
រថយន្ត Tesla នៅចំណតរថយន្តនៅរោងចក្រ Tesla នៅទីក្រុង Fremont រដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី ១៩ ខែតុលា។ AFP
ក្រុមហ៊ុនTesla បានរាយការណ៍កាលពីថ្ងៃពុធ ទី ១៩ ខែតុលាថា ប្រាក់ចំណេញនៅត្រីមាសទី៣របស់ខ្លួន បានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ ជាការកើនឡើង ដោយសារកំណើននៃការលក់រថយន្តកាន់តែខ្ពស់។
ក្រុមហ៊ុនផលិតរថយន្ត និងផ្ទាំងសូឡានៅ Austin រដ្ឋ Texas សហរដ្ឋអាមេរិកមួយនេះបានប្រកាសប្រាក់ចំណូលសុទ្ធចំនួន ៣,២៩ ប៊ីលានដុល្លារ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺមហាសេដ្ឋីអាមេរិកលោក Elon Musk បានថ្លែងនៅក្នុងសន្និសីទប្រចាំត្រីមាសរបស់ក្រុមហ៊ុនថា Tesla កំពុងពិចារណាចំពោះការទិញភាគហ៊ុនមកវិញសម្រាប់ឆ្នាំក្រោយ ក្នុងទំហំជាទឹកប្រាក់ពី ៥ ប៊ីលានដុល្លារ ទៅ ១០ ប៊ីលានដុល្លារ បើទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។
ក្រុមហ៊ុន Tesla រកចំណេញបាន ១,០៥ ដុល្លារ ក្នុង ១ ហ៊ុន ដែលលើពីការព្យាករទុករបស់ Wall Street ដែលបញ្ជាក់ថា ក្រុមហ៊ុននេះអាចរកបានចំណេញតែ ១ ដុល្លារ ក្នុង ១ ហ៊ុនប៉ុណ្ណោះ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើង ៥៦ ភាគដល់កំណត់ត្រា ២១,៤៥ ប៊ីលានដុល្លារ ប៉ុន្តែទាបជាងការប៉ាន់ស្មានដែលថាក្រុមហ៊ុននឹងរកប្រាក់ចំណូលមធ្យម ២១,៩៨ ប៊ីលានដុល្លារ។
កាលពីដើមខែតុលានេះ Tesla បានរាយការណ៍ពីការលក់រថយន្តកើនឡើង ៣៥ ភាគរយ សម្រាប់រយៈពេលពីខែកក្កដាដល់ខែកញ្ញា ប្រៀបធៀបទៅនឹងត្រីមាសទី២ នៃឆ្នាំ ២០២២ ខណៈដែលរោងចក្រដ៏ធំរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនមានបញ្ហាខ្សែចង្វាក់ ផ្គត់ផ្គង់ដោយសារការរឹតបន្តឹងជំងឺរាតត្បាតកូវីដ ១៩។ ក្រុមហ៊ុន បានលក់រថយន្តអគ្គិសនីចំនួន ៣៤៣ ៨៣០ គ្រឿង នៅក្នុងត្រីមាសទី៣ កន្លងទៅ ខណៈដែលការលក់ក្នុងត្រីមាសទី២ ពីខែមេសា ដល់ខែមិថុនា មានត្រឹមតែ ២៥៤ ៦៩៥ គ្រឿង។
មកដល់ពេលនេះក្រុមហ៊ុនបានចែកចាយរថយន្តបានចំនួន ៩០៨ ៥៧៣ គ្រឿង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្រុមហ៊ុនបានចែកចាយរថយន្តចំនួន ៩៣៦ ០០០ គ្រឿង។ ដើម្បីបង្កើនការលក់ ៥០ ភាគរយ លើសពីការលក់កាលពីឆ្នាំមុន គឺក្រុមហ៊ុនត្រូវលក់រថយន្តឱ្យ បានចំនួន ១,៤ លានគ្រឿង ដូច្នេះក្រុមហ៊ុននឹងត្រូវលក់រថយន្តច្រើនជាង ៤៩០ ០០០ គ្រឿងទៀត ក្នុងត្រីមាសទី៤។
ក្រុមហ៊ុន Tesla ក៏បានបញ្ជាក់ថា មុខងារបើកបរដោយខ្លួនឯងនឹងទៅដល់ដៃអ្នកប្រើប្រាស់គ្រប់គ្នាចំពោះតែអ្នកដែលបានបញ្ជាទិញនៅចុងឆ្នាំនេះ។ បច្ចុប្បន្នមុខងារនេះ កំពុងតែស្ថិតនៅក្នុងដំណាកកាលសាកល្បងលើរថយន្តចំនួន ១៦០ ០០០ គ្រឿង។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៦,៣ ភាគរយ ក្នុងម៉ោងជួញដូរនាថ្ងៃពុធ ទី ១៩ ខែតុលា ក្រោយពីក្រុមហ៊ុននេះប្រកាសពីទំហំនៃការលក់ក្នុងត្រីមាសទី៣ ដែលមិនដូចទៅនឹងការព្យាកររបស់ Wall Street។ ភាគហ៊ុនរបស់ក្រុមហ៊ុនTesla បានធ្លាក់ចុះ ៣៧ ភាគក្នុងរយៈពេល ១ ឆ្នាំនេះ ដែលមួយចំណែកធំគឺដោយសារលោក Musk ប្រកាសយកប្រាក់ ៤៤ ប៊ីលានទិញបណ្តាញសង្គម Twitter៕