ភ្នំពេញៈ កម្ពុជាប្រមូលចំណូលពន្ធគយបានជិត ២០ លានដុល្លារពីការបង់ពន្ធ (ដំណាក់កាលទី២) របស់រថយន្តចង្កូតស្តាំដែលមានស្រាប់ក្នុងប្រទេស ខណៈជាង ៩០ ភាគរយនៃរថយន្តទាំងនោះជាប្រភេទរថយន្តដឹកទំនិញ ដែលមានឆ្នាំផលិតលើសពី ១០ ឆ្នាំឡើង។ នេះបើយោងតាមលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅទីចាត់ការកណ្តាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបង្ហាញលទ្ធផលការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយរបស់រាជរដ្ឋាភិបាលចំពោះម្ចាស់ឱ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឱ្យកែចង្កូត កាលពីថ្ងៃទី ៥ ខែតុលា លោក គុណ ញឹម បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការផ្តល់ភាពអនុគ្រោះលើកចុងក្រោយដែលមានរយៈពេល ៣ ខែ (ថ្ងៃទី ៧ កក្កដា ថ្ងៃទី ៧ តុលា) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កេតឃើញមានម្ចាស់រថយន្តចង្កូតស្តាំកំពុងមានស្រាប់ជាច្រើនបាននាំគ្នាមកបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានមុនថ្ងៃឱសានវាទចុងក្រោយ។
លោកបន្តថា សម្រាប់ការអនុវត្តយុទ្ធនាការការប្រមូលចំណូលពន្ធពីរថយន្តចង្កូតស្តាំដែលមានស្រាប់ក្នុងស្រុក ៩ ៨១៤ គ្រឿង គឺមានរថយន្តប្រមាណជិត ៦ ០០០ គ្រឿងហើយដែលបានចូលមកបំពេញកាតព្វកិច្ចបង់ពន្ធរួចរាល់។
លោកថ្លែងថា៖ «គិតត្រឹមម្សិលមិញ (ថ្ងៃទី ៤ ខែតុលា) រថយន្តចង្កូតស្តាំដែលម្ចាស់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ គឺមានចំនួន ៥ ៩៧៦ គ្រឿង។ យើងប្រមូលប្រាក់ពន្ធ និងអាករ បានប្រមាណ ១៩,៧៣ លានដុល្លារ (នៅដំណាក់កាលទី២)»។ ទោះយ៉ាងណានៅមានរថយន្តនៅសេសសល់មួយចំនួនទៀតមិនទាន់បានចុះបង់ពន្ធ គឺជិត ៤ ពាន់គ្រឿង»។
ទាក់ទងនឹងចំណូលពន្ធដែលអគ្គនាយកដ្ឋានគយប្រមូលបានខាងលើ លោក គុណ ញឹម បញ្ជាក់ថា ចំនួនប្រាក់ដែលប្រមូលបានក្នុងយុទ្ធនាការនេះ គឺមានកម្រិតទាប គឺដោយសារតែជាង ៩០ ភាគរយនៃរថយន្តចង្កូតស្តាំដែលមកបង់ពន្ធជាប្រភេទរថយន្តដឹកដី ដឹកខ្សាច់ ថ្ម ដែលមានឆ្នាំផលិតទាប ហើយស្ថិតក្នុងអត្រាពន្ធនាំចូលទាប ខុសពីប្រភេទរថយន្តទេសចរណ៍ ដែលមានអត្រាពន្ធនាំចូលខ្ពស់។
លោកនិយាយថា៖ «រថយន្តកាន់តែចាស់ អត្រាគិតពន្ធនឹងកាន់តែទាប។ ទោះយ៉ាងណាចំណូលពន្ធនេះ គឺផ្នែកមួយនៃការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តក្នុងការកៀរគរចំណូលរបស់រាជរដ្ឋាភិបាលផងដែរ»។
យោងតាមលោក គុណ ញឹម គិតមកដល់ត្រឹមព្រឹកថ្ងៃទី ៥ ខែតុលា មាននៅសល់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីប្រមាណ ៣ ៨៣៨ គ្រឿងមិនទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ ខណៈឱសានវាទនៃការបង់ពន្ធនឹងមកដល់ក្នុងថ្ងៃទី ៨ ខែតុលា នេះ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា វិធានការប្រមូលពន្ធពីរថយន្តចង្កូតស្តាំដែលមានស្រាប់នៅក្នុងស្រុក គឺជាការធ្វើកំណែទម្រង់ទៅលើអ្វីដែលបានធ្វើនាពេលកន្លងមក (ការនាំចូលខុសច្បាប់)។ លោកបន្ថែមថា ទោះយ៉ាងណាចំណូលនេះក៏ជាចំណែកមួយដែលនឹងត្រូវយកទៅប្រើប្រាស់ដោយរដ្ឋាភិបាលដើម្បីទៅអភិវឌ្ឍប្រទេស។
លោកបញ្ជាក់ថា៖ «នេះជាការធ្វើកំណែទម្រង់មួយដើម្បីពង្រឹងការអនុវត្តច្បាប់ដែលផ្នែកពាក់ព័ន្ធអនុវត្តឆកល្វែងនាពេលកន្លងមក។ ចំណូលនេះ គឺមិនមែនជាចំណូលដែលមានជាបន្តបន្ទាប់ទៀតនោះទេ»។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមស្លាកលេខផ្សេងៗចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ នៅក្នុងដំណាក់កាលនោះ (ពីខែកញ្ញា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១) រថយន្តទាំងអស់ (ចង្កូតឆ្វេង និងស្តាំ) ដែលមកបំពេញកាតព្វកិច្ចបង់ពន្ធត្រូវទទួលបានការអនុគ្រោះពន្ធ ១០ ភាគរយ ប៉ុន្តែលក្ខខណ្ឌសម្រាប់រថយន្តចង្កូតស្តាំ គឺត្រូវកែចង្កូតមកឆ្វេង។
ទោះជាយ៉ាងណាបន្ទាប់ពីផុតឱសានវាទខាងលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ បានសម្រេចអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំអត់ពន្ធដែលមានស្រាប់នៅក្នុងប្រទេស (ដំណាក់កាលពី២) អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។
ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធតម្រូវឱ្យមកចុះបញ្ជីជារថយន្តមានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីបានចុះបញ្ជីរួច អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុកពេលរហូតឱ្យដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ។ រថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅកម្ពុជាបានមកចុះបញ្ជីមានចំនួនជិត ១ ម៉ឺនគ្រឿង។
យោងតាមសេចក្តីប្រកាសព័ត៌មានកន្លងមក គឺចាប់ពីក្រោយថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ រថយន្តចង្កូតស្ដាំចុះបញ្ជីរួច ដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករ គឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ទាក់ទងបញ្ហានេះលោក គុណ ញឹម បានលើកឡើងថា ដោយសារនៅថ្ងៃទី ៨ ខែតុលា ខាងមុខឱសានវាទនៃការបិទបញ្ចប់ការបង់ពន្ធចំពោះរថយន្តចង្កូតស្តាំដែលមានស្រាប់នឹងមកដល់ ដូច្នេះបន្ទាប់ពីកាលបរិច្ឆេទខាងលើផុតទៅរថយន្តមិនទាន់បង់ពន្ធទាំងអស់នឹងក្លាយទៅជាទំនិញខុសច្បាប់។
លោកបញ្ជាក់ថា៖ «សម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើផុតពីឱសានវាទខាងលើទៅ គឺគ្មានជម្រើសឡើយ ទោះចង់មកបង់ពន្ធ និងឱ្យពិន័យប៉ុន្មានក៏ធ្វើមិនកើត ព្រោះមិនមានច្បាប់ ហើយក៏មិនមានគោលការណ៍ (គោលការណ៍ចប់)»។
ទោះយ៉ាងណា លោកនិយាយថា៖ «យើងបានពិភាក្សាគ្នា (ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ) ដើម្បីលើកសំណើសុំពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំដែលនៅសេសសល់ជាង ៣ ពាន់គ្រឿងដើម្បីឱ្យស្វះស្វែងរកថវិកាមកបង់ពន្ធ។ នេះគឺសម្រាប់តែរថយន្តដែលបានចុះបញ្ជីប៉ុណ្ណោះ»៕