ភ្នំពេញៈ ស្ថាប័នចំនួន ២ ដែលតំណាងឱ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានឯកភាពគ្នាក្នុងការបន្ធូរបន្ថយការរឹតបន្តឹងការទារប្រាក់កម្ចី និងកាត់បន្ថយអត្រាការប្រាក់ ក៏ដូចជាការរៀបចំឥណទានឡើងវិញជូនអតិថិជន ដែលរងគ្រោះពីការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានខែមកនេះ។
ការសម្រេចរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ត្រូវបានធ្វើឡើងក្នុងថ្ងៃទី ១៩ ខែតុលា ដើម្បីផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនទទួលផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរ ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំង ២ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជា លេខ ធ- ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា៖ «ក្នុងស្មារតីនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិករបស់សមាគមទាំង ២ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខ័ណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាសមាជិកនៃសមាគមទាំង ២ នឹងពិនិត្យលទ្ធភាពផងដែរក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជនប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ CMA បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែតុលាថា រាល់សមាជិករបស់សមាគមបានយល់ព្រមគ្នាក្នុងការផ្តល់ការអនុគ្រោះនេះដល់អតិថិជនដែលរងគ្រោះ ដោយសារទឹកជំនន់តាមបណ្តាខេត្តរងផលប៉ះពាល់ខ្លាំង។
លោកបញ្ជាក់ថា៖ «សមាជិករបស់យើងទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រទៅដល់អតិថិជនរបស់យើងនៅតាមខេត្តដែលប៉ះពាល់ដូចជាខេត្តកំពង់ធំ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ»។
លោកបានបន្តថា៖ «ខ្ញុំគិតថាផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះនឹងមិនបង្កផលអាក្រក់ដល់ការព្យាករកំណើននៃវិស័យនេះឡើយ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី បាននិយាយថា ជាធម្មតារាល់បញ្ហារបស់អតិថិជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះគឺគ្រឹះស្ថានហិរញ្ញវត្ថុតែងគិតគូរក្នុងការជួយសម្រាលបន្ទុករបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមធនាគារនៅកម្ពុជា និងគ្រប់សមាជិកយើងទាំងអស់ដោយបានធ្វើការសិក្សាទៅលើក្របខ័ណ្ឌគតិយុត្ត និងប្រតិបត្តិការរបស់យើង ដើម្បីធានាប្រសិទ្ធភាពក្នុងការគាំទ្រអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ និងវិធីសាស្ត្រផ្សេងៗដើម្បីជួយសម្រួលបន្ទុករបស់អតិថិជន។ យើងក៏កំពុងប្រមែប្រមូលនូវអំណោយពីសមាជិករបស់យើង ដើម្បីផ្តល់ទៅកាន់សហគមន៍ដែលរងគ្រោះផងដែរ»។
លោកបានបន្ថែមថា ប្រទេសកម្ពុជាតែងតែទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ស្ទើរជារៀងរាល់ឆ្នាំ ហើយផលប៉ះពាល់គឺតែងតែខុសៗគ្នាពី ១ ឆ្នាំទៅ ១ ឆ្នាំ។ ការកើនឡើងនៃទិន្នផល និងការធ្លាក់ចុះទិន្នផលគឺសុទ្ធតែទាក់ទងនឹងវិស័យហិរញ្ញវត្ថុផងដែរ។ លោកបានលើកឡើងថា វិស័យកសិកម្មគឺមានចំណែកប្រមាណ ១៩ ភាគរយនៃឥណទានសរុបនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន ៤ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ គឺខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់រយៈពេល ៥ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា ដើម្បីជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ និងដោះស្រាយបញ្ហាជូនពួកគាត់។
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី ១៨ ខែតុលាថា៖ «បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេស្ត ថ្ងៃ ២០ តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន ៤ គឺខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល ៥ ថ្ងៃ ៤ យប់»។
បើយោងតាមរបាយការណ៍បឋមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី ១២ ខែតុលា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់មានចំនួនប្រមាណជាង ២ សែនហិកតា ហើយផ្ទៃដីដំណាំស្រូវដែលរងការខូចខាតមានចំនួនជាង ៨៥ ពាន់ហិកតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញមានចំនួនជាង ៤៨ ពាន់ហិកតា៕