ភ្នំពេញៈ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-ជប៉ុននៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២សម្រេចបានជិត ១,៥ ពាន់លានដុល្លារ កើនជាង ១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាពជិត ៣០០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៤៩៩,៥ លានដុល្លារ កើនឡើងចំនួន ១៥,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ មាន ១ ៣០២,៦៧ លានដុល្លារ។ ចំពោះទឹកប្រាក់ដែលកម្ពុជានាំទៅជប៉ុន ក្នុងពេល ៩ ខែឆ្នាំ ២០២២ គឺចំនួន ៨៩៧,៦៩ លានដុល្លារ កើនឡើង ៨,៥ ភាគរយពីចំនួន ៨២៧,៤៩ លានដុល្លារ និងការនាំពីជប៉ុនមកកម្ពុជា មានចំនួន ៦០១,៨ លានដុល្លារ កើន ២៦,៦ ភាគរយ ពីចំនួន ៤៧៥,១៨ លានដុល្លារ។
តួលេខខាងលើបង្ហាញថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាពចំនួន ២៩៥,៨៩ លានដុល្លារ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែតុលា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាបានកើនឡើងជាលំដាប់ ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារជប៉ុនមានកាន់តែច្រើន។ កំណើននៃការវិនិយោគរបស់ជប៉ុន គឺជាព័ត៌មានសំខាន់សម្រាប់វិនិយោគិនបរទេសមួយចំនួន ដែលតែងចាំមើលការបោះជំហានរបស់វិនិយោគិនជប៉ុន ព្រោះពួកគេយល់ថាប្រទេសណាដែលវិនិយោគិនជប៉ុនទៅបណ្តាក់ទុនច្រើន គឺជាកន្លែងមានស្ថិរភាពនយោបាយ មានសុវត្ថិភាព មានច្បាប់វិនិយោគល្អ និងមានទីផ្សារនាំចេញរឹងមាំ។
លោកបន្ថែមថា ក្រៅពីការបណ្តាក់ទុន ប្រទេសជប៉ុនក៏បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនៅលើពិភពលោកផងដែរ។
លោកបញ្ជាក់ថា៖ «ជប៉ុន គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ព្រោះមានទំនិញជាច្រើនមុខដែលកម្ពុជាបាននាំចេញទៅលក់នៅទីនោះ។ ចំនួនមុខទំនិញរបស់កម្ពុជានៅលើទីផ្សារជប៉ុននឹងមានចំនួនកាន់តែច្រើននៅពេលខាងមុខ»។
អនុប្រធានសភាពាណិជ្ជកម្មខាងលើបានរំឭកថា ដោយសារប្រទេសជប៉ុនជាទីផ្សារធំសម្រាប់ទំនិញកម្ពុជា កាលពីពេលថ្មីៗនេះសភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅតំបន់សេនដាយ ប្រទេសជប៉ុនផងដែរ។ លោកបាននិយាយថា៖ «ការិយាល័យតំណាងនេះវានឹងជួយជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែល្អ ហើយក៏នឹងជួយទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនដែរ»។
លោក លឹម ហេង បានប្រាប់ថា នៅពេលនេះលោកក៏សង្ឃឹមថា ការហោះហើរត្រង់រវាងប្រទេសកម្ពុជា-ជប៉ុននឹងអាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ បន្ទាប់ពីផ្អាកចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។ នេះបើតាមលោក លឹម ហេង។
បើយោងតាមធនាគារជាតិនៃកម្ពុជា (NBC) ជប៉ុន គឺជាប្រទេសដែលមានអ្នកមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី៥ បន្ទាប់ពីប្រទេសចិន កូរ៉េ សិង្ហបុរី និងវៀតណាម។
ការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានភាគច្រើនក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយ ផ្សារទំនើប សេវាកម្ម និងវិស័យភោជនីយដ្ឋាន ជាដើម។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន មានទឹកប្រាក់សរុប ១ ៧៣៤,១៤លានដុល្លារ កើន ១,២ ភាគរយធៀបឆ្នាំ ២០២០ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹក-ប្រាក់ ១ ០៩៣,៦២ លានដុល្លារ កើន ៣ ភាគរយ និងនាំចូលមានទឹកប្រាក់ ៦៤០,៥១ លានដុល្លារ ធ្លាក់ចុះ ១,៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕