ភ្នំពេញៈ ការនាំចេញផលិតផលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ សម្រេចបានក្នុងទឹកប្រាក់ជិត ១,១ ពាន់លានដុល្លារ កើនឡើងជាង ៦៤ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំនួនទឹកប្រាក់នាំចេញនេះ គឺស្មើជិត ៧ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាដែលមានចំនួន ១៥ ៦៤១,៩ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិនាំចេញទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វាក្នុងទឹកប្រាក់សរុប ១ ០៨៩,៥ លានដុល្លារ កើន ៦៤,២ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានចំនួន ៦៦៣,៥៨ លានដុល្លារ។ ដោយឡែកក្នុងខែសីហា ឆ្នាំ ២០២២ ការនាំចេញផលិតផលខាងលើមានទឹកប្រាក់ ១៦២,៤៦ លានដុល្លារ កើន ៩២ ភាគរយធៀបនឹងខែសីហា ឆ្នាំ ២០២១ ដែលមាន ៨៤,៦៤ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែតុលាថា ការកើនឡើងទឹកប្រាក់នាំចេញគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា គឺដោយសារកម្ពុជាជាប្រទេសទទួលបានការអនុគ្រោះពន្ធគយជាច្រើនពីប្រទេសធំៗ និងរីកចម្រើនលើពិភពលោកដូចជា អាមេរិក អឺរ៉ុប និងចិន។ ក្រៅពីប្រព័ន្ធអនុគ្រោះទាំងនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលក្ខណៈទ្វេភាគី និងពហុភាគីជាមួយប្រទេស និងតំបន់ជាច្រើនទៀត។ លោកបន្តថា ភាពអនុគ្រោះទាំងអស់នេះបានជួយឱ្យកម្ពុជាទាក់ទាញបាននូវគម្រោងវិនិយោគផលិត និងកែច្នៃផលិតផលជាច្រើនឱ្យចូលមកបណ្តាក់ទុន ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា៖ «ជាមួយសក្តានុពលដែលកម្ពុជាមានទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស ខ្ញុំរំពឹងថា ការនាំចេញផលិតផលទាំងអស់នេះនឹងមានទឹកប្រាក់កាន់តែច្រើន»។
ខណៈកាលពីខែមិថុនា រដ្ឋាភិបាលអាមេរិក បានប្រកាសពីការលើកលែងពន្ធគយចំពោះការនាំចូលបន្ទះសូឡាពីកម្ពុជានោះ លោក លឹម ហេង បានអះអាងថា ការនាំចេញផលិតផលសូឡា គ្រឿងអគ្គិសនី និងបំណែកភាគរបស់វាពីកម្ពុជាទៅទីផ្សារអន្តជាតិនឹងកើនឡើង។
បន្ថែមពីលើនេះអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កំណើនតម្រូវការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍អគ្គិសនី និងគ្រឿងម៉ាស៊ីននៅទីផ្សារអន្តរជាតិ បានធ្វើឱ្យក្រុមហ៊ុនផលិតកាន់តែច្រើនចូលមកបើករោងចក្រនៅកម្ពុជា ដែលជាប្រទេសសម្បូរកម្លាំងពលកម្ម មានច្បាប់វិនិយោគល្អមានទីផ្សារធំទូលាយ និងមានប្រព័ន្ធអនុគ្រោះពន្ធនាំចូលពីប្រទេសធំៗមួយចំនួន។
លោកបន្ថែមថា វិបត្តិពិភពលោកដែលបណ្តាលពីជំងឺកូវីដ ១៩ និងអស្ថិរភាពក្នុងតំបន់អឺរ៉ុប ក៏បានជំរុញឱ្យការផលិត និងនាំចេញកើនឡើង ១ ផ្នែកផងដែរ។
លោកបន្តថា បច្ចុប្បន្នកម្ពុជាកំពុងប្រែក្លាយខ្លួនបន្តិចម្តងៗទៅជាកន្លែងផលិតទំនិញកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ដោយរាប់ចាប់តាំងពីផលិតផលវាយនភណ្ឌ កសិកម្ម និងគ្រឿងចក្រ គ្រឿងអគ្គិសនី និងអេឡិចត្រូនិក ជាដើម។
លោកនិយាយថា៖ «នៅពេលការនាំចេញកាន់តែកើនឡើងវាគឺជារឿងដ៏ល្អ សម្រាប់សេដ្ឋកិច្ចប៉ុន្តែអ្វីដែលយើងគួរចាប់អារម្មណ៍នោះ គឺការនាំចេញរបស់កម្ពុជាកាន់តែមានលក្ខណៈចម្រុះ និងមានបរិមាណកាន់តែច្រើន។ នេះគឺជាការធ្វើពិពិធកម្មផ្នែកនាំចេញរបស់កម្ពុជា»។
បើតាមអគ្គនាយកដ្ឋានគយក្នុងឆ្នាំ ២០២១ ការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា មានតម្លៃសរុប ១ ០៨១ លានដុល្លារកើនឡើង ៤១,៩ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៧៦២,៤៧ លានដុល្លារ៕