ភ្នំពេញៈ ក្រុមហ៊ុនអាជីវកម្មចំនួន ៣ ៧៨៩ បានចុះបញ្ជីដោយជោគជ័យតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal»ក្នុងរយៈពេលជាង ៤ ខែកន្លងមក ដែលធ្វើឱ្យចំនួនក្រុមហ៊ុនទទួលជោគជ័យក្នុងការចុះបញ្ជីតាម Single Portal កើនដល់ ១៨ ៤៦៥ ។ នេះបើតាមសេវាកម្ម Online Business Registration Service។
ដើម្បីសម្រួលដល់ការចុះបញ្ជីអាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ បានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលហៅថា «Single Portal» ដោយដាក់បញ្ចូលក្រសួង-ស្ថាប័នរដ្ឋ ៦ គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្មក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ទាប់ពីដំណើរការបាន ៣ ខែ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ រដ្ឋាភិបាលក៏បានបញ្ចូលក្រសួង-ស្ថាប័ន មួយចំនួនបន្ថែមទៀត រួមមាន ក្រសួង-ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និងនិយតករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
បើយោងតាម Online Business Registration Service គិតត្រឹមល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ១៨ ៤៦៥ ខណៈគិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃខួប ២ ឆ្នាំនៃការឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ Single Portal គឺមានក្រុមហ៊ុនចុះបញ្ជីដោយជោគជ័យ ១៤ ៦៧៦ ។
បើតាម Online Business Registration Service ក្រៅពីក្រុមហ៊ុនដែលទទួលជោគជ័យក្នុងការចុះបញ្ជីខាងលើក៏មានក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ (Under Re-view) ចំនួន ១ ៦៩៨, ក្រុមហ៊ុនដែលបានស្នើនាមករណ៍បម្រុងទុកដោយជោគជ័យ ចំនួន ១២ ០៧៣ និងកំពុងត្រួតពិនិត្យមានចំនួន ៣៥៥ ។ ចំនួនថ្ងៃជាមធ្យមដើម្បីចុះបញ្ជីក្រុមហ៊ុន គឺរយៈពេល ៨ ថ្ងៃ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៨ ខែតុលាថា ការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដោយមានការតភ្ជាប់ទិន្នន័យទៅនឹងស្ថាប័នពាក់ព័ន្ធជាច្រើនក្នុងពេលតែ ១ គឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនទាំងសម្រាប់រដ្ឋាភិបាល (ការគ្រប់គ្រងប្រមូលពន្ធ) និងម្ចាស់អាជីវកម្មនៅពេលជួបបញ្ហាប្រឈមនានា។
លោកពន្យល់ថា តាមរយៈការចុះបញ្ជីនេះនឹងជួយឱ្យរដ្ឋាភិបាលមានភាពងាយស្រួលក្នុងការរៀបចំគោលនយោបាយជួយដល់ SME (សហគ្រាសធុនតូច និងមធ្យម) ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញ ការលើកទឹកចិត្ត ឬការលើកលែងពន្ធជាដើម។ ចំណែកម្ចាស់អាជីវកម្ម ក្រៅពីទទួលបានភាពស្របច្បាប់ អាជីវកម្មរបស់ពួកគេក៏អាចមានបញ្ជីចំណូលចំណាយច្បាស់លាស់ ដែលបង្កភាពងាយស្រួលដល់ពួកគេនៅពេលត្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីយកទៅទ្រទ្រង់ ឬពង្រីកអាជីវកម្ម។
លោកបញ្ជាក់ថា៖ «សម្រាប់កំណើនចំនួនក្រុមហ៊ុនចុះបញ្ជីរហូតដល់ជិត ៤ ពាន់ក្នុងរយៈពេលប្រមាណ ៤ ខែមកនេះ គឺដោយសារកន្លងមករដ្ឋាភិបាលបានដាក់ឱសានវាទចំពោះអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម»។
លោកលើកឡើងទៀតថា ប្រសិនបើនីតិវិធីនេះត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលថែមទៀតនោះ គឺកាន់តែល្អ និងអាចជំរុញទឹកចិត្តឱ្យអ្នកកំពុងប្រកបអាជីវកម្មទៅចុះបញ្ជីកាន់តែច្រើន ហើយទន្ទឹមហ្នឹងនោះ អាជ្ញាធរគួរតែធ្វើការផ្សព្វផ្សាយ និងពន្យល់ឱ្យម្ចាស់អាជីវកម្មយល់កាន់តែច្បាស់ពីប្រព័ន្ធនៃការបង់ពន្ធដារផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ការចុះបញ្ជីក្រុមហ៊ុនអាជីវកម្មដែលមានភាពងាយស្រួល គឺមិនត្រឹមតែជួយដល់អ្នកកំពុងប្រកបអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកចុះបញ្ជីប្រកបអាជីវកម្មនៅកម្ពុជាកាន់តែច្រើន។ ក្រៅពីអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋវាក៏ជួយឱ្យក្រុមហ៊ុនទទួលបានទំនុកចិត្ត និងទីផ្សារកាន់តែធំទៀតផង។
លោកអះអាងថា៖ «នៅពេលក្រុមហ៊ុនអាជីវកម្មមិនមកចុះបញ្ជី ក៏អាចធ្វើឱ្យពួកគេបាត់ឱកាសក្នុងការទទួលបានការលើកទឹកចិត្តមួយចំនួន ខណៈនីតិវិធីចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យានេះក៏ជួយសន្សំការចំណាយ ពេលវេលា និងការិយាធិបតេយ្យបានច្រើនដែរ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីខែមិថុនា ឆ្នាំ ២០២២ បានលើកឡើងថា ប្រព័ន្ធចុះបញ្ជី «Single Portal» គឺជាផ្នែកមួយនៃការដ្ឋានកែទម្រង់ប្រកបដោយស្មារតីបុរេសកម្មរបស់រដ្ឋាភិបាល ដោយការបង្កើតប្រព័ន្ធនេះបានឈរលើគោលការណ៍ចំនួន ៣ រួមមាន ការកាត់បន្ថយនីតិវិធីស្មុគស្មាញ, ការកាត់បន្ថយចំណាយ, និងការកាត់បន្ថយពេលវេលាត្រួតពិនិត្យ។
លោកបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ជាមួយនឹងការចូលរួមសហការស្អិតល្មួតពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននឹងក្លាយជាចំណុចចាប់ផ្តើមមួយដ៏មានសក្តានុពលលើការផ្តល់សេវាសាធារណៈឌីជីថល និងកាលានុវត្តភាពចំពោះសេដ្ឋកិច្ចជាតិ តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលជាស្នូល»៕