ភ្នំពេញៈ ក្រុមហ៊ុន AZ Group បានសហការគ្នាជាមួយសាជី កម្ម TKK Corporation របស់ថៃក្នុងការនាំប្រព័ន្ធមនុស្សយន្ត ដើម្បីបម្រើដល់វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ដើម្បីចាប់យកឱកាសរីកចម្រើននាពេលបច្ចុប្បន្ននៃដំណើរវិវឌ្ឍន៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ របស់ប្រទេសកម្ពុជា។
លោក លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បានឱ្យដឹងនៅថ្ងៃចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែតុលាថា ជាមួយនឹងភាពជាដៃគូនេះនឹងលើកស្ទួយវិស័យឧស្សាហកម្មរបស់កម្ពុជាជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យប្រសើរឡើងនៃសេវាកម្ម និងគុណភាពផលិតផលក្នុងការអភិវឌ្ឍឧស្សាហកម្មទី ៤ នាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ដើម្បីប្រែក្លាយវិស័យកម្មន្តសាលរបស់កម្ពុជាឱ្យមានសមត្ថភាពកម្រិតអន្តរជាតិជាមួយនឹងបច្ចេកវិទ្យា និងដំណោះស្រាយទំនើប ការចុះ MoU នៅពេលថ្មីៗរវាងក្រុមហ៊ុន AZ Group និងក្រុមហ៊ុន TKK Corporation នៅពេលនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមគ្នាផ្លាស់ប្តូរមុខមាត់នៃវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាមួយនឹងដំណោះស្រាយបច្ចេកវិជ្ជាឧស្សាហកម្មទាំងឡាយដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងប្រភេទផលិតកម្មឧស្សាហកម្ម និងវិស័យសេវាកម្មសម្រាប់ប្រទេសកម្ពុជា»។
លោក Niwat Kongsomjit សហស្ថាបនិកក្រុមហ៊ុន TKK បានឱ្យដឹងថា ជាមួយនឹងជំនាញក្នុងការក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនៃប្រព័ន្ធត្រួតពិនិត្យផលិតកម្មដោយស្វ័យភាពនៅក្នុងរោងចក្រ និងវិស័យសេវាកម្ម ព្រមទាំងបទពិសោធក្នុងឧស្សាហកម្មជាច្រើនឆ្នាំ រួមផ្សំនឹងភាពរឹងមាំរបស់ AZ ជាដៃគូអាជីវកម្មរបស់លោកនៅកម្ពុជា។
លោកបានបន្ថែមថា៖«ដោយការត្រៀមខ្លួនរបស់យើង និងដៃគូរបស់យើងជាមួយនឹងគោលដៅរួមក្នុងការលើកកម្ពស់ឧស្សាហកម្មរបស់កម្ពុជាទៅដល់កម្រិតបន្ទាប់ ដោយនាំយកបច្ចេកវិទ្យាមកពង្រឹងការងារ ស្វែងយល់ពីបញ្ហា និងបំពេញ តម្រូវការពិតប្រាកដ»។
ក្រុម AZ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ បានចាប់ផ្តើមដំបូងជាអាជីវកម្មដែលគ្រប់គ្រងដោយលក្ខណៈគ្រួសារផ្តោតលើសកម្មភាពអាជីវកម្មដែលទាក់ទងនឹងការជួញដូរ។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះបានប្រែក្លាយទៅជាអាជីវកម្មពហុវិស័យនៅកម្ពុជា៕