ភ្នំពេញៈ គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ មកដល់ចុងខែកញ្ញា ឆ្នាំ ២០២២ សម្រេចបាន ៤៤ ភាគរយហើយ ដោយគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ ២០២៣។ នេះបើតាមថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) លើផ្ទៃដី ៧០០,០៦ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំរយៈពេលខ្លី-មធ្យម ៧ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៥០០ លានដុល្លារ និងរយៈពេលវែងទទួលបាន ២០ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៣០០ លានដុល្លារបន្ថែមទៀត។ សម្រាប់សមត្ថភាពទទួលទំនិញប្រចាំឆ្នាំវិញគឺក្នុងរយៈពេលខ្លី-មធ្យម ១០ ០០០ តោនក្នុង ១ ឆ្នាំ និងរយៈពេលវែង ៦០ ០០០ តោន។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៩ ខែតុលាថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២២ ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ សម្រេចបាន ៤៤ ភាគរយហើយ ហើយរំពឹងកើនឡើងដល់ ៧០ ភាគរយនៅត្រឹមដំណាច់ឆ្នាំ ២០២២ នេះ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងលើកដំបូងនៅខែតុលា ឆ្នាំ ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីជាយថាហេតុកើតឡើង។
លោកប្រាប់ទៀតថា ការសាងសង់យឺតជាងផែនការបន្តិចបន្តួចនេះ គឺបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើររបស់ក្រុមវិស្វករមកពីប្រទេសចិន, ភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់សម្ភារបរិក្ខារសម្រាប់សាងសង់ និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ជាងពេលធម្មតា។
លោកថ្លែងថា៖ «យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ AIAI គឺការងារសាងសង់គម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែតុលា ឆ្នាំ ២០២៣»។
បើតាមលោក ចាន់សេរីវុត្ថា បន្ទាប់ពីដំណាក់កាលទី ១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងមានសមត្ថភាពទទួលយន្តហោះរហូតដល់កូដអឺ (Code E: A-340-300, A350-900 និង B777-200/300ER, B747-300/400) ចំនួន ៣៨ ចំណត ទទួលអ្នកដំណើរបាន ៧ លាននាក់ ក្នុងឆ្នាំ ២០២៣ និងទំនិញតាមផ្លូវអាកាស ១០ ០០០ តោនក្នុង ១ ឆ្នាំ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចនឹងក្លាយជា Hub Airport មួយនៅក្នុងតំបន់ ដោយសារអាកាសយានដ្ឋានថ្មីនេះមានទំហំធំជាងអាកាសយានដ្ឋានចាស់ច្រើនដង ដែលជាកិត្យានុភាពមួយក្នុងការទាក់ទាញស្ទើរគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍។ នៅពេលអាកាសយានដ្ឋានទៅដល់តំបន់ណា វានឹងនាំភាពទាក់ទាញបន្ថែមទៅដល់តំបន់នោះ ដោយការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាការបង្កើតទីក្រុងថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប។
លោកបញ្ជាក់ថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ គឺនៅឆ្ងាយពីតំបន់បេតិកភណ្ឌ ដែលជួយបានច្រើនទៅដល់បេតិកភណ្ឌរបស់យើង ខណៈព្រលានយន្តហោះចាស់អាចបង្កហានិភ័យរយៈពេលវែងដល់សំណង់បេតិកភណ្ឌនេះ។ ដើម្បីដល់ចំណុចនេះ គឺទាមទារឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវប្រឹងប្រែង និងអនុវត្តការងារនេះឱ្យបានហ្មត់ចត់»៕