ភ្នំពេញៈ អ្នកក្នុងវិស័យទេសចរណ៍បានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការបន្តអនុវត្តវិធានការបន្ថែមរយៈពេល ៣ ខែទៀត សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា គឺមានសារៈសំខាន់ក្នុងការជួយធ្វើឱ្យវិស័យនេះបន្តនិរន្តរភាពរបស់ខ្លួន ទោះបីពេលនេះស្ថានភាពទីផ្សារភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗក៏ដោយ។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី «វិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា» ដោយក្នុងខ្លឹមសារបានលើកឡើងថា ទោះបីស្ថានភាពជំងឺកូវីដ ១៩ មានភាពល្អប្រសើរក៏ដោយ ក៏បញ្ហាប្រឈមមួយចំនួនដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងអតិផរណា គឺកំពុងបង្កនូវហានិភ័យថ្មី និងផ្តល់ផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។ សម្រាប់វិស័យទេសចរណ៍ ទោះបីភ្ញៀវទេសចរមានការកើនឡើង ប៉ុន្តែកំណើននេះនៅមានកម្រិត។
លិខិតបន្តថា ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រដ្ឋាភិបាលបានដាក់ចេញវិធានការសំខាន់ៗចំនួន ៣ រួមមាន ទី១ ការបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២២, ទី២ ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ និងទី៣ គឺការបន្តជំរុញអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញដល់បុគ្គលិក និងមានលទ្ធភាពសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែតុលាថា ទោះបីនៅពេលនេះវិស័យទេសចរណ៍ខេត្តសៀមរាបចាប់ផ្តើមមានភ្ញៀវឡើងវិញខ្លះហើយក៏ដោយ ការសម្រេចលើកលែងពន្ធប្រចាំខែចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ ដែលមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងភ្នំពេញ គឺពិតជាសំខាន់។ អ្វីដែលមានក្នុងពេលនេះ គឺអាចក្នុងចន្លោះពី ២០-៣០ ភាគរយប៉ុណ្ណោះបើធៀបនឹងពេលដែលមានភ្ញៀវច្រើនបំផុត (អំឡុងឆ្នាំ ២០១៩)។ លោកបន្តថា ការជួយរបស់រដ្ឋាភិបាលនឹងជួយឱ្យក្រុមហ៊ុន និងសេវាស្នាក់នៅ អាចបន្តនិរន្តរភាពរហូតដល់ពេលមានភ្ញៀវដូចមុនវិញ។
លោកថ្លែងថា៖ «ការមិនយកពន្ធពីរដ្ឋជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះបានជួយឱ្យក្រុមហ៊ុនក្នុងវិស័យទេសចរណ៍បន្តឈរជើងបានខ្លះៗ គឺមិនបិទទាំងស្រុងទេ»។
លោកប្រាប់ទៀតថា ភ្ញៀវមកកម្សាន្តក្នុងខេត្តសៀមរាប ពេលនេះគឺភាគច្រើនមកពីប្រទេសឥណ្ឌា អាមេរិក និងមកពីប្រទេសនិយាយភាសាអេស្ប៉ាញ (អេស្ប៉ាញ និងតំបន់អាមេរិកឡាទីន) ខណៈភ្ញៀវជនជាតិចិនមិនទាន់មានច្រើនទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នាបានប្រាប់ថា ការបន្តមិនយកពន្ធពីសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ក្នុងខេត្ត-ក្រុងទាំង ៣ ដែលមុនពេលមានវិបត្តិជំងឺកូវីដ ១៩ ធ្លាប់ទទួលបានទេសចរអន្តរជាតិច្រើននោះ គឺបានជួយកាត់បន្ថយការចំណាយបានមួយចំណែក ដែលធ្វើឱ្យពួកគេអាចយកប្រាក់ទាំងនោះទៅទ្រទ្រង់អាជីវកម្ម និងការពង្រឹងសមត្ថភាពដល់បុគ្គលិក ជាដើម៕