ភ្នំពេញៈ រមណីយដ្ឋានប្រណីត Six Senses កោះក្របី គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មទេសចរណ៍ ដែលទទួលរង-ផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។
លោក Ateeb Shrestha អ្នកគ្រប់គ្រងទូទៅនៃ Six Senses បានឆ្លើយមកកាន់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែតុលាថា រមណីយដ្ឋាន Six Senses Krabey គ្រោងនឹងបើកដំណើរការវិញនៅខែធ្នូ ឆ្នាំ ២០២២ ដើម្បីទទួលភ្ញៀវទេសចរមកកម្ពុជា បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទូទាំងពិភពលោក។
លោកបញ្ជាក់ថា៖ «រមណីយដ្ឋាននេះនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ២ ខែធ្នូ ដោយផ្តោតជាថ្មីលើបទពិសោធសហគមន៍ ដើម្បីប្រាស្រ័យទាក់ទងជាមួយប្រជាជនមូលដ្ឋាន ធម្មជាតិ និងសត្វព្រៃ»។ លោកបន្ថែមថា៖ «រមណីយដ្ឋាននេះនឹងដំណើរការដោយអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ដើម្បីធានាសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ។ ជាមួយស្ថានភាពដែលតែងតែប្រែប្រួលនៅជុំវិញពិភពលោក រមណីយដ្ឋាន Six Senses មានបំណងបង្ហាញពីការធ្វើដំណើរ និងទេសចរណ៍តម្លៃខ្ពស់ចំពោះអ្នកធ្វើដំណើរទូទាំងពិភពលោក»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែតុលាថា ការបើកដំណើរការឡើងវិញនូវរមណីយដ្ឋានប្រណីតនេះ គឺឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ជាពិសេសសក្តានុពលរបស់ខេត្ត។
លោកបញ្ជាក់ថា៖ «រមណីយដ្ឋាននេះបានបិទទ្វារក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍។ ពេលនេះពួកគេបានសម្រេចបើកឡើងវិញ ដោយសារមើលឃើញពីសក្តានុពលនៃការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍។ រមណីយដ្ឋានដ៏ប្រណីតនេះនឹងផ្តោតលើភ្ញៀវទេសចរបរទេសជាជាងប្រជាជនក្នុងស្រុក ដោយសារបន្ទប់របស់ពួកគេមានតម្លៃថ្លៃខ្ពស់។ យើងស្វាគមន៍ក្នុងការជួយសម្រួលដល់វិនិយោគិនទាំងអស់មកកម្ពុជាក៏ដូចជាមកខេត្តនេះផងដែរ»។
រមណីយដ្ឋាន Six Senses Krabey ស្ថិតនៅលើកោះត្រូពិចឯកជនទំហំ ៣០ ហិកតា ចម្ងាយ ៣ គីឡូម៉ែត្រពីឧទ្យានជាតិរាម ខេត្តព្រះសីហនុ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង និងផ្លូវល្បឿនលឿនថ្មីនឹងផ្តល់ផលវិជ្ជមានច្រើន សម្រាប់កន្លែងកម្សាន្តទេសចរណ៍ដូចជា រមណីយដ្ឋាន Six Sense Krabey នេះ។
លោកថ្លែងថា៖ «ដូចយើងដឹងហើយថាខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសយើង ដូច្នេះការសម្រេចចិត្តរបស់ Six Sense ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេឡើងវិញ គឺជាចំណុចវិជ្ជមានមួយនៅក្នុងការឆ្លើយតបនឹងការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍។ យើងត្រូវការសណ្ឋាគារប្រណីតលំដាប់ផ្កាយ ៥ ប្រភេទនេះ ព្រោះយើងអាចទាក់ទាញភ្ញៀវទេសចរលោកខាងលិចបានកាន់តែច្រើន ខណៈយើងរំពឹងថានឹងមានជើងហោះហើរបន្ថែមទៀតពីទិសដៅផ្សេងទៀតក្នុងពេលឆាប់ៗ»។
បើយោងតាមលោក សុចិត្រគ្រឹះស្នា បច្ចុប្បន្នខេត្តនេះមានសណ្ឋាគារជាង ៨០ ដែលមានបន្ទប់សរុបជាង ៩ ០០០ ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយ ៤ និងផ្កាយ ៥ មានចំនួន ៨ ដែលមានបន្ទប់ប្រហែល ៥ ០០០៕