ភ្នំពេញៈ កម្ពុជា-សិង្ហបុរី នឹងបង្កើតក្រុមការងារបច្ចេកទេសរួមក្នុងពេលឆាប់ៗ ដើម្បីសិក្សាពីនីតិវិធី និងការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួនមុនឈានទៅបើកច្រកនាំចេញថាមពលអគ្គិសនីស្អាត តាមប្រព័ន្ធខ្សែបណ្តាញកាបរត់ក្រោមសមុទ្រពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ខណៈតំណាងរដ្ឋាភិបាលប្រទេសទាំង ២ ទើបបានចុះអនុស្សរណៈយោគយល់គ្នាស្តីអំពី «កិច្ចសហប្រតិបត្តិការថាមពល»។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
អនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការថាមពល» រវាងក្រសួងរ៉ែ និងថាមពលកម្ពុជាជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋសិង្ហបុរី ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ រវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយនឹងលោក Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីទី២ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី។
នៅក្នុងអំឡុងពេលចុះ MoU លោក ស៊ុយ សែម បានលើកឡើងថា អនុស្សរណៈយោគយល់គ្នាដែលចុះហត្ថលេខានេះ គឺជាជំហានដ៏សំខាន់ ដើម្បីភាពរីកចម្រើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំង ២ បន្ថែមទៀត ជាពិសេសគឺចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់។
អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល លោក ហេង គុណលាង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែតុលាថា MoU នេះគឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលបង្ហាញថា វិស័យថាមពលកកើតឡើងវិញ ឬថាមពលស្អាតនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈ MoU នេះប្រទេសទាំង ២ នឹងរៀបចំបង្កើតក្រុមការងារបច្ចេកទេសរួមគ្នា ដើម្បីសិក្សាស្រាវជ្រាវអំពីសក្តានុពលបច្ចេកវិទ្យាថាមពលកាបូនទាប ខ្សែចង្វាក់ផលិតកម្មថាមពល ការផ្លាស់ប្តូរព័ត៌មានគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការកសាងសមត្ថភាពធនធានមនុស្ស និងការរៀបចំវាយតម្លៃថាមពលកកើតឡើងវិញ ក្នុងគោលដៅធើ្វយ៉ាងណាបង្កើតឱកាសអភិវឌ្ឍន៍ និងវិនិយោគគម្រោងថាមពលកកើតឡើងវិញ និងពាណិជ្ជកម្មថាមពលតភ្ជាប់បណ្តាញអគិ្គសនី ដែលមានអត្ថប្រយោជន៍ និងការបោះជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់ថាមពលអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខថាមពល និងចីរភាពនៅក្នុងតំបន់អាស៊ាន។
លោកបញ្ជាក់ថា៖ «ទោះបីជាការចាប់ផ្តើម ប៉ុន្តែគឺជាមោទនភាពមួយ សម្រាប់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលនាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងទៅជាប្រទេសដែលមានសមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលស្អាតទៅឱ្យប្រទេសក្នុងតំបន់វិញ»។
លោកប្រាប់ទៀតថា ជាមួយនឹងការកែលម្អ និងវិនិយោគថ្មីៗជាបន្តបន្ទាប់ បច្ចុប្បន្នកម្ពុជាអាចមានសមត្ថភាពទាញយកថាមពលកកើតឡើងវិញ ឬថាមពលស្អាតបានដល់ ៨០ ភាគរយនៅរដូវវស្សា (ឆ្នាំ ២០២២) ។ ថាមពលកកើតឡើងវិញ ឬថាមពលស្អាត សំដៅដល់ថាមពលអគ្គិសនី ដែលបានមកពីប្រភពវារីអគ្គិសនី ពន្លឺព្រះអាទិត្យ ខ្យល់ និងជីវម៉ាស់ ជាដើម។
លោកបញ្ជាក់ថា៖ «គម្រោងបញ្ជូនថាមពលអគ្គិសនីស្អាតនេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធខ្សែបណ្តាញកាបរត់ក្រោមសមុទ្រពីកម្ពុជាទៅប្រទេសសិង្ហបុរីនាពេលអនាគត។ សិង្ហបុរី ជាប្រទេសទី ១ ដែលកម្ពុជាបានចុះ MoU លើកិច្ចការនាំចេញថាមពលនេះ»។
កម្ពុជានឹងខិតខំអនុវត្តតាមគោលការណ៍នៃ MoU នេះឱ្យបានជោគជ័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យតភ្ជាប់បណ្តាញអគិ្គសនីក្នុងតំបន់អាស៊ាន ដោយធានាឱ្យបានសន្តិសុខថាមពល និងបង្កើនល្បឿនអន្តរកាលថាមពលក្នុងតំបន់នៅពេលបច្ចុប្បន្ន និងពេលអនាគតប្រកបដោយប្រសិទ្ធភាព ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវដែលទង្វើនេះកំពុងរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការថែរក្សាភពផែនដីឱ្យមានភាពស្រស់បំព្រង តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមលោក គុណលាង។
កាលពីថ្ងៃទី ២២ ខែកញ្ញា កន្លងមក រោងចក្រថាមពលជីវម៉ាស់ដ៏សំខាន់មួយរបស់រោងចក្រផលិតស្រាបៀរ Heineken Cambodia ដែលស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ៦ លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ៕