ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានលើកឡើងថា កម្ពុជានឹងទទួលបានប្រាក់ជាង ១៤ លានដុល្លារពីការលក់ប្រេងឆៅដែលកប៉ាល់ផ្ទុកប្រេង MT Strovolos បានលួចដឹកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុន ខណៈកម្ពុជានៅតែអាចបន្តដំណើរការផលិតប្រេងនៅសល់តាមអណ្តូងប្រេងទាំង ៥ ប្រមាណជាង ១០ ម៉ឺនបារ៉ែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតថ្មីបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លេតហ្វម A។
លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាថ្ងៃទី ១១ ខែតុលាថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Kris-Energy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជាកាលពីឆ្នាំមុនតំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានមតិភាគច្រើនចាត់ទុកជាបរាជ័យរបស់កម្ពុជានៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។
លោកបានធ្វើការបកស្រាយថា៖ «ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញបានរក្សាការពារបាននូវកម្មសិទ្ធិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញក្នុងនាមជាម្ចាស់ធនធាននេះ»។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីបានគិតតម្រូវទៅតាមលក្ខណៈបច្ចេកទេសគុណភាពរួចហើយ ប្រេងឆៅដែលអាចបូមលក់បានមានចំនួនសរុប ២៨០ ៦៥៦,២៩ បារ៉ែល ត្រូវបានប្រគល់មកឱ្យរដ្ឋាភិបាលវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធស្របតាមកិច្ចព្រមព្រៀងជាសះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្របតាមគោលការណ៍នៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ»។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៩ ខែកញ្ញាថា ប្រេងឆៅកម្ពុជាដែលបាត់ជិត ៣០ ម៉ឺនបារែលនោះបានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់អ្នកទិញរួចរាល់អស់ហើយ និងការទូទាត់មានរយៈពេល ៣០ ថ្ងៃ ក្រោយពីការផ្ទេរនេះ។
លោកបញ្ជាក់ថា៖ «ភាគីទាំងអស់បានយល់ព្រមដោះស្រាយបញ្ហាទាំងអស់រួមគ្នារួចហើយ ដោយយើងបានលក់ប្រេងអស់ហើយ មានន័យថា ប្រេងនៅលើកប៉ាល់ MT Strovolos ទៅកប៉ាល់អ្នកទិញរួចអស់ហើយតាំងពីថ្ងៃទី ១០ ខែកញ្ញាមកម្ល៉េះ។ ការទូទាត់ប្រាក់នឹងធ្វើឡើង ៣០ ថ្ងៃក្រោយពីការទិញ។ អ៊ីចឹងយើងរំពឹងទទួលបានប្រាក់នៅរង្វង់ថ្ងៃទី ១១ ខែតុលា»។
យោងតាមលោក ស័ក្តិធារ៉ា ការលក់ប្រេងឆៅរបស់កម្ពុជាបានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២ ដែលការទូទាត់ផ្សេងៗរួមមាន ថ្លៃប្រេងឆៅត្រូវកំណត់យកតាមមូលដ្ឋានមធ្យមភាគថ្លៃប្រចាំខែកញ្ញា ស្មើនឹង ៨៩,៨៦៧ ដុល្លារក្នុង ១ បារ៉ែល សរុបប្រាក់លក់បាន មានជាង ២២ លានដុល្លារ។ ប្រាក់លក់បាននេះត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង ១១,៤៥ ដុល្លារក្នុង ១ បារ៉ែល ស្មើនឹងជាង ៣ លានដុល្លារ។
ជាមួយគ្នានេះលោកលើកឡើងថា ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរ និងសេវាជំនាញការអន្តរជាតិផ្សេងៗមានចំនួនជាង ១,៧ លានដុល្លារ លើសពីនោះក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកទៅដល់ភាគីពាក់ព័ន្ធមានចំនួនជាង ២០ លានដុល្លារ ខណៈភាគីរដ្ឋាភិបាលត្រូវទទួលបាន ៧០ ភាគរយ នៃចំណូលលក់នៅសល់ខាងលើ ស្មើនឹងជាង ១៤,២ លានដុល្លារ។
លោកនិយាយថា៖ «ក្រៅពីចំណែកប្រាក់ដែលរដ្ឋទទួលពីការលក់ប្រេងឆៅខាងលើភាគីរដ្ឋាភិបាលក៏ទទួលបានចំណូលថវិកា ៥ លានដុល្លារទៀតពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន»៕