ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ៣៤៨ លានដុល្លារពីការបញ្ចេញលក់ជ័រ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ដែលចំណូលនេះបានធ្លាក់ចុះ ៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃតម្រូវការទីផ្សារពិភពលោក ពិសេសទីផ្សារចិន និងអឺរ៉ុបដែលកំពុងញាំញីដោយបញ្ហាជម្លោះប្រដាប់អាវុធ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ២០ ខែតុលាគឺការបញ្ចេញលក់ជរ័កៅស៊ូ ចាប់ពីដើមឆ្នាំរហូតមកដល់ចុងខែកញ្ញា ឆ្នាំ ២០២២ មានបរិមាណសរុប ២២៧- ៦០០ តោន កើនឡើង ៧២៧ តោន ស្មើនឹង ០,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណែកបរិមាណបញ្ចេញលក់ឈើកៅស៊ូ ចាប់ពីដើមឆ្នាំរហូតដល់ខែកញ្ញា សម្រេចបាន ២១ ៨៣២ ម៉ែត្រគុប។
របាយការណ៍ដដែលឱ្យដឹងទៀតថា តម្លៃជ័រកៅស៊ូ ជាមធ្យមគិតចាប់ពីដើមឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ ២០២២ គឺ ១ ៥១៧ ដុល្លារក្នុង ១ តោន ថយចុះ ១៤៨ ដុល្លារក្នុង ១ តោនស្មើនឹង ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណូលពីការនាំចេញជ័រកៅស៊ូរហូតដល់ខែកញ្ញាមានជាង ៣៤៥ លានដុល្លារ ចំណែកចំណូលពីការនាំឈើកៅស៊ូចេញមានជាង ៣ លានដុល្លារ។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ស្ថានភាពការនាំចេញមានកំណើនតិចតួចដោយសារកត្តាវិបត្តិសេដ្ឋកិច្ចសកល។
លោកបានថ្លែងថា៖ «ចំពោះកម្ពុជាការថមថយនេះដោយសារកម្ពុជាជាចំណែកមួយក្នុងការនាំចេញផលិតផលកៅស៊ូពិភពលោក។ ការធ្លាក់ថ្លៃដោយសារកត្តាវិបត្តិសេដ្ឋកិច្ចសកល តម្រូវការទាប, ការភ័យខ្លាចនៃអតិផរណា, ការដំឡើងអត្រាការប្រាក់របស់អាមេរិកក្នុងការរឹតបន្តឹងចរាចរណ៍ប្រាក់ដុល្លារ, ស្ថានភាពងើបឡើងវិញនិងការបន្តបិទខ្ទប់ផ្នែកខ្លះដោយសារកូវីដ ១៩ នៅប្រទេសចិន និង សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងផលប៉ះពាល់រវាងចិននិងអាមេរិកអំពីភូមិសាស្ត្រនយោបាយ»។
លោកបន្តថា ទីផ្សារសំខាន់ៗរបស់ផលិតផលកៅស៊ូកម្ពុជានាំចេញទៅ គឺមានប្រទេសចិន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប។
លោក ម៉ែន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនសុភ័ក្ត្រនីកា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ស្រដៀងគ្នានេះដែរអំពីការឡើងកម្តៅនៃសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន-តៃវ៉ាន់ គឺជាដើមចមនៃការធ្លាក់ថ្លៃតម្លៃកៅស៊ូសកលព្រោះប៉ះពាល់ដល់តម្រូវការ។
លោកបានបញ្ជាក់ថា៖ «កត្តាសេដ្ឋកិច្ចសកល និងភូមិសាស្ត្រនយោបាយដែលបានបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន និងតៃវ៉ាន់ ក៏ជាមូលហេតុចម្បងនៃការធ្លាក់ចុះតម្រូវការកៅស៊ូផងដែរ។ យើងដឹងហើយថា ទីផ្សារចិនតំណាងឱ្យ ៧០ ទៅ ៨០ ភាគរយនៃតម្រូវការសរុបរបស់ពិភពលោក និងបញ្ហានៅអឺរ៉ុបបានធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ»។
ទោះយ៉ាងណាលោករំពឹងថាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិននិងតៃវ៉ាន់ នឹងធូរស្រាល ដែលជាការបើកផ្លូវនៃការកើនឡើងតម្រូវការកៅស៊ូសកល។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំដើមកៅស៊ូសរុប ៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីកំពុងចៀរជ័រមានចំនួន ៣១០ ១៩៣ ហិកតា និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ ហិកតា។ តម្លៃជ័រកៅស៊ូជាមធ្យមចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២២ គឺ ១ ៥៥៣ ដុល្លារក្នុង ១ តោន ថយចុះ ១១៩ ដុល្លារ ឬស្មើនឹង ៧ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
កាលពីឆ្នាំ ២០២១ ប្រទេសកម្ពុជាប្រមូលផលជ័រកៅស៊ូ បានចំនួន ៣៦៨ ០០០ តោន ក្នុងនោះនាំចេញទៅទីផ្សារអន្តរជាតិ ចំនួន ៣៦៦ ០០០ តោន ដោយរកចំណូលបាន ៦១០ ២៥៥ ៨០០ ដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូ៕