអ្នកនៅក្នុងស្រុក គឺមិនមានបញ្ហាទេ»។
របាយការណ៍ក្រសួងរៀបចំដែនដី ឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២២ ក្រសួងបានផ្តល់ច្បាប់អនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន ២ ០០០ ស្មើនឹងផ្ទៃក្រឡាសំណង់ ២ ៨៥៩ ៨៧៧ ម៉ែត្រការ៉េ និងទុនវិនិយោគចំនួន ១ ២០៦ លានដុល្លារ៕