ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើឱ្យក្រុមហ៊ុន ប៊ូយ៉ុង របស់សាធារណរដ្ឋកូរ៉េធ្វើការវិនិយោគបន្ថែមទៅលើវិស័យ FinTech នៅកម្ពុជាស្របពេលដែលវិស័យមួយនេះកំពុងមានការរីកចម្រើនចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអូសបន្លាយពេលជាង ២ ឆ្នាំមកនេះ។
ការស្នើឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានធ្វើក្នុងជំនួបជាមួយនឹងលោក Lee Joong Keun ប្រធានក្រុមហ៊ុន ប៊ូយ៉ុងគ្រុប នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី ១៩ ខែតុលា។
លោករដ្ឋមន្ត្រីទទួលស្គាល់ថា ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ (ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី) បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាពជាច្រើនទៀត។
លោកលើកឡើងថា៖ «ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតជំងឺកូវីដ ១៩ មានការរីកចម្រើន និងសារៈសំខាន់នៃវិស័យ Digital ក៏ដូចជា FinTech នៅប្រទេសកម្ពុជា និង [ខ្ញុំ] ស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែម និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យ FinTech នៅប្រទេសកម្ពុជាផងដែរ»។
លោករំពឹងថា ក្រុមហ៊ុននឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបន្តផ្តល់ការគាំទ្រ និងសហការផ្សេងៗទៀត ចំពោះក្រុមហ៊ុននៅកម្ពុជា។
លោក Lee Joong Keun បានទទួលស្គាល់អំពីតួនាទីស្នូលយ៉ាងសំខាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសផ្នែកពន្ធដារជាសសរស្តម្ភមួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។
លោកបានថ្លែងថា៖ «ប៊ូយ៉ុងគ្រុប នៃសាធារណរដ្ឋកូរ៉េនឹងពិនិត្យលទ្ធភាពក្នុងការបើកសាកលវិទ្យាល័យដែលផ្តោតទៅលើវិស័យពន្ធដារ និង FinTech នៅកម្ពុជា»។
លោក ម៉ក់ ចំរើន សហស្ថាបនិក Smile Shop ជាវេទិការវាងអាជីវកម្ម និងអតិថិជន និង ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក (B2C) ស្វាគមន៍ចំពោះការវិនិយោគក្នុងវិស័យអប់រំលើបច្ចេកវិទ្យា Fintech និងពន្ធដារ ព្រោះវានឹងរួមចំណែកក្នុងការកសាងធនធានមនុស្ស ខណៈដែលឧស្សាហកម្មមួយនេះកំពុងរីកចម្រើន។
លោកថ្លែងថា៖ «ខ្លួនខ្ញុំផ្ទាល់ពិតជាស្វាគមន៍ការបន្តការវិនិយោគបែបនេះពីវិនិយោគិនកូរ៉េខាងត្បូងដូចជាក្រុមហ៊ុន BOO-YOUNG Group នេះ។ វិស័យអប់រំ យើងពិតជាត្រូវការវិនិយោគិនបន្ថែមទៀត ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន»។
លោកលើកឡើងថា៖ «FinTech មិនត្រឹមតែជាវិស័យដែលអាចនាំសេដ្ឋកិច្ចឌីជីថលកម្ពុជាទៅកម្រិតបន្ទាប់ប៉ុណ្ណោះទេ ហើយខ្ញុំពិតជាកោតសរសើរចំពោះការផ្តោតការយកចិត្តទុកដាក់ពីវិនិយោគិន»៕