ភាគហ៊ុននៅតំបន់អាស៊ីបានធ្លាក់ចុះនៅថ្ងៃសុក្រ ទី ៧ ខែតុលានេះ ដោយបានរុញឱ្យទ្រព្យមូលធនសកលធ្លាក់ចុះបន្ថែម ៣ ថ្ងៃជាប់គ្នា។ ការធ្លាក់ចុះនៃទីផ្សារហ៊ុនអាស៊ី គឺបន្ទាប់ពីវិនិយោគិនព្រួយបារម្ភអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចជាសកល ខណៈមានសញ្ញានៃការរឹតបន្តឹងចំពោះគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្តាល។
ប្រាក់ដុល្លារបន្តកើនឡើង ក្រោយមន្ត្រីធនាគារកណ្តាលអាមេរិកបន្តពិភាក្សាអំពីការដំឡើងអត្រាការប្រាក់។ នៅថ្ងៃសុក្រនេះ អាមេរិកក៏នឹងចេញរបាយការណ៍ប្រចាំខែមួយទៀតស្តីពីអត្រាការងារនៅសហរដ្ឋអាមេរិក ខណៈតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិនៅបន្តឡើងថ្លៃ ដែលបង្កជាក្តីបារម្ភចំពោះអត្រាអតិផរណា។
ផ្សារហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះ ០,៧% នៅថ្ងៃព្រឹកថ្ងៃសុក្រ ក្រោយពីបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២ សប្តាហ៍។ ចំណែក សន្ទស្សន៍ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង (Kospi) ឯណោះវិញ បានធ្លាក់ចុះ ០,៣៣%។ ការធ្លាក់ចុះនៃសន្ទស្សន៍ហ៊ុនរបស់កូរ៉េខាងត្បូងនៅពេលនេះ គឺមួយផ្នែកធំបណ្តាលមកពីការធ្លាកចុះតម្លៃហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបង្ហាញពីការធ្លាក់ចុះ ៣២% នៃប្រាក់ចំណូលប្រចាំត្រីមាស ដែលរាប់បានថាជាការធ្លាក់ចុះអាក្រក់ជាងការរំពឹងទុក។
ចំណែកសន្ទស្សន៍ហ៊ុនរបស់អូស្ត្រាលីបានធ្លាក់ចុះ ០,៥៩%។ ផ្សារហ៊ុន Hang Seng របស់ហុងកុងធ្លាក់ចុះ ១,១៧% ក្នុងម៉ោងជួញដូរដំបូងនៅព្រឹកថ្ងៃទី ០៧ ខែតុលា។ ការធ្លាក់ចុះនេះ គឺដោយសារភាគហ៊ុននៃក្រុមហ៊ុនបច្ចេកវិទ្យានៅហុងកុងធ្លាក់ចុះ ២,៣២%។ សម្រាប់សន្ទស្សន៍ផ្សារហ៊ុនអាមេរិក S&P500 បានធ្លាក់ចុះ ០,១២% ក្រោយពីវាបានធ្លាក់ចុះ ១% កាលពីពាក់កណ្តាលយប់។
មន្ត្រីធនាគារកណ្តាលអាមេរិក ហាក់មិនមានចេតនាណាមួយបន្ធូរបន្ថយលើគោលនយោបាយអត្រាការប្រាក់នោះទេ ដោយពួកគេថែមទាំងបានលើកឡើងថា យុទ្ធនាការទប់ទល់នឹងអតិផរណានៅតែបន្ត ហើយក៏មិនទាន់មានគោលដៅផ្លាស់ប្តូរដែរ។
ភាគហ៊ុនសកលនៅដើមសប្តាហ៍នេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដោយសន្ទស្សន៍ផ្សារហ៊ុនសកល MSCI បានបង្ហាញពីការកើនឡើង ៥,៦៥% ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃដើមសប្តាហ៍។ កាលពីពេលនោះ គេជឿថាល្បឿននៃការរឹតបន្តឹងលើគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្តាលអាចនឹងថមថយមកវិញ។ យ៉ាងណាក៏ដោយចុះ សន្ទស្សន៍ហ៊ុនសកល ដែលកើនឡើងបានតែ ២ ថ្ងៃនោះ បានធ្លាក់ចុះមកវិញចាប់ពីថ្ងៃពុធមក។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (USDX, DXY, DX) កើនឡើងបន្តិចនៅព្រឹកសុក្រ ប៉ុន្តែបើគិតត្រឹមរសៀលថ្ងៃសុក្រដដែលវិញ DXY ចាប់ផ្តើមកើនឡើង ០,១៩%។ សម្រាក់ប្រាក់ ផោន និងប្រាក់អឺរ៉ូវិញ នៅថ្ងៃទី ០៧ ខែតុលានេះបានធ្លាក់មកក្បែរតម្លៃទាបបំផុត កាលពីសប្តាហ៍មុន គឺ ១,១១៦ ដុល្លារ/ផោន ខណៈប្រាក់អឺរ៉ូធ្លាក់មកដល់ចំណុចទាបបំផុតកាលពីថ្ងៃចន្ទ ក្នុងតម្លៃ ០,៩៧ ដុល្លារ/អឺរ៉ូ។ ចំណែកឯតម្លៃប្រេងឆៅវិញ នៅថ្ងៃសុក្រនេះបានហក់ឡើងថែមទៀត បន្ទាប់ក្រុមប្រទេសអ្នកនាំប្រេងចេញប្រកាសកាត់បន្ថយការផលិត៕