ភ្នំពេញៈ ការស្តារព្រែក (ដៃសមុទ្រ) ដើម្បីអាចឱ្យកប៉ាល់ដឹកភ្ញៀវទេសចរអន្តរជាតិចូលមកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ខណៈការកសាងកំពង់ផែនេះបានរួចរាល់តាំងពីចុងខែមិថុនា។
ការលើកឡើងនេះត្រូវធ្វើឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិខេត្តកំពត កាលពីថ្ងៃទី ៧ ខែតុលា ដែលមានការចូលរួម ពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន និងលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍។
តាមរយៈដំណើរទស្សនកិច្ចនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ឱ្យក្រុមការងារធ្វើការដោះស្រាយបញ្ហាចាំបាច់មួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើរការដោយប្រសិទ្ធភាព និងសុវត្ថិភាព ជាពិសេសលោកបានណែនាំឱ្យបញ្ចប់ការរៀបចំឯកសារចាំបាច់មួយចំនួនដើម្បីស្វែងរកក្រុមហ៊ុនជាដៃគូចូលធ្វើប្រតិបត្តិការឱ្យបានឆាប់ មុននឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។
អភិបាលរងខេត្តកំពត លោក អ៊ឹង ឆាយ ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចខាងលើបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែតុលាថា ទោះកំពង់ផែទេសចរណ៍អន្តរជាតិនេះសាងសង់រួចរាល់ជាង ៣ ខែហើយក៏ដោយ ក៏វាមិនទាន់បើកឱ្យដំណើរការជាផ្លូវការនៅឡើយទេ ដោយសារតែជម្រៅទឹកព្រែកតភ្ជាប់ពីសមុទ្រទៅទីនោះមានជម្រៅរាក់មិនអាចអនុញ្ញាតឱ្យនាវាទេសចរណ៍អន្តរជាតិធំៗចូលមកបាន។ លោកបន្ថែមថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ក្រុមការងារនឹងធ្វើការសិក្សាលម្អិតបន្ថែម មុននឹងដាក់ឱ្យដេញថ្លៃសម្រាប់ការងារស្តារព្រែកឱ្យមានជម្រៅទឹកជ្រៅ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ការស្តារផ្លូវទឹកពីសមុទ្រចូលមកកំពង់ផែនេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ ខណៈកំពង់ផែនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវតាមកប៉ាល់ទេសចរណ៍ពីគ្រប់តំបន់ឱ្យមកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាបន្តទៅកន្លែងជាច្រើនទៀតក្នុងប្រទេសកម្ពុជា»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បាននិយាយថា ការមានកំពង់ផែទេសចរណ៍អន្តរជាតិដាច់ពីកំពង់ផែទំនិញ គឺជាក្តីបំណងរបស់ផ្នែកឯកជនតាំងពីឆ្នាំ ២០០៨ ព្រោះការដឹកជញ្ជូនភ្ញៀវតាមកប៉ាល់ គឺមាននិន្នាការកើនឡើងជាបន្តបន្ទាប់ (មុនវិបត្តិជំងឺកូវីដ ១៩)។ នៅពេលកំពង់ផែនេះដំណើរការវានឹងជួយឱ្យខេត្តកំពតទទួលភ្ញៀវទេសចរកាន់តែច្រើន។
លោកបន្តថា នៅពេលកំពង់ផែទេសចរណ៍អន្តរជាតិផ្តាច់ពីកំពង់ផែទំនិញ វានឹងផ្តល់ផលចំណេញច្រើនដូចជា បង្កភាពងាយស្រួលដល់ការគ្រប់គ្រងភ្ញៀវចេញចូល, ងាយស្រួលផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន, និងជួយឱ្យរដ្ឋ និងប្រជាជនទទួលបានចំណូលផងដែរ។
លោកបញ្ជាក់ថា៖ «ការជំរុញឱ្យមានកំពង់ផែទេសចរណ៍អន្តរជាតិកាន់តែច្រើន នឹងផ្តល់ផលចំណេញកាន់តែច្រើនសម្រាប់សេដ្ឋកិច្ច ហើយក៏បង្កភាពងាយស្រួលដល់អាជ្ញាធរផងដែរ»។
យោងតាម លោក វណ្ឌី ភ្ញៀវទេសចរធ្វើដំណើរតាមកប៉ាល់ត្រូវបានគេចាត់ទុកថាជាអ្នកមានចំណូលខ្ពស់។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែនេះនឹងក្លាយជាច្រកអន្តរជាតិសំខាន់ថ្មីមួយទៀតរបស់កម្ពុជាសម្រាប់ទទួលទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរតាមផ្លូវទឹករវាងកម្ពុជានឹងបណ្តាប្រទេសលើពិភពលោក។
កំពង់ផែទេសចរណ៍ខេត្តកំពតមានទីតាំងនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយសាងសង់លើផ្ទៃដី ៤,២៥ ហិកតា។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧ លានដុល្លារ ក្រោមបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា៕