ភ្នំពេញៈ ការនាំចេញរបស់កម្ពុជាទៅទីផ្សារថៃបានហក់ឡើងច្រើនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ នេះ ដោយសម្រេចបានទឹកប្រាក់ជាង ៦៥៥ លានដុល្លារ កើនឡើងជិត ៣៨ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលនៅក្នុងការជំរុញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចសំដៅលើកកម្ពស់ការនាំចេញផលិតផលក្នុងស្រុក។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់ជាង ៣,៦ ពាន់លានដុល្លាររយៈពេល ៩ ខែដើមឆ្នាំនេះ កើនជាង ២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារ។ ក្នុងនោះទឹកប្រាក់ដែលកម្ពុជានាំចេញមានចំនួនជាង ៦៥៥ លានដុល្លារ កើនឡើងពីជាង ៤៧៦ លានដុល្លារ ឬស្មើ ៣៧,៦ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារកើនពីជិត ២,៤ ពាន់លានដុល្លារ ស្មើនឹងកំណើន ២៥ ភាគរយ។
លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែតុលាថា ចាប់តាំងពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល សកម្មភាពដោះដូរទំនិញរវាងប្រទេសទាំង ២ មានសម្ទុះគួរឱ្យកត់សម្គាល់។
លោកថ្លែងថា៖ «ខ្ញុំបានពិនិត្យតាមដានតាំងពីប្រទេសយើងបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ គឺការដោះដូរទំនិញប្រទេសទាំង ២ មានសម្ទុះខ្លាំង។ យើងជំរុញការធ្វើការទូតសេដ្ឋកិច្ចក្នុងគោលបំណងជំរុញទំនិញយើងចូលទីផ្សារថៃឱ្យកាន់តែច្រើន»។
លោកបន្តថា កន្លងមកការបង្កើតមជ្ឈមណ្ឌលប្រឹក្សាធុរកិច្ចកម្ពុជា (CCB) ក៏ជួយបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ សំដៅធ្វើយ៉ាងណាឱ្យផលិតផលក្នុងស្រុកយើងចូលទីផ្សារថៃកាន់តែច្រើនដើម្បី កាត់បន្ថយការហូរចូលពីថៃ។
លោកបានថ្លែងថា៖ «យើងក៏គ្រោងរៀបចំ Business Matching ដែលនឹងរៀបចំឡើងរវាង CBC និង Thaisubcorn ដើម្បីឱ្យក្រុមហ៊ុនខ្មែរយើង និងក្រុមហ៊ុនថៃជួបគ្នា។ បន្ទាប់ពីកូវីដ ១៩ បានធូរស្បើយចាប់ពីដើមឆ្នាំ ២០២២ រហូតមកដល់ពេលនេះយើងសង្កេតឃើញសម្ទុះពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើនឡើងខ្លាំង។ យើងក៏កំពុងជំរុញឱ្យក្រុមហ៊ុនធំៗរបស់ថៃដូចជា 7 Eleven និង Big C ជួយដាក់លក់ផលិតផលយើង ដើម្បីលើកស្ទួយផលិតផលយើងនៅទីផ្សារអន្តរជាតិ»។
ក្នុងកិច្ចប្រជុំជាមួយវិនិយោគិនថៃកាលពីខែសីហា កន្លងមក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្ត និងស្វាគមន៍វិនិយោគិនថៃដែលមានសក្តានុពលក្នុងការចូលមកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ខណៈពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងពី ៣,៤៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដល់ ៣,៨៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ។
លោកនិយាយថា៖ «ខ្ញុំសូមលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពលមកកាន់កម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក»។
លោក សោភ័ណ្ឌ បានឱ្យដឹងទៀតថា កាលពីដើមខែតុលានេះ សមាគមក្នុងស្រុក Innovation & Development Investors Assocaition ដែលមានសមាជិកជាង ១០០ ក្រុមហ៊ុនបានធ្វើការជាមួយ CP All ដើម្បីនាំទំនិញជាពិសេសគឺប្រភេទទំនិញសម្គាល់ភូមិសាស្ត្រ (GI) ដូចជាម្រេច ស្ករត្នោតកំពង់ស្ពឺ ក្រូចត្លុង ជាដើម៕