ភ្នំពេញៈ ប្រាក់ប្រមាណជិត ២,៧ ពាន់លានដុល្លារ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលបាននៅក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០២២ កើនជាង ៥៨០ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ឬស្មើនឹង ២៧,៥០ ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំរយៈពេល ៩ ខែ របស់ GDT។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២២ ការប្រមូលចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ គឺ ២ ៦៩៣,៣៨ លានដុល្លារ ដែលស្មើ ៩៥,៥៣ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ចំណូលនេះបើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឃើញថា កើនឡើង ៥៨០,៥១ លានដុល្លារ ឬស្មើនឹង ២៧,៥ ភាគរយ។
ដោយឡែកសម្រាប់ខែកញ្ញា ការប្រមូលចំណូលពន្ធសម្រេចបាន ២៥៤,០៦ លានដុល្លារ ស្មើនឹង ៩,០១ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ បើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ ២០២១ កើនឡើង ៥២,៤០ លានដុល្លារ ឬស្មើនឹង ២៥,៩៨ ភាគរយ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងក្នុងកិច្ចប្រជុំដែលធ្វើនៅទីស្នាក់ការអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១១ ខែតុលាថា មានចំណុចសំខាន់ជាច្រើន ដែលកំពុងរួមចំណែកធ្វើឱ្យការប្រមូលចំណូលពន្ធដារនៅកើនឡើងជាបន្តបន្ទាប់ មានដូចជា ការធ្វើកំណែទម្រង់ស៊ីជម្រៅ, ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទាក់ទងការបង់ពន្ធ, កត្តាធនធានមនុស្ស និងការរួមចំណែករបស់អ្នកជាប់កាតព្វកិច្ចបង់ពន្ធ ជាដើម។
បន្ថែមពីលើនេះលោកលើកឡើងថា៖ «សូមអំពាវនាវឱ្យអាជីវករ និងពាណិជ្ជករទាំងអស់អញ្ជើញមកចុះបញ្ជីពន្ធដារក្នុងទិដ្ឋភាពមួយ គឺបានមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងឈានទៅបំពេញកាតព្វកិច្ចសារពើពន្ធផ្សេងទៀត ហើយទិដ្ឋភាពមួយទៀត គឺបង្កើតឱកាសដល់ខ្លួនឯងនៅក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ជាពិសេសការផ្គត់ផ្គង់ទំនិញ ឬសេវាជូនសហគ្រាសធំៗ ពីព្រោះបច្ចុប្បន្នគេចង់រកទទួលទានជាមួយអ្នកដែលបានចុះបញ្ជីពន្ធដារត្រឹមត្រូវប៉ុណ្ណោះ ដោយសារពេលមានប្រតិបត្តិការទិញ-លក់គេនឹងទទួលបានវិក្កយបត្រត្រឹមត្រូវ ដើម្បីយកទៅកាត់កងចំណាយ ឬអាករលើធាតុចូលបាន។»
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែតុលាថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញសញ្ញាវិជ្ជមានបន្តបន្ទាប់ (លើកលែងឆ្នាំ ២០២០-២០២១ ដែលមានវិបត្តិកូវីដ ១៩) ដែលកំណើននេះគឺដោយសារការធ្វើកំណែទម្រង់មុតស្រួច និងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការគ្រប់គ្រងផងដែរ។ លោកបន្តថា ដោយសារស្ថានភាពនៃការវិនិយោគក្នុងស្រុកមានកំណើនជាបន្តបន្ទាប់ ដូចនេះចំណូលពន្ធដារនឹងបន្តកើនឡើងថែមទៀត ប្រសិនបើអ្វីៗមានដំណើរការដូចពេលបច្ចុប្បន្ន។
លោកបញ្ជាក់ថា៖ «នៅពេលដែលប្រទេសកាន់តែរីកចម្រើន ហើយការអនុវត្តច្បាប់ត្រូវបានពង្រឹង ការប្រមូលចំណូលពន្ធប្រាកដជាកើនឡើង។ ការបន្តធ្វើសុក្រឹតកម្មក៏មានភាពចាំបាច់ផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមបង់ពន្ធ»។
សម្រាប់ឆ្នាំ ២០២៣ ខាងមុខ លោក វណ្ណៈ បានអះអាងថា ចំណូលពន្ធដារនឹងកើនឡើងថែមទៀត ពិសេសពីមុខសញ្ញាមួយចំនួនដែលរដ្ឋាភិបាលបានបន្តលើកលែងយកពន្ធ ដោយសារការឆ្លងរាលដាលជំងឺកូវីដ ១៩ ដូចជាវិស័យទេសចរណ៍ អចលនទ្រព្យ និងសេវាកម្មមួយចំនួនទៀត៕