ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp.(Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources ដើម្បីធ្វើការរុករក អភិវឌ្ឍ និងផលិតប្រេង និងឧស្ម័ននៅប្លុក VIII លើដែនដីគោកនៅកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Angkor Resources នៅថ្ងៃទី ៣ ខែតុលា ការរុករកដំណាក់កាលដំបូងនៅប្លុក VIII នឹងរួមបញ្ចូលការទទួលបានស៊ីស្មិក ដែលបន្ទាប់មកនឹងបញ្ចប់ការវិភាគយ៉ាងទូលំទូលាយ។ ការទាក់ទាញបឋមនៅលើតំបន់គោលដៅនេះក៏នឹងជាផ្នែកមួយនៃផែនការការងារដំណាក់កាលដំបូងផងដែរ។
តំបន់ដែលទទួលបានអាជ្ញាប័ណ្ណនេះស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា។ ការរុករកនឹងធ្វើនៅខាងក្រៅតំបន់ឧទ្យាន ដែលជាផ្នែកមួយនៃអាណត្តិអភិបាលកិច្ចបរិស្ថានសង្គម (ESG) របស់ក្រុមហ៊ុន EnerCam ដូច្នេះក្រុមហ៊ុននេះនឹងជួយការពារឧទ្យានជាតិភ្នំក្រវាញ ឧទ្យានជាតិព្រះមុនីវង្ស និងគិរីរម្យ។
ការអនុញ្ញាតនេះ គឺសម្រាប់រយៈពេលរុករក ៣ ឆ្នាំដំបូង និងរយៈពេលបន្តជាថ្មី ២ ដងទៀតរាល់ ២ ឆ្នាំម្ដង។ លក្ខខណ្ឌនៃការអភិវឌ្ឍ និងផលិតកម្មមានរយៈពេល ២៥ ឆ្នាំ ដោយអាចបន្តថ្មីបន្ថែមបាន។
លោក Mike Weeks ប្រធានក្រុមហ៊ុន EnerCam បានឱ្យដឹងថា ជាមួយនឹងអាជ្ញាប័ណ្ណនេះក្រុមហ៊ុននឹងចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មប្រេង និងឧស្ម័នរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «យើងមានក្តីរំភើបចំពោះការឈានទៅមុខផ្នែកប្រេង និងឧស្ម័នក្នុងប្រទេសកម្ពុជា ដោយយើងជឿថា នេះជាការផ្លាស់ប្តូរដ៏សំខាន់មួយ សម្រាប់ប្រទេសទាំងមូល។ ការមានប្រភពថាមពលរយៈពេលវែងផ្ទាល់ខ្លួនគឺសម្រាប់ឧស្ម័នធម្មជាតិ (LNG) ប្រេងឥន្ធនៈ និងផលិតផលជាច្រើនប្រភេទដែលនាំចូលមកកម្ពុជានាពេលបច្ចុប្បន្ននឹងជំរុញប្រទេសនេះឱ្យទៅដល់កម្រិតថ្មីមួយទៀត។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកាលពីថ្ងៃទី ៥ ខែតុលា ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកធ្លាប់បាននិយាយថា ក្រសួងរ៉ែ និងថាមពលកំពុងផ្តល់អាទិភាពក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀតលើវិស័យរ៉ែ និងថាមពល។ លោកបានឱ្យដឹងថា កម្ពុជាបានបែងចែកតំបន់ សម្រាប់ការរុករកប្រេងកាតចំនួន ៦ ប្លុកនៅក្នុងសមុទ្រ និងនៅលើគោកមានចំនួន ១៩ ប្លុក។
លោកស្រី D Weeks អគ្គនាយកក្រុមហ៊ុន Angkor Resources បានឱ្យដឹងថា នៅពេលប្រទេសនានាសម្រេចបានប្រភពថាមពលកកើតឡើងវិញគ្រប់គ្រាន់ ការប្រើប្រាស់អ៊ីដ្រូកាបូនស្អាត និងបៃតងនឹងដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពផ្នែកថាមពលរបស់ប្រទេសនីមួយៗ។
លោកស្រីនិយាយថា៖ «កម្ពុជាត្រូវការប្រភពថាមពលផ្ទាល់ខ្លួន ហើយយើងទន្ទឹងរង់ចាំក្នុងការរុករក និងផលិតថាមពលយ៉ាងសកម្មសម្រាប់ប្រទេសនេះ»។
លោកស្រីបន្ថែមទៀតថា៖ «នេះក៏ជាឱកាសដ៏ធំមួយ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្មថ្មីដ៏សំខាន់សម្រាប់កម្ពុជា។ ការអនុវត្តល្អបំផុតសម្រាប់ការបង្កើតថាមពលជាមួយអ៊ីដ្រូកាបូននាំមកនូវការអភិវឌ្ឍជាវិជ្ជមាន និងជាគំរូសម្រាប់ប្រទេសទាំងមូល។ យើងអាចប្រើប្រាស់អ្វីដែលយើងបានរៀនពីកន្លែងផ្សេងទៀត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ច និងប្រជាជន»៕