ភ្នំពេញៈ អំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណ ១,៥ ម៉ឺនតោនត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជារួចរាល់ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈកត្តាអាកាសធាតុបានធ្វើឱ្យការផលិតអំបិលក្នុងឆ្នាំនេះសម្រេចបានក្នុងរង្វង់ក្រោម ៤ ម៉ឺនតោន ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំគឺនៅចន្លោះពី ៧-១០ ម៉ឺនតោន។ នេះបើយោងតាមអ្នកនៅក្នុងវិស័យផលិតកម្មអំបិលនៅកម្ពុជា។
ខេត្តកំពត និងខេត្តកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយក្នុងឆ្នាំ ២០២១ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ មានទំហំសរុប ៤ ៧៤៨ ហិកតា។ បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ទៃដីស្រែអំបិលក្នុងឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០២១ គឺមិនមានការប្រែប្រួលទេ។
ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីខែចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ខែមិថុនា។ បើអាកាសធាតុអំណោយផលផ្ទៃដី ១ ហិកតា គេអាចផលិតអំបិលបានជាមធ្យម ២០ តោនក្នុងរយៈពេល ១ ឆ្នាំ។
អ្នកផលិតអំបិលនៅខេត្តកំពត និងជាម្ចាស់ក្រុមហ៊ុននាំចូលអំបិលពីក្រៅប្រទេសមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លោក ប៊ុន បារាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែតុលាថា ដោយសារឆ្នាំ ២០២២ នេះប្រទេសកម្ពុជាមានភ្ញៀងធ្លាក់ច្រើនចាប់តាំងពីដើមឆ្នាំ ហេតុនេះការផលិតអំបិលបានធ្លាក់ចុះយ៉ាងគំហុក។ ដោយសារទិន្នផលផលិតបានមិនអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុក រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនលោកនាំចូលអំបិលពីក្រៅប្រទេសចំនួន ៦ ម៉ឺនតោនសម្រាប់មកបំពេញតម្រូវការក្នុងស្រុក។ លោកបន្តថា អំបិលដែលក្រុមហ៊ុនរបស់លោកនាំចូលយកមកបំពេញតម្រូវការក្នុងស្រុកក្នុងពេលនេះ គឺជាអំបិលធម្មជាតិមកពីប្រទេសឥណ្ឌា។
លោកបានថ្លែងថា៖ «ក្នុងបរិមាណអំបិលចំនួន ៦ ម៉ឺនតោនដែលរដ្ឋាភិបាលអនុញ្ញាតនាំចូលមកបំពេញតម្រូវការក្នុងស្រុកឆ្នាំ ២០២២ នេះ គឺក្រុមហ៊ុនបាននាំចូលមកដល់ឃ្លាំងស្តុកនៅកម្ពុជាប្រហែល ១៥ ០០០ តោនរួចហើយ។ ការនាំចូលកំពុងមានជាបន្តបន្ទាប់ ប៉ុន្តែនៅពេលការផលិតក្នុងស្រុកអាចធ្វើបានឡើងវិញ យើងនឹងបញ្ឈប់ការនាំចូលភ្លាម»។ លោកបានបញ្ជាក់ថា៖ «យើងធានាថានឹងនាំចូលអំបិលឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ ប៉ុន្តែយើងក៏ធានាថានឹងមិនធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុកដែរ គឺនៅពេលការផលិតអំបិលក្នុងស្រុកអាចដំណើរការឡើងវិញ យើងនឹងបញ្ឈប់ការនាំចូលភ្លាម»។
យោងតាមលោក ប៊ុន បារាំង អំបិលដែលក្រុមហ៊ុនរបស់លោកនាំចូល គឺជាអំបិលធម្មជាតិដែលមានគុណភាពកម្រិតស្តង់ដា ព្រោះមុននឹងដឹកចូលឃ្លាំង គឺបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពពីសំណាក់ក្រុមមន្ត្រីជំនាញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
តម្លៃអំបិលនាំចូលដែលកំពុងដាក់លក់លើទីផ្សារ គឺចន្លោះពី ២៧ ០០០-២៨ ០០០ រៀលក្នុង ១ បាវ ៥០គីឡូក្រាម ដោយប្រហាក់ប្រហែលនឹងតម្លៃអំបិលផលិតក្នុងស្រុកដែរ។ នេះបើតាមលោក ប៊ុន បារាំង។
ម្ចាស់សិប្បកម្មផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ ដែលមានទីតាំងនៅក្រុងកំពត ខេត្តកំពតលោក ប៊ុន ណារិន បាននិយាយថា ការផលិតអំបិលក្នុងឆ្នាំនេះបានធ្លាក់ចុះយ៉ាងច្រើនដែលមិនអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុកបានឡើយ។ នៅពេលនេះអំបិលក្នុងឃ្លាំងនៅតាមស្រែអំបិល គឺមិនមានទេ។ ទោះយ៉ាងណាតម្លៃអំបិលមិនបានប្រែប្រួលច្រើនទេបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយអំបិល ១ បាវ ទម្ងន់ ៥០ គីឡូក្រាម មានតម្លៃចន្លោះពី ២៥ ០០០-៣០ ០០០រៀល។
លោកនិយាយថា៖ «ខ្ញុំមិនសូវដឹងពីគុណភាពនៃអំបិលនាំចូលទេ ប៉ុន្តែការនាំចូលគឺជាការចាំបាច់ដើម្បីបំពេញតម្រូវការក្នុងស្រុក»។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត លោក សុខ គឹមជឿន បានប្រាប់ថា ទោះបីចំនួនផ្ទៃដីផលិតអំបិល និងកម្លាំងពលកម្មផលិតក្នុងឆ្នាំ ២០២២ នេះនៅចំនួនដូចឆ្នាំ ២០២១ ប៉ុន្តែកត្តាអាកាសធាតុ បានធ្វើឱ្យការផលិតអំបិលក្នុងខេត្តកំពតក្នុងឆ្នាំ ២០២២ នេះសម្រេចបានប្រមាណ ៣ ម៉ឺនតោនតែប៉ុណ្ណោះ ដែលចំនួននេះគឺមិនអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុកបានទេ។ ក្នុង ១ ឆ្នាំ បើសិនអាកាសធាតុអំណោយផលបាន ៣ ខែជាប់គ្នា គឺកម្ពុជាអាចផលិតអំបិលបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ប្រចាំឆ្នាំ។
លោកបានលើកឡើងថា៖ «កត្តាអាកាសធាតុមានភ្លៀងច្រើនចាប់តាំងពីដើមឆ្នាំ បានធ្វើឱ្យកម្ពុជាមានតម្រូវការចាំបាច់អំបិលនាំចូលមកបំពេញតម្រូវការ»។
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗបានជាង ១០ ម៉ឺនតោន។ ទោះយ៉ាងណា ទិន្នផលនេះបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៧ មក។ របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថា កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចូលអំបិលប្រហែល ១ ម៉ឺនតោន៕